ពេលយើងរងសម្ពាធពីកន្លែងធ្វើការ គ្រួសារ ឬសម្ពាធអ្វីមួយខ្លាំងពេក អាចនឹងភ្លេច មិនអាចបង្ហាញក្ដីស្រលាញ់ចេញមកក្រៅបាន។ ទោះបីជាប្ដីប្រពន្ធរស់នៅជាមួយគ្នារាប់ឆ្នាំ បញ្ហាស្រ្តេសនៅតែអាចចូលមកបំផ្លាញទំនាក់ទំនងយើងបានដូចគ្នា។ “Hello គ្រូពេទ្យ’ នឹងលើកឡើងអារម្មណ៍មួយចំនួនដែលនឹងកើតឡើងលើខ្លួនយើងដោយសារបញ្ហាស្ត្រេស។
១- មានអារម្មណ៍មួម៉ៅច្រើន
បើយើងមានអារម្មណ៍ឆាប់អន់ចិត្ត ឬមិនសូវយល់អំពីអារម្មណ៍ដៃគូ ប្រហែលបណ្ដាលមកពីបញ្ហាស្រ្តេសនេះហើយ។ ពេលយើងស្រ្តេសកាន់តែយូរ នោះនឹងអាចមានទំនាស់ ឬឈ្លោះប្រកែកជាមួយដៃគូ ប្តីប្រពន្ធកាន់តែច្រើន។
២- ធ្លាក់ចុះការប្រាស្រ័យទាក់ទង
ភាគច្រើនស្ត្រេស អាចធ្វើឲ្យយើងចូលចិត្តគិតអវិជ្ជមានច្រើន មើលឃើញតែរឿងអាក្រក់ៗ ច្រើនជាងរឿងល្អ។ បន្ទាប់មកទៀត នឹងធ្វើឲ្យទំនាក់ទំនងយើង ក្លាយទៅជាអវិជ្ជមានដូចគ្នា។ យើងអាចលំបាកគិត សម្រេចចិត្ត និងស្ដាប់ផងដែរ។
៣- ចាត់ទុកទំនាក់ទំនងជារឿងបរាជ័យ
ដូចនិយាយនៅខាងលើអ៊ីចឹង ពេលកើតស្ត្រេសយូរអង្វែង នឹងមើលមិនឃើញរឿងល្អក្នុងឆាកជីវិតនោះទេ។ ក្នុងភ្នែកយើង រឿងគ្រប់យ៉ាង គឺសុទ្ធតែជារឿងបរាជ័យទាំងអស់។ យើងអាចនឹងចាប់ផ្ដើមមើលឃើញទំនាក់ទំនាក់ក្នុងផ្លូវផ្សេង។ បើធ្លាប់រស់នៅដោយសប្បាយជាមួយទំនាក់ទំនងពីពេលមុន យើងប្រហែលជាចាប់ផ្ដើមធុញទ្រាន់ ឬមានអារម្មណ៍ថា ទំនាក់ទំនងយើងដើរដល់ផ្លូវទាល់ហើយ។ បើមានអារម្មណ៍បែបនេះត្រូវចាំថា ប្រហែលជាបញ្ហាស្រ្តេស ធ្វើឲ្យប្រែប្រួលការគិតរបស់យើង។
៤- ខ្លួនឯងក្នុងកែវភ្នែកអ្នកដទៃ
អ្នកស្រាវជ្រាវបានប្រាប់ថា នៅពេលយើងស្រ្តេស គឺអារម្មណ៍របស់យើងងាយទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃណាស់។ បញ្ហាថប់បារម្ភនឹងធ្វើឲ្យយើងងាកចូលចិត្តអ្វីផ្សេង ជាជាងយកចិត្តទុកដាក់ជាមួយរបស់ដែលមានស្រាប់។
៥- វក់ជាមួយទូរសព្ទ
ស្មាតហ្វូន កំពុងវាយលុកចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សគ្រប់គ្នាកាន់តែខ្លាំង។ ប៉ុន្តែ ពេលយើងកាត់តែស្ត្រេស យើងនឹងចូលចិត្តទូរសព្ទកាន់តែខ្លាំងដូចគ្នា។ យើងអាចនឹងពិបាកក្នុងការមិនតបសារ ឬមិនប្រើប្រព័ន្ធបណ្ដាញសង្គម ប៉ុន្តែរបស់ទាំងនោះ នឹងធ្វើឲ្យយើងស្រ្តេសកាន់តែខ្លាំង ហើយការវិវត្តរបស់ស្ត្រេស នឹងគ្មានថ្ងៃបញ្ចប់ បើយើងប្រើទូរសព្ទច្រើននៅពេលស្ត្រេស។
អត្ថបទពាក់ព័ន្ធ៖
- “ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូច និងមានបញ្ហាធ្ងន់ធ្ងរ
- ឧស្សាហ៍ស្ត្រេសពេលពពោះ កូនអាចកើតជំងឺអូទីស៊ឹម
៦- មិននិយាយរឿងផ្សេងក្រៅការងារ
នៅពេលយើងគិតថា រឿងការងារនៅថ្ងៃអនាគត ជារឿងសំខាន់ ហើយយើងនិយាយជាមួយដៃគូ ប្តីប្រពន្ធ តែពីរឿងការងារមួយមុខ នឹងបង្កឲ្យទំនាក់ទំនងកាន់តែគួរព្រួយបារម្ភខ្លាំងមិនខាន។ ត្រូវចាំថា ដៃគូ ប្តីប្រពន្ធយើង ក៏ចូលចិត្តនិយាយអំពីរឿងអនាគតដូចគ្នា គ្រាន់តែមិនមែននិយាយរឿងការងារតែមួយមុខនោះទេ។
៧- ឈ្លោះគ្នាកាន់តែច្រើន
បើមិនអាចរារាំងបញ្ហាស្ត្រេសនៅកន្លែងការងារ យើងនឹងមានអារម្មណ៍មួម៉ៅ អាចនឹងបញ្ចេញកំហឹងទៅកាន់ដៃគូ ប្តីប្រពន្ធយើង ទាំងមិនសមហេតុផល។
៨- ភាសាកាយវិការរបស់ដៃគូយើងប្រែទៅជាមិនល្អ
បើដៃគូ ប្តី ឬប្រពន្ធយើង ប្រែទឹកមុខ ឬបញ្ចេញកាយវិការ ដូចជា ខ្វែងដៃ មិនមើលមុខយើងចំ ឬមិនបញ្ចេញកាយវិការច្រើន នោះមានន័យថាកំពុងតែមិនពេញចិត្តជាមួយការពិភាក្សារឿងការងារជាមួយយើងហើយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទាំងពីរនាក់ បានទៀតផង។
៩- វិធីសាស្ត្រកុំឲ្យស្ត្រេសបំផ្លាញទំនាក់ទំនងយើង
ដើម្បីការពារកុំឲ្យស្រ្តេសប៉ះពាល់ដល់ទំនាក់ទំនងយើងបាន អាចសាកល្បងវិធីមួយចំនួនដូចខាងក្រោមនេះ៖
– បង្ហាញទង្វើល្អ៖ ការបង្ហាញទឹកចិត្តយើង គឺអាចជាកាដូមានតម្លៃសម្រាប់ដៃគូ ទាំងនៅកន្លែងធ្វើការ ទាំងប្តីប្រពន្ធ។ អាចសាកល្បងទិញអាហារដែលចូលចិត្ត ឬគ្រាន់តែនិយាយថា អូនស្អាតម្ល៉េះថ្ងៃនេះ។ ពេលយើងស្ត្រេស និងចង់បញ្ចេញកំហឹងទៅកាន់ដៃគូ យើងអាចប្រែវាទៅជាបញ្ចេញកាយវិការល្អៗ ជំនួសវិញ។ ទង្វើល្អ នឹងត្រូវបានតបស្នងមកវិញជាក់ជាមិនខាន ថែមទាំងអាចបង្កើតអារម្មណ៍ល្អទៅកាន់ដៃគូថែមទៀតផង។
– សម្រាកខ្លះ៖ ពេលរងសម្ពាធខ្លាំងពេក គួរចេះសម្រាកខ្លះ និងមើលជុំវិញខ្លួន។ រឿងត្រូវធ្វើ គឺផ្អាកសកម្មភាពកំពុងធ្វើ ហើយទុកពេលឲ្យខ្លួនឯងបានបន្ធូរអារម្មណ៍ខ្លះ បែបនេះយើងនឹងចាប់ផ្ដើមគិតថា ដៃគូ គឺមិនមែនអាក្រក់ដូចយើងធ្លាប់គិតនោះទេ។ ត្រូវគិតថា យើងគ្រាន់តែមិនពេញចិត្តនរណាម្នាក់នៅកន្លែងធ្វើការ មិនមែនខឹងស្អប់ដៃគូ ឬប្តីប្រពន្ធយើងទេ។ នៅពេលរកឃើញមូលហេតុធ្វើឲ្យយើងមិនសប្បាយចិត្ត អារម្មណ៍ខឹង ឬអន់ចិត្តជាមួយដៃគូ នឹងរសាយដោយខ្លួនឯង។
– ហាត់ប្រាណ៖ បន្ទាប់ពីចំណាយពេល និងកម្លាំងជាច្រើននៅកន្លែងធ្វើការ បើចង់បំភ្លេចរឿងរញ៉េរញ៉ៃក្នុងជីវិត ចង់មានអ្វីមកបង្កើនអារម្មណ៍ឲ្យប្រសើរឡើង ឬចង់ឲ្យក្ដីស្នេហ៍ប្រែមកជាផ្អែមល្ហែមវិញ យ៉ូហ្កា គឺជាវិធីហាត់ប្រាណមួយបែប អាចជួយបញ្ចេញកំហឹង នឹងធ្វើឲ្យស្ងប់ចិត្តបាន។ មួយវិញទៀត អាចជួយបញ្ចេញអ័រម៉ូន អង់ដូភីន (Endorphins) ដែលវានឹងធ្វើឲ្យមានអារម្មណ៍ចង់ហាត់ប្រាណម្ដងហើយម្ដងទៀត។ ការហាត់ប្រាណបែបនេះ តម្រូវឲ្យមានដៃគូ ទើបហាត់ទៅមានប្រសិទ្ធភាព។ នៅចាំអីទៀត ហៅដៃគូ ប្តីប្រពន្ធយើង មកហាត់ជាមួយគ្នាមក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕