បញ្ហាក្រពះ ពោះវៀន ជាបញ្ហាមួយមនុស្សភាគច្រើនសុទ្ធតែធ្លាប់ជួបប្រទះ មិនថាជាកូនក្មេង ឬមនុស្សចាស់នោះទេ ព្រោះក្រពះពោះវៀនយើងងាយនឹងជួបបញ្ហាមែនទែន បើមិនបានប្រយ័ត្នដូចជាទល់លាមក ឬរាកជាដើម។ ស្របគ្នានេះ មានគ្នាយើងមួយចំនួនជួបនឹងជំងឺខ្សោយពោះវៀនជាដើម។
អ្វីទៅជាជំងឺខ្សោយពោះវៀន?
តាមមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ជំងឺខ្សោយពោះវៀន ជាបណ្តុំរោគសញ្ញាបញ្ជាក់ថា អ្នកជំងឺមានបញ្ហាក្នុងពោះវៀន។ ជំងឺនេះត្រូវបានឲ្យឈ្មោះផ្សេងៗគ្នាទៅតាមនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺខ្យល់ក្នុងពោះវៀន ឬហើមពោះវៀនជាដើម។ ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលជួបប្រទះញឹកញាប់ ពិសេសទៅលើអ្នកជំងឺដែលមានបញ្ហាថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។
រោគសញ្ញានៃជំងឺខ្សោយពោះវៀន
- ការឈឺពោះរាំរ៉ៃ
- ចុកឆ្អល់ក្នុងពោះ
- តឹងណែនក្នុងពោះ
- ញ៉ាំឆាប់ឆ្អែត
រោគសញ្ញាមួយចំនួនទៀតដែលអាចចែកជំងឺនេះជា ៤ ក្រុម ៖
ទី១. រាករ៉ាំរ៉ៃ
ទី២. ទល់លាមករ៉ាំរ៉ៃ
ទី៣. រាក និងទល់លាមកឆ្លាស់គ្នា
ទី៤. មិនមានរោគសញ្ញារាក ឬ ទល់ទេ
ជំងឺខ្សោយពោះវៀនអាចបង្ការបានឬអត់?
ជាទូទៅ ជំងឺខ្សោយពោះវៀនមិនបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាអាចរំខានខ្លាំងក្នុងជីវភាពរស់នៅ។ ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀនមិនទាន់រកឃើញនៅឡើយ ប៉ុន្តែ គេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។
[embed-health-tool-bmr]