នៅពេលដែលយើងញ៉ាំស្ពៃក្ដោបច្រើន យើងអាចមានបញ្ហាចុកពោះ និងមានជាតិហ្គាសក្នុងពោះ ដោយសារតែក្រពះរបស់យើងមិនអាចធ្វើការរំលាយជាតិស្ករពីអាហារទាំងនោះបានល្អ។ យ៉ាងណាមិញ តាមរយៈការហាត់យូហ្គា ឬគេងផ្អៀងទៅខាងឆ្វេង យើងអាចធ្វើឲ្យចរន្តឈាម និងការរំលាយអាហារដំណើរការប្រសើរឡើង។
ពិតណាស់ កម្រិតស្រ្តេស ឬការថប់បារម្ភខ្ពស់ក៏អាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ។ យ៉ាងណាមិញ ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានភាពប្រសើរឡើង យើងគប្បីអនុវត្តវិធីសាស្ត្រសាមញ្ញទាំងនេះ។
១. គេងផ្អៀងទៅខាងឆ្វេង
ក្រពះ និងលំពែងស្ថិតនៅផ្នែកខាងឆ្វេងនៃរាងកាយ ហើយវាក៏ជាផ្នែកនៃប្រព័ន្ធរំលាយអាហារ។ ដូច្នេះហើយ ការគេងផ្អៀងទៅខាងឆ្វេងអាចធ្វើឲ្យអាហារពីក្រពះរបស់យើងឆ្លងកាត់ទៅកាន់ពោះវៀនតូចកាន់តែងាយស្រួល។ បន្ថែមពីនេះ វាក៏ជួយបង្កើនការបញ្ចេញអង់ស៊ីមលំពែង ដែលមានតួនាទីបំបែកចំណីអាហារ។ មួយវិញទៀត វាក៏អាចកាត់បន្ថយការឈឺចាប់ពីការក្រហាយទ្រូងថែមទៀតផង។
២. ញ៉ាំអាហារជាតិសរសៃ និងអាហារឡើងមេ
ជាតិសរសៃជួយឲ្យយើងបន្ទោបង់ទៀងទាត់ និងប្រក្រតី។ អាហារដែលមានជាតិសរសៃខ្ពស់ភាគច្រើនមានជាតិស្ករ ខ្លាញ់ និងកាឡូរីទាប ដែលរួមមានសណ្ដែក ផ្លែប័រ គ្រាប់ធញ្ញជាតិទាំងមូល ផ្លែប៉ោម និងផ្លែឈើក្រៀម។ល។ ជាមួយគ្នានេះដែរ យើងគប្បីបញ្ចូលអាហារឡើងមេ ដូចជាទឹកដោះគោជូរProbiotic និងគីមឈីជាដើម។
៣. ជៀសវាងអាហារពិបាករំលាយ
អាហារដែលមានជាតិខ្លាញ់ដូចជាឈីសបឺហ្គឺ ឬភីហ្សា អាចធ្វើឲ្យយើងហើមពោះរយៈពេលជាច្រើនម៉ោង ពីព្រោះវាត្រូវការពេលវេលាដើម្បីឲ្យរាងកាយធ្វើការរំលាយអាហារទាំងនោះយូរ។ ជាទូទៅ អាហារប្រភេទនេះអាចបង្កើនហ្គាសក្នុងក្រពះ ចុកពោះ ឬពិបាកក្នុងការរំលាយអាហារ។
៤. អង្គុយញ៉ាំអាហារឲ្យបានត្រឹមត្រូវ
នៅពេលដែលយើងដើរបណ្ដើរញ៉ាំអាហារបណ្ដើរ យើងអាចញ៉ាំអាហារកាន់តែច្រើន ពីព្រោះក្រពះរបស់យើងរំលាយអាហារយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញ នៅពេលដែលយើងអង្គុយចុះ ចរន្តឈាមរបស់យើងនឹងដំណើរការកាន់តែល្អប្រសើរ។ សូម្បីតែការអង្គុយពែនភ្នែនញ៉ាំអាហារក៏ផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន ពីព្រោះវាអាចជួយសម្រួលសម្ពាធឈាមនៅជុំវិញបេះដូង និងធ្វើឲ្យដំណើរការរំលាយអាហារកាន់តែល្អប្រសើរ។
៥. ទឹកជួយដោះស្រាយបញ្ហាទល់លាមក
ទន្ទឹមនឹងនេះដែរ ទឹកជួយបំបែកអាហារដែលយើងញ៉ាំ ដូច្នេះហើយរាងកាយរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹមកាន់តែល្អជាងមុន។ ពិតណាស់ ទឹកអាចជួយដល់ការរំលាយអាហារ ហើយវាក៏មានអត្ថប្រយោជន៍យ៉ាងខ្លាំង ប្រសិនបើយើងកំពុងតែជួបប្រទះបញ្ហាទល់លាមក។
៦.ញ៉ាំអាហារនៅម៉ោងដដែលៗជារៀងរាល់ថ្ងៃ
ការកំណត់ម៉ោងញ៉ាំអាហារឲ្យបានច្បាស់លាស់ អាចធ្វើឲ្យរាងកាយរបស់យើងដឹងពីពេលវេលាដែលត្រូវរំលាយអាហារ។ ការញ៉ាំអាហារមិនទៀងទាត់អាចបង្កើនហានិភ័យសុខភាពជាច្រើន ហើយវាក៏អាចធ្វើឲ្យយើងឡើងទម្ងន់ដូចគ្នា។
៧. ធ្វើសមាធិ និងគ្រប់គ្រងស្រ្តេស
ប្រសិនបើយើងស្រ្តេស រាងកាយយើងមានសម្ពាធ ហើយវាធ្វើឲ្យការរំលាយអាហារមានភាពយឺតយ៉ាវ។ ជាលទ្ធផល វានឹងបណ្ដាលឲ្យយើងហើមពោះ ចុកពោះ ពិបាកក្នុងការរំលាយអាហារ ឬទល់លាមក។ នៅពេលដែលយើងស្រ្តេសច្រើន យើងអាចនឹងកើនឡើង ឬថយចុះចំណង់អាហារ ដែលវាផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់យើងដូចគ្នា។
ដូច្នេះហើយ ចូរព្យាយាមធ្វើសមាធិ ក៏ដូចជាកាត់បន្ថយស្រ្តេសតាមវិធីសាស្ត្រផ្សេងៗ ដូចជាធ្វើលំហាត់ប្រាណ ស្ដាប់តន្ត្រី អានសៀវភៅជាដើម ដើម្បីឲ្យប្រព័ន្ធរំលាយអាហាររបស់យើងមានដំណើរការល្អ។
[embed-health-tool-bmr]