គ្នាយើងប្រហែលជាឆ្ងល់ហើយពេលឃើញអត្ថបទនេះ ព្រោះជាធម្មតា “Hello គ្រូពេទ្យ” ណែនាំគ្នាយើងហាត់ប្រាណ ព្រោះល្អសម្រាប់សុខភាព ប៉ុន្តែបែរជាពេលឲ្យប្រយ័ត្នទៅវិញ? មូលហេតុ គឺដោយសារ ខ្លាចគ្នាយើងមានជំងឺហឺតពេលហាត់ប្រាណនុះឯង បានជាប្រាប់ឲ្យប្រុងប្រយ័ត្នបែបនេះ។ ចង់ដឹងច្បាស់អ្វីជាជំងឺហឺតពេលហាត់ប្រាណ អានលេងៗសិនទៅ។
១- និយមន័យ
ជំងឺហឺតពេលហាត់ប្រាណ ជាជំងឺមួយប្រភេទធម្មតា អាចកើតលើគ្រប់គ្នាអំឡុងពេលហាត់ប្រាណ ប៉ុន្តែវាមិនអាចបង្កឲ្យគ្នាយើងកើតហឺតរ៉ាំរ៉ៃទេ គឺគ្រាន់តែកើតឡើងគ្រប់ពេលហាត់ប្រាណប៉ុណ្ណោះ។
២- រោគសញ្ញាជំងឺហឺតពេលហាត់ប្រាណ
វាកើតឡើងប៉ុន្មាននាទី បន្ទាប់ពីចាប់ផ្តើមហាត់។ បើយើងមិនធ្វើអ្វីមួយទេ រោគសញ្ញានេះអាចបន្ដដល់ទៅ ៣០ នាទី ឬយូរជាងនេះ៖
– ហត់
– ក្អក
– ចុកណែនទ្រូង ឬឈឺទ្រូង
– អស់កម្លាំង ឬខ្សោយកម្លាំង
– ថប់ដង្ហើម ដកដង្ហើមឮសូរដូចសំឡេងហួច
បើគ្នាយើងមានសញ្ញាណាមួយខាងលើ ត្រូវទៅជួបពេទ្យ ដើម្បីដឹងថារោគសញ្ញាទាំងនេះ អាចបណ្ដាលឲ្យកើតជំងឺផ្សេងដែរអត់។ ស្វែងរកជំនួយជាបន្ទាន់ បើមានអាការៈដង្ហើមខ្លី និងដកដង្ហើមឮសូរដូចហួច ឬប្រើថ្នាំលែងមានប្រសិទ្ធភាព។
៣- មូលហេតុបង្ក
ខ្យល់ស្រូបចូលតាមរន្ធច្រមុះ ហើយបញ្ជូនទៅសួត មានលក្ខណៈក្ដៅឧណ្ហៗ ស្អាត និងមានសំណើម ពេលយើងហាត់ប្រាណ។ សួតត្រូវការខ្យល់បន្ថែម ធ្វើឲ្យយើងដកដង្ហើមតាមមាត់វិញ នាំឲ្យខ្យល់ត្រជាក់ និងស្ងួត អាចចូលតាមបំពង់ខ្យល់ទៅសួតបាន។
លំហូរខ្យល់ទាំងនេះ ធ្វើឲ្យបំពង់ខ្យល់ទទួលការប៉ះទង្គិច ដោយសារការផ្លាស់ប្ដូរសំណើម និងសីតុណ្ហភាព ហើយការកន្ត្រាក់ និងខ្ជឹបសាច់ដុំបំពង់ខ្យល់ បង្កឲ្យមានរោគសញ្ញាជំងឺហឺត។
អ្វីដែលធ្វើឲ្យមានហានិភ័យខ្ពស់ប្រឈមជំងឺហឺតពេលហាត់ប្រាណ មានផ្សែងពុល លម្អងផ្កា និងសារធាតុគីមីផ្សេងៗ។ ការឆ្លងរោគលើប្រព័ន្ធដង្ហើម ជំងឺសួត អាចកើតមានលើការលេងកីឡា ដូចជា ទាត់បាល់ និងរត់ប្រណាំង។
អត្ថបទពាក់ព័ន្ធ៖
- ថ្ងៃនេះមកលម្អិតពី “ហឺត” កុំឲ្យឆ្ងល់ទៀត
- ម៉ាក់ប៉ាប្រយ័ត្នឲ្យមែនទែន! អូនតូចកើតហឺត អាចគ្រោះថ្នាក់ដល់ជីវិត
៤- វិធីព្យាបាលជំងឺហឺតពេលហាត់ប្រាណ
វិធីព្យាបាលដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងអាការៈមានដូចជា៖
– លេបថ្នាំ មុនហាត់ប្រាណ ជួយកាត់បន្ថយ និងបង្ការរោគសញ្ញាជំងឺហឺតពេលហាត់។ ប្រឹក្សាជាមួយពេទ្យឲ្យច្បាស់ពីកម្រិតលេបថ្នាំ ចន្លោះពេលលេប និងការហាត់ប្រាណ។
– ថ្នាំប្រើរយៈពេលយូរ ត្រូវលេបប្រចាំថ្ងៃ ដើម្បីគ្រប់គ្រងរោគសញ្ញាជំងឺ ដូចជា ប្រើថ្នាំបាញ់ច្រមុះ Corticosteroids និងប្រើរួមគ្នាជាមួយថ្នាំលេប Leukotriene។
៥- ប្រយ័ត្នហឺតធ្វើទុក្ខពេលហាត់ប្រាណ
ហាត់ប្រាណទៀងទាត់ ធ្វើឲ្យសុខភាពយើងកាន់តែប្រសើរឡើង ទោះបីជាមានជំងឺហឺតពេលហាត់ប្រាណក៏ដោយ ហើយវីធីសាស្ត្រល្អៗខាងក្រោមអាចជួយយើងបាន៖
– សម្រាកមួយៗ ក្រោយហាត់ប្រាណ
– កម្ដៅសាច់ដុំយឺតៗ ១០ នាទីមុនហាត់
– ហាមហាត់ទៀត បើមិនស្រួលខ្លួន
– ដាក់ថ្នាំបាញ់ច្រមុះជាប់ខ្លួន
– ចៀសវាងហាត់ប្រាណកន្លែងមានខ្យល់កខ្វក់
– លេបថ្នាំតាមវេជ្ជបញ្ជា
– ព្យាយាមដកដង្ហើមតាមច្រមុះ បើយើងហាត់ប្រាណនៅកន្លែងមានខ្យល់ត្រជាក់ ឬស្ងួត។
ជ្រើសរើសហាត់ប្រាណដែលសមស្របសម្រាប់យើងគឺ ហែលទឹក និងចៀសវាងកីឡាទាត់បាល់ ឬរត់ប្រណាំង។ បើមានសំណួរ ឬចម្ងល់អាចទៅពិគ្រោះជាមួយពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]