សុខភាពពោះវៀនគឺសំខាន់ណាស់ព្រោះជាងពាក់កណ្ដាលនៃប្រព័ន្ធភាពស៊ាំមាននៅក្នុងក្រពះពោះវៀន។ អ្នកជំនាញជឿថាសុខភាពក្រពះពោះវៀនមានទំនាក់ទំនងនឹងជំងឺជាច្រើន ដូចនេះហើយការរក្សាសុខភាពពោះវៀនគឺជាវិធីមួយដើម្បីបង្ការជំងឺធ្ងន់ធ្ងរ។ ដើម្បីឲ្យសុខភាពពោះវៀនល្អជាងមុន យើងអាចអនុវត្តតាមវិធីខាងក្រោម។
១. ហាត់ប្រាណ
ការហាត់ប្រាណអាចជួយឲ្យពោះវៀនធំធ្វើចលនាដែលជួយដល់ការបន្ទោរបង់បានទៀងទាត់។ ការហាត់ប្រាណក៏ជួយគ្រប់គ្រងរោគសញ្ញារលាកពោះវៀនដែរ។
២. របបអាហារ
សម្រាប់របបអាហារគួរញ៉ាំអាហារស្រស់ និងមិនមានកែច្នៃ។ អាហារកែច្នៃងាយនឹងបំបែកទៅជាស្ករដែលមានផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពក្រពះពោះវៀន។ ក្រៅពីអាហារកែច្នៃ យើងក៏គួរបន្ថយការញ៉ាំអាហារជាតិស្ករ និងជាតិខ្លាញ់ច្រើនដែរ។
៣. ញ៉ាំអាហារបរិមាណតិចតែច្រើនដង
ដើម្បីកុំឲ្យក្រពះពោះវៀនធ្វើការខ្លាំងពេក យកល្អគ្នាយើងគួរញ៉ាំអាហារក្នុងបរិមាណតិច តែញ៉ាំច្រើនដងវិញ ហើយដើម្បីជួយសម្រួលដល់ការរំលាយអាហារ យើងគួរទំពារអាហារឲ្យបានម៉ត់ល្អ។
៤. គ្រប់គ្រងភាពតានតឹង
ភាពតានតឹងច្រើនពេកអាចប៉ះពាល់ដល់សុខភាពពោះវៀន។ ការហាត់យ៉ូហ្គា ឬធ្វើសមាធិអាចកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។
៥. ញ៉ាំអាហារមានជាតិសរសៃ
គ្នាយើងគួរញ៉ាំអាហារមានជាតិសរសៃ២៥ក្រាមក្នុងមួយថ្ងៃ។ អាហារមានជាតិសរសៃខ្ពស់មានដូចជាពពួកសណ្ដែក ផ្លែចេក និងពពួកបឺរីជាដើម។
៦. ញ៉ាំពពួក probiotics
Probiotics បង្កើនបរិមាណបាក់តេរីល្អក្នុងពោះវៀន។ Probiotics មាននៅក្នុងយ៉ាអួ kefir បន្លែជ្រក់ និងគីមឈីជាដើម។
៧. ផឹកទឹកឲ្យច្រើន
ការផឹកទឹកច្រើនមានប្រយោជន៍ដល់សុខភាពពោះវៀនដោយរក្សាលំនឹងបាក់តេរីល្អក្នុងពោះវៀន។ យកល្អគួរផឹកទឹកឲ្យបានពីរលីត្រក្នុងមួយថ្ងៃ។
៨. កាត់បន្ថយគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន
គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីនសុទ្ធតែជាសារធាតុរំញោចប្រព័ន្ធរំលាយអាហារ និងអាចរំខានដល់ដំណើរការរំលាយអាហារបាន។
៩. ពិនិត្យមើលការអាលែកហ្ស៊ីអាហារ
ប្រសិនជាយើងមានអាការៈចុកពោះ ហើមពោះ រាករូស ឡើងកន្ទួលក្រហម ចង្អោរ អស់កម្លាំង និងចាល់អាស៊ីដ យើងអាចនឹងអាលែកហ្សីនឹងអាហារណាមួយ។ ដូចនេះបើយើងអាចដឹងថាអាហារណាដែលយើងអាលែកហ្សី និងដកអាហារប្រភេទនោះចេញពីរបបអាហារ យើងនឹងឃើញការផ្លាស់ប្តូរវិជ្ជមាននៃសុខភាពក្រពះពោះវៀនរបស់យើង។
១០. ពិគ្រោះជាមួយគ្រូពេទ្យ
ប្រសិនជាយើងមានឧស្សាហ៍រាករូស ឬទល់លាមក យើងគួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ព្រោះថាអាការៈទាំងនោះអាចបង្ហាញថាយើងអាចនឹងមានរោគសញ្ញារលាកពោះវៀន។
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាអាហារសំបូរជាតិសរសៃរលាយ ជួយដល់សុខភាពពោះវៀន
- ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន
- ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត
- មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]