សួតមានសុខភាពល្អ ជួយឲ្យមនុស្សយើងអាចដកដង្ហើមបានស្រួល និងអាចផ្ដល់អុកស៊ីសែន ទៅកាន់ចរន្តឈាម ជួយឲ្យរាងកាយមានសុខភាពល្អ។ ពេលមនុស្សយើងមានសួតល្អ យើងអាចធ្វើសកម្មភាពដែលយើងពេញចិត្ត និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ។
យ៉ាងណាមនុស្សយើងមួយចំនួនអាចមានសួតមិនមានសុខភាពល្អ ដោយសារការជក់បារី ជំងឺផ្សេង ឬការឆ្លងរោគជាដើម។ នៅពេលសួតយើងមានសុខភាពមិនល្អ រាងកាយ និងសកម្មភាពដែលយើងចូលចិត្តផ្សេងៗទៀតក៏មានបញ្ហាដែរ។ បើអ៊ីចឹងធ្វើម៉េចទើបជួយឲ្យសួរមានសុខភាពល្អ?
១. កុំជក់បារី
បើគ្នាយើងជក់បារីកាន់តែច្រើន កត្តាប្រឈមកើតជំងឺមហារីកសួត និងជំងឺសួតរ៉ាំរ៉ៃ ក៏កើតមានខ្ពស់ដែរ។ ការជក់បារី មិនថាតិចឬច្រើន សុទ្ធតែមិនមានសុវត្ថិភាពចំពោះសុខភាពសួត ដូចនេះជាការល្អកុំជក់បារី។
ជំងឺមហារីកសួតភាគច្រើនកើតឡើងដោយសារការជក់បារី។ ក្រោយពីឈប់ជក់បារី កត្តាប្រឈមនៃការកើតជំងឺនេះ ក៏ធ្លាក់ចុះច្រើនដូចគ្នា។ បើយើងឈប់ជក់បារីបានដប់ឆ្នាំ កត្តាប្រឈមនឹងធ្លាក់ចុះពាក់កណ្ដាល នៃលទ្ធភាពដែលយើងប្រឈមខ្ពស់កន្លងមកបើយើងនៅបន្តជក់បារី។ កត្តាប្រឈម កើតជំងឺមហារីកសួត កាន់តែថយចុះ បើយើងឈប់ជក់បារីកាន់តែយូរ។
២. ហាត់ប្រាណ
ការហាត់ប្រាណ ជួយសម្រួលដល់សួតក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំបានល្អ។ ការហាត់ប្រាណមិនមែនចាំបាច់ត្រូវតែធ្វើឲ្យសួតខ្លាំងក្លានោះទេ តែវាបានជួយឲ្យសួតដំណើរការបានប្រសើរ។
៣. តាមដានអាការៈក្អក
បើគ្នាយើងក្អកអស់ពេលលើសពីមួយខែ គួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ការក្អករ៉ាំរ៉ៃអាចជាសញ្ញាព្រមានថាយើងមានបញ្ហាសុខភាពដែលត្រូវការធ្វើរោគវិនិច្ឆ័យ។
៤. មានឥរិយាបថល្អ
ការដើរ ឬអង្គុយ ត្រូវប្រកាន់នូវឥរិយាបថល្អ ដូចជាមិនត្រូវអង្គុយចំកោងខ្លួន ឬដើរដោយកោងៗខ្នងនោះទេ។ ការមានឥរិយាបថបែបនេះ អាចធ្វើឲ្យកាត់បន្ថយសមត្ថភាពធ្វើការរបស់សួត ក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់បេះដូង និងសាច់ដុំ។
៥. ចៀសវាងកន្លែងមានខ្យល់ពុល
ដូចនឹងការជក់បារីដែរ កន្លែងមានការបំពុលបរិយាកាស ក៏មានផលប៉ះពាល់ដល់សួតរបស់យើងដែរ។ ការចេញក្រៅផ្ទះ ក្នុងបរិស្ថានបែបនេះមានគ្រោះថ្នាក់ដល់សុខភាពសួត ពិសេសចំពោះអ្នកមានជំងឺសួតស្រាប់។
[embed-health-tool-vaccination-tool]