ជឿថា មានគ្នាយើងមួយចំនួនធ្លាប់មានគំនិតចង់សម្លាប់ខ្លួនក្នុងពេលណាមួយក្នុងជីវិត។ ឥឡូវនេះ យើងសង្កេតឃើញថា ក្មេងៗយុវវ័យក៏ឆាប់ទទួលរងនឹងសម្ពាធ ហើយអាចកើតជាគំនិតអវិជ្ជមានបែបនេះដែរ។ តាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត ថា នៅកម្ពុជាយើង របាយការណ៍ដែលបង្ហាញថា មានមនុស្សជិត ៨០០ នាក់ ស្លាប់ដោយការសម្លាប់ខ្លួនក្នុងមួយឆ្នាំៗ ហើយការសម្លាប់ខ្លួនក៏មានការយល់ច្រឡំ និងការពិតពាក់ព័ន្ធនឹងបញ្ហានេះដូចជា៖
ការយល់ច្រឡំ
– មានតែមនុស្សឆោតល្ងង់ទេ ដែលគិតចង់សម្លាប់ខ្លួន
– មនុស្សដែលធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនឯងម្ដងហើយ នឹងមិនព្យាយាមសម្លាប់ខ្លួនម្ដងទៀតឡើយ
– បើមនុស្សម្នាក់ចង់សម្លាប់ខ្លួនហើយ គ្មាននរណាអាចជួយគាត់បានទេ
– ការនិយាយ ឬសាកសួរអំពីការសម្លាប់ខ្លួន នឹងអាចធ្វើឲ្យមនុស្សគិតធ្វើបែបនោះតែម្ដង។
ការពិតនៃសម្លាប់ខ្លួន
– មនុស្សភាគច្រើនធ្លាប់បានគិតពីការចង់សម្លាប់ខ្លួនឯង នៅពេលណាមួយក្នុងជីវិតនេះ។ ការសម្លាប់ខ្លួន និងការប៉ុនប៉ងសម្លាប់ខ្លួន ភាគច្រើនកើតឡើងដោយមានគម្រោងទុកជាមុន
– មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន មានហានិភ័យខ្ពស់ក្នុងការសម្លាប់ខ្លួននៅលើកក្រោយទៀត។ ការប៉ុនប៉ងសម្លាប់ខ្លួននៅលើកទី២ ទី៣ អាចងាយស្រួលជាងលើកដំបូង
– ភាគច្រើន ការសម្លាប់ខ្លួនកើតឡើងមិនបានគិតពិចារណាច្បាស់លាស់ឡើយ។ មនុស្សដែលប៉ុនប៉ងសម្លាប់ខ្លួន ចង់គេចផុតពីបញ្ហាណាមួយ ដែលគិតថាមិនមានដំណោះស្រាយ ឬត្រូវប្រឈមនឹងបញ្ហានោះម្នាក់ឯង
– ជំងឺផ្លូវចិត្ត ឬទុក្ខព្រួយផ្សេងៗប៉ះពាល់លើការគិតរបស់ជនរងគ្រោះ។ ដូចនេះ ការនិយាយដោយបើកចំហ និងការយកចិត្តទុកដាក់របស់យើងក្នុងការសាកសួរពីការចង់សម្លាប់ខ្លួននេះ នឹងធ្វើឲ្យជនរងគ្រោះហ៊ាននិយាយអំពីបញ្ហាទាំងនោះ។ វាក៏អាចជួយជនរងគ្រោះឲ្យមានអារម្មណ៍មិនសូវឯកោ ឬមានមនុស្សនៅខ្វាយខ្វល់ពីខ្លួននៅឡើយ។
មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យដឹងថា ការនិយាយប្រាប់អ្នកដទៃពីការលំបាក និងសុំជំនួយនៅពេលដែលអារម្មណ៍នៃការសម្លាប់ខ្លួនកាន់តែខ្លាំង គឺជាការចាំបាច់ណាស់។ ការនិយាយពីការសម្លាប់ខ្លួន ឬបញ្ហាក្នុងចិត្ត មានន័យថា យើងមានភាពរឹងមាំ ហ៊ានប្រឈមមុខជាមួយបញ្ហា ហើយចង់រកដំណោះស្រាយដែលល្អ ជាជាងការបញ្ចប់ជីវិតខ្លួនឯង។