backup og meta

ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

គ្នា​យើង​មួយចំនួន​ប្រហែលជា​ធ្លាប់​ផឹកស្រាស្រវឹង ហើយ​ពេលស្វាង​ក៏និយាយ​ថា​មិន​ដឹងជា​បានធ្វើអ្វី​ខ្លះ ឬ​បាននិយាយ​អ្វី​ខ្លះជា​ដើម ពិត​អត់? គ្រឿង​ស្រវឹង​មាន​សមត្ថភាព​ធ្វើ​ឲ្យ​តុល្យ​ភាព​ក្នុង​ខួរក្បាល​យើង​ប្រែ​ប្រួល ហើយ​ក៏អាច​ដែរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។ តើប៉ះពាល់​បែបណា​ខ្លះទៅ?​

១- តើអាល់កុលមានឥទ្ធិពលលើខួរក្បាលយ៉ាងដូចម្ដេច?

អាល់​កុល ត្រូវ​បាន​គេ​ចាត់​វា​ចូល​ជា​ភ្នាក់​ងារ​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​​ បាន​ន័យ​ថា​អាល់កុល​អាច​ធ្វើ​ឲ្យប្រែ​ប្រួល​​តុល្យភាព​ធាតុ​គីមី​ក្នុង​ខួរ​ក្បាល​ ទៅ​ប៉ះ​ពាល់​លើ​ប្រព័ន្ធ​ចម្លង​ចរន្ដ​ប្រសាទ ដែល​ជា​ភ្នាក់​ងារ​ដឹក​ជញ្ជូន​សញ្ញា​ពី​សរសៃ​ប្រសាទ​មួយ​ទៅ​មួយ​ទៀត​ក្នុង​ខួរ​ក្បាល។ បន្ទាប់​ពីយើង​​សេព​គ្រឿង​ស្រវឹង​រួច មុខ​ងារ​របស់​ខួរ​ក្បាល​ត្រូវ​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​យើង​​មិន​អាច​កំណត់​វត្ថុ​បាន​ច្បាស់ ភ្លេច​ភ្លាំង និង​មិន​អាច​ចង​ចាំ​អ្វី​ពី​មុន​បាន។ ពេលយើង​ផឹក​​ស្រា​ច្រើន ជាពិសេស​ផឹក​ក្នុង​រយៈ​ពេល​ខ្លី និង​មិន​ទាន់​បាន​ញ៉ាំ​អាហារ នោះ​ខួរ​ក្បាល​របស់​យើង​​អាច​នឹង​មិន​ចង​ចាំ​អ្វី​ទាំង​អស់ អាច​ធ្វើ​ឲ្យ​សន្លប់ ឬ​ភ្លេច​ភ្លាំង​ច្រើន​លើក​ច្រើន​សារ។ មនុស្ស​ស្រវឹង​អាច​ភ្លេច​រឿង​មួយ​ចំនួន ឬ​មិន​អាច​ចង​ចាំ​អ្វី​បាន​ទាំង​អស់​ពេល​កំពុង​ផឹក។ នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្រវឹង​ភ្ញាក់​ឡើង មិន​ចង​ចាំ​អ្វី​ដែល​ខ្លួន​​បាន​ធ្វើ​កាល​ពី​ពេល​កំពុង​ផឹក។

អាល់​កុល​ទៅ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​បញ្ជា​ខួរ​ក្បាល ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​អ្នក​ផឹក៖

– ដើរ​មិន​ត្រង់​ផ្លូវ ឬ​ពិបាក​កម្រើក

– ស្រវាំង​ភ្នែក

– និយាយ​មិនច្បាស់

– តប​ត​ជាមួយ​សកម្មភាព​ជុំ​វិញ​ខ្លួន​យឺត

– និង​មិនចង​ចាំ​អ្វី​ទាំង​អស់

ផល​វិបាក​ទាំង​អស់​ខាង​លើ​អាច​ឲ្យ​យើង​ឃើញ​ភ្លាម​ៗ​ពេលយើង​​កំពុង​ផឹក ហើយ​អាច​បាត់​ទៅ​វិញ​ពេល​ឈប់​ផឹក ប៉ុន្តែ​មាន​អ្នក​ខ្លះ​ខួរ​ក្បាល​របស់​ពួក​គាត់​ផ្លាស់​ប្ដូរ​ទាំង​ស្រុង ដោយ​សារ​ផឹក​មក​យូរ​រ៉ាំ​រ៉ៃ ដែល​អាច​ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​ទាំង​អស់​នោះ​ជា​ប្រចាំ ទោះ​បី​ជា​​ឈប់​ផឹក​ស្រា​ក៏​ដោយ។ អ្នក​ផឹក​​ស្រា​​ក្នុង​រយៈ​ពេល​យូរ គឺ​កំពុង​ធ្វើ​ឲ្យ​ខួរ​ក្បាល​​ងាយ​នឹង​វិវិត្ដ​ទៅជា​​មិន​ល្អ​ជា​រៀង​រហូត។ ការ​ប៉ះ​ពាល់​​លើ​សុខភាព​​អាច​ត្រឹម​ធ្វើ​ឲ្យ​ផឹក​ធ្លាក់​ខ្លួន​​ឈឺ​ ឬ​ធ្ងន់​ធ្ងរ​រហូត​ដល់​ខូច​ថ្លើម​ក៏​មាន។

អត្ថបទពាក់ព័ន្ធ៖

២- អាល់កុលជាមួយជំងឺថប់បារម្ម

មនុស្ស​មួយ​ចំនួន​ចង់​ផឹក​ស្រា​ដើម្បី​បំបាត់​ភាព​សោកសៅ​ និង​ស្ត្រេស។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​របស់​អ្នក​ទាំង​នោះ​ ស្រា​បែ​រជា​ធ្វើ​ឲ្យ​អ្នក​ផឹក​​កាន់​តែសោកសៅ​​ថែម​ទៀត ដោយ​សារ​ស្រា​មាន​ពាក់​ព័ន្ធ​ជាមួយ​ជំងឺ​បាក់​ទឹក​ចិត្ដ និង​ថប់​បារម្ម។ ស្រា​ធ្វើ​ឲ្យ​អ្នកផឹក​​គិត​ដល់​រឿង​​ភ័យ​ខ្លាច​ណា​មួយ​មាន​ក្នុង​ការ​ចង​ចាំ​ និង​ធ្វើ​ឲ្យ​អ្នកផឹក​​ចាប់​ផ្ដើម​ព្រួយ​បារម្ភកាន់​តែ​ខ្លាំង។

៣-​ អាល់កុលជាមួយជំងឺបាក់ទឹកចិត្ដ

ការ​ផឹក​ស្រា​ជា​ប្រចាំ​គឺ​អាច​ជា​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ដ។ ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​បញ្ឈប់​ការ​ផលិត​អ័រម៉ូនសេរ៉ូតូនីន ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ។ មនុស្ស​បាក់​ទឹក​ចិត្ដ ជា​ច្រើន​ជ្រើស​យក​ស្រា​ដើម្បី​បំបាត់​អារម្មណ៍​តាន​តឹង​របស់​ខ្លួន​ ប៉ុន្តែ​មិន​បាន​គិត​ដល់​ថា​ ស្រា​ធ្វើ​ឲ្យ​អ្នកផឹក​​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង​បាន​នោះ​ទេ។ ពេល​យើង​ផឹក​​ស្រា​កាន់​តែ​ច្រើន យើង​នឹង​បាក់​ទឹក​ចិត្ដ​កាន់​តែ​ខ្លាំង។​លើសពី​នេះ​ទៀត ការ​ផឹក​​ស្រា​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​យើង​​ជាមួយ​អ្នក​ដទៃ​ថយ​ចុះ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការងារ និង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​​មើល​ទៅ​កាន់​តែ​ដុន​ដាប ដោយ​សារ​ធុញថប់​តប់ប្រមល់​​ថែម​មួយកម្រិត​ទៀត។

៤- អាល់កុលជាមួយការធ្វើបាបខ្លួនឯង សម្លាប់ខ្លួន ក្លាយទៅជាវិកលចរិត

ដោយ​សារ​គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ផឹកធ្វើ​ការ​មិន​បាន​ល្អ ដូច​នេះ​អ្នក​ផឹក​ស្រា​អាច​នឹង​ធ្វើ​សកម្មភាព​មិន​សម​រម្យ ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​​មិន​អាច​ធ្វើ​បាន​ពេល​មិន​​ទាន់​ស្រវឹង។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​ធ្វើ​បាប​ខ្លួន​ឯង គឺ​​ធ្វើ​សកម្មភាព​ទាំង​នោះ ពេល​ខ្លួន​ពុង​ស្រវឹង។​ ពេល​មនុស្ស​ម្នាក់​ផឹក​ខ្លាំង​មែន​ទែន ​អាច​វិវិត្ដ​ទៅ​ជា​កើត​ជំងឺ​វិកលចរិត។ ជំងឺ​នេះ​នៅ​តែ​អាច​កើត​ឡើង​លើ​មនុស្ស​ផឹក​ស្រា​ច្រើនជា​ប្រចាំ ហើយ​ផ្ដាច់​ឈប់​ផឹក​ភ្លាមៗ ​ក៏​អាច​មាន​​បញ្ហា​វង្វេង​ស្មារតី និង​ញ័រ​អវៈយវៈ​លេច​ចេញ​ក្នុង​ពេល​​នោះ​​បាន​​ដូច​​គ្នា។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Alcohol andmental health. https://www.drinkaware.co.uk/alcohol-facts/health-effects-of-alcohol/mental-health/alcohol-and-mental-health/. Accessed June 6, 2017.

ALCOHOL’S DAMAGING EFFECTS ON THE BRAIN. https://pubs.niaaa.nih.gov/publications/aa63/aa63.htm. Accessed June 6, 2017.

កំណែ​ប្រែបច្ចុប្បន្ន

03/08/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង

មូលហេតុបែបនេះហើយ​ បានជាក្មេងៗមិនគួរផឹកគ្រឿងស្រវឹង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម