សម្រាប់គ្នាយើងប្រុសៗ ឈានដល់វ័យ ម្ភៃក្រាស់ ឬចូល ៣០ឆ្នាំ ប្រាកដជាជួបបញ្ហាភ្លេចភ្លាំងមិនតិចនោះទេ ហើយបើមិនទាន់រៀបការទៀត ការភ្លេចភ្លាំង ក៏រឹតតែច្រើនទៀត។ ប៉ុន្ដែមានការសិក្សាមួយ រកឃើញថា រៀបការ អាចជួយកាត់បន្ថយការកើតជំងឺភ្លេចភ្លាំង។ អញ្ចឹង ប្រុសៗគ្នាយើង គួរគិតគូរពីបញ្ហានេះហើយ។
មនុស្សដែលរៀបការហើយ មានភាពប្រឈមទាប នៃការកើតមានរោគសញ្ញាជំងឺភ្លេចភ្លាំង ជាងអ្នកលែងលះ ឬមិនទាន់រៀបការ។ នេះបើការសិក្សាមួយ លើមនុស្ស ១៥.០០០នាក់ ពីឆ្នាំ២០០០-២០១៤។
លោកស្រី Hui Liu អ្នកដឹកនាំការសិក្សា និងជាសាស្ត្រាចារ្យផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យ Michigan របស់អាមរិក បញ្ជាក់ថា មានទ្រឹស្តីជាច្រើន បកស្រាយពីមូលហេតុរៀបការល្អសម្រាប់សុខភាពទូទៅ។ មនុស្សរៀបការហើយ មានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ជាងអ្នកមិនទាន់រៀបការ ប៉ុន្ដែនៅមានកត្ដាផ្សេងៗទៀត ដែលល្អជាងនេះ ដូចជាអត្ថប្រយោជន៍ចិត្តសាស្ត្រសង្គម។ ជាក់ស្ដែង មនុស្សដែលរៀបការហើយ មានទំនាក់ទំនងសង្គមកាន់តែច្រើន តាមរយៈប្រពន្ធ និងគ្រួសារ ហើយវាជួយដល់មុខងារចងចាំ។
ពាក់ព័ន្ធនឹងការរកឃើញនេះ សាស្ត្រាចារ្យ Linda Waite មកពីសាកលវិទ្យាល័យ Chicago បញ្ជាក់ថា អ្នករៀបការហើយ មានហានិភ័យទាប នៃការកើតជំងឺភ្លេចភ្លាំង ដោយសារពួកគេមានទំនាក់ទំនងគ្នា និងជជែកគ្នាពីបញ្ហានានា។ លោកស្រីសាស្ត្រាចារ្យ បញ្ជាក់ថា ការគាំទ្រផ្នែកអារម្មណ៍ ជាស្នូលនៃការបង្ការជំងឺភ្លេចភ្លាំង។
អ្នកស្រាវជ្រាវ ក៏បញ្ជាក់ដែរថា បុរសទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ពីការរៀបការ ដោយសារស្រីៗ ជាអ្នកជួយគាំទ្រផ្នែកអារម្មណ៍។ បើសិន កុំជក់បារី កុំញ៉ាំច្រើនពេក និងពិនិត្យសុខភាពឲ្យទៀងទាត់ ប្រុសៗ ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនទៀតពីទំនាក់ទំនងប្ដីប្រពន្ធ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕