ហឺត ជាជំងឺម្យ៉ាងដែលកើតមានលើមនុស្សទាំងចាស់ទាំងក្មេង ធ្វើឲ្យតូចចង្អៀត និងរលាកផ្លូវដង្ហើម ពិបាកដកដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង។ ប្រសិនបើយើងមានជំងឺហឺត ការលេបថ្នាំតាមវេជ្ជបញ្ជា ជារឿងសំខាន់បំផុត។ តែ យើងក៏អាចប្រើវិធីសាស្ត្រតាមបែបធម្មជាតិ ដើម្បីបំបាត់ជំងឺនេះផងដែរ។
ខាងក្រោមនេះ ជាវិធីសាស្ត្រតាមបែបធម្មជាតិ៖
១– ក្រេបកាហ្វេ Expresso
នៅពេលជំងឺធ្វើទុក្ខ បណ្ដាលឲ្យក្អក ពិបាកដកដង្ហើម អ្នកជំងឺចាំបាច់រកថ្នាំលេបភ្លាមៗ ឬអាចញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន ជួយឲ្យផ្លូវដង្ហើមដំណើរការស្រួល។ អ្នកស្រាវជ្រាវថា ជាតិកាហ្វេអ៊ីននេះជួយឲ្យសួតដំណើរការល្អបាន ៤ ម៉ោង។
២– ងូតទឹកក្ដៅ
ងូតទឹកក្ដៅក្នុងបន្ទប់សូណា ឬនៅតាមផ្ទះ អាចជួយកម្ចាស់ស្លេស្មដែលធ្វើឲ្យពិបាកដកដង្ហើម។ ប៉ុន្ដែ ត្រូវប្រុងប្រយ័ត្ន ព្រោះកម្ដៅក៏ធ្វើឲ្យជំងឺហឺតរើឡើងខ្លាំងដែរ។
៣– ផឹក ឬញ៉ាំខ្ទឹមស និងខ្ញី
ខ្ទឹមស និងខ្ញី មានសារធាតុប្រឆាំងការរលាក ជួយបំបាត់ជំងឺហឺត ដូច្នេះអ្នកជំងឺអាចបង់ខ្ទឹមស ឬខ្ញីចូលក្នុងទឹកក្ដៅ ហើយអាចញ៉ាំដូចជាទឹកតែ ឬយកទៅប្រើប្រាស់ក្នុងសម្លក៏បាន។
៤– រៀនគ្រប់គ្រងអារម្មណ៍តានតឹង
នៅពេលអ្នកជំងឺជួបបញ្ហាស្ត្រេស សាច់ដុំទាំងអស់ក្នុងរាងកាយ នឹងរីកឡើង រួមទាំងសាច់ដុំនានាលើទ្រូងផងដែរ។ ដូច្នេះការគ្រប់គ្រងភាពតានតឹង តាមសមាធិ យ៉ូហ្កា ថៃជី ជាជម្រើសល្អ ដើម្បីជួយឲ្យជំងឺហឺតធូរស្រាល។
៥– ហាត់ប្រាណ
ហាត់ប្រាណជួយឲ្យសួតកាន់តែល្អ ប៉ុន្ដែក៏គួរប្រុងប្រយ័ត្នដែរ ព្រោះហាត់ប្រាណក្នុងអាកាសធាតុត្រជាក់ អាចឲ្យជំងឺនេះរើឡើង។ ការហាត់ប្រាណគួរចាប់ផ្ដើមពីការដើរតិចៗ រត់ត្រឹកៗ មុនឈានទៅរត់លឿនបាន។
៦– ញ៉ាំបន្លែចម្រុះពណ៌
បន្លែចម្រុះពណ៌សម្បូរជាតិប្រឆាំងអុកស៊ីដកម្ម ដូចជា វីតាមីន C និងវីតាមីន D ជួយប្រឆាំងនឹងការរលាកនៅក្នុងរាងកាយ រួមទាំងសួតផងដែរ។ ដូច្នេះ អ្នកជំងឺគួរបញ្ចូលបន្លែចម្រុះពណ៌ក្នុងរបបអាហារ តែក៏ត្រូវការបង្ការទុកមុនដែរ ព្រោះបន្លែខ្លះ អាចធ្វើឲ្យជំងឺរើឡើង។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តប្រឡែងលេង ឬនៅក្បែរសត្វឆ្មាធ្វើឲ្យកើតហឺត?
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
៧– ហាលថ្ងៃ
អ្នកជំងឺហឺត ភាគច្រើន ខ្វះវីតាមីន D ដូច្នេះ ហាលថ្ងៃជាអាចជួយបង្កើនវីតាមីន D ប៉ុន្ដែគួរប្រើក្រែមការពារកម្ដៅថ្ងៃផងដែរ។ ក្រៅពីហាលថ្ងៃ ទឹកដោះគោ ស៊ុត ត្រីសាលម៉ុន ក៏អាចជួយបានផងដែរ។
៨– ដកដង្ហើមវែងៗ
ហាត់ដកដង្ហើមវែងៗ អាចជួយសួតធ្វើការកាន់តែប្រសើរ ដោយដង្ហើមចូលតាមច្រមុះ ១ដង និងដកដង្ហើមចេញតាមមាត់ចំនួន ២ ដង។
៩– តាមដានអាកាសធាតុ
អ្នកជំងឺគួរតាមដានអាកាសធាតុ ព្រោះពេលខ្យល់ត្រជាក់ពេក និងក្តៅពេក អាចធ្វើជំងឺរើឡើង។
១០– រក្សារាងកុំឲ្យធាត់ពេក
នៅពេលអ្នកជំងឹ ធាត់ សាច់នៅជុំវិញទ្រូង និងពោះ ធ្វើឲ្យពិបាកដកដង្ហើម ហើយកោសិកាបង្កឲ្យធាត់ អាចបណ្ដាលឲ្យមានការរលាក ប៉ះពាល់ដល់ផ្លូវដង្ហើមទៀត។
១១– ដឹងពីកត្ដាបង្កឲ្យជំងឺរើឡើង
អ្នកជំងឺហឺត ភាគច្រើន មានបញ្ហាអាលែកហ្ស៊ី ជាមួយលំអងធូលី និងរោមសត្វចិញ្ចឹម។ យកល្អ អ្នកជំងឺគួរទៅជួបពេទ្យ ពិនិត្យឲ្យបានច្បាស់ ថាមានកត្ដាអ្វីខ្លះ ធ្វើឲ្យជំងឺរើឡើង និងគួរចៀសវាងប៉ះពាល់របស់ទាំងនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]