មនុស្សមួយចំនួនជឿថា ការមិនញ៉ាំអាហារពេលល្ងាចអាចធ្វើឲ្យពួកគេស្រកទម្ងន់បាន តើជំនឿនេះ គឺជាការពិតដែរឬទេ?
ពិតណាស់ នៅពេលដែលយើងមិនញ៉ាំអាហារ ជាតិស្ករក្នុងឈាមនឹងថយចុះ ដែលបណ្ដាលឲ្យមានការរាំងស្ទះដល់សមត្ថភាពក្នុងការគិតពិចារណា ពីព្រោះខួរក្បាលប្រើប្រាស់គ្លុយកូស ដើម្បីដំណើរការ ហើយប្រសិនបើគ្លុយកូសមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទេនោះ រាងកាយរបស់យើងក៏មិនអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពដែរ។
ជាក់ស្ដែង ជាតិស្ករក្នុងឈាមទាបធ្វើឲ្យមនុស្សយើងមានអារម្មណ៍នៅមិនសុខ ច្របូកច្របល់ និងអស់កម្លាំង។ រាងកាយក៏ចាប់ផ្ដើមបង្កើនការផលិតអ័រម៉ូនCortisol ដែលធ្វើឲ្យយើងតានតឹង និងឃ្លាន។
លើសពីនេះ ការមិនញ៉ាំអាហារក៏អាចបណ្ដាលឲ្យការធ្វើមេតាប៉ូលីសមានការយឺតយ៉ាវ ដែលអាចបណ្ដាលឲ្យឡើងទម្ងន់ ឬពិបាកក្នុងការស្រកទម្ងន់។
មិនញ៉ាំអាហារ ធ្វើឲ្យរាងកាយឃ្លានអាហារកាន់តែខ្លាំង
ជាទូទៅ នៅពេលដែលគ្នាយើងមិនញ៉ាំអាហារ ឬបង្អត់អាហារខ្លួនឯងរយៈពេលយូរ រាងកាយរបស់យើងនឹងឃ្លានកាន់តែខ្លាំងឡើង ហើយអាចជ្រើសរើសអាហារផ្សេងៗដែលមិនល្អចំពោះសុខភាពមកញ៉ាំជំនួសវិញថែមទៀតផង។
ទម្លាប់មិនញ៉ាំអាហារពេលល្ងាច ជះឥទ្ធិពលដល់ការឡើងទម្ងន់
យោងតាមការសិក្សានៅសាកលវិទ្យាល័យអូសាកា ដែលសិក្សាពីការវាយតម្លៃទម្លាប់ញ៉ាំអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច បានធ្វើការសន្និដ្ឋានថា ការមិនញ៉ាំអាហារពេលល្ងាចអាចធ្វើឲ្យយើងលើសទម្ងន់ ឬធាត់ជ្រុល។ ជាធម្មតា អាហារពេលល្ងាច ជាអាហារដែលមានសារធាតុចិញ្ចឹម ដូចជាប្រូតេអ៊ីនដែលគ្មានខ្លាញ់ និងបន្លែ ដូច្នេះហើយ ការខកខានញ៉ាំអាហារពេលល្ងាចអាចធ្វើឲ្យគុណភាពអាហារថយចុះ។
តិចនិកកុំឲ្យរំលងការញ៉ាំអាហារ
ទោះបីជាយើងរវល់យ៉ាងណាក៏ដោយ ការញ៉ាំអាហារឲ្យបានទៀងទាត់ គឺជារឿងសំខាន់ណាស់។ ចូរអនុវត្តតាមវិធីសាស្ត្រទាំងនេះ ដើម្បីទទួលបានសុខភាពល្អ និងរាងកាយរឹងមាំ។
- ញ៉ាំតិចៗ ប៉ុន្តែញឹកញាប់
- ញ៉ាំអាហារសម្រន់ផ្សេងៗ ដូចជាទឹកដោះគោជូរ ឬគ្រាប់ធញ្ញជាតិ ដែលមានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។
- រៀបចំផែនការអាហារទុកជាមុន។
[embed-health-tool-bmr]