សុខភាពផ្លូវដង្ហើម ជាផ្នែកមួយនៃសុខភាពទូទៅ គ្នាយើងគួរតែយកចិត្តទុកដាក់បំផុតនៅក្នុងសម័យនេះ ព្រោះសព្វថ្ងៃសួតងាយនឹងឆ្លងមេរោគផ្សេងៗ ដូចជាវីរុសកូរ៉ូណា ជាវីរុសកាចសាហាវប្រហារប្រព័ន្ធផ្លូវដង្ហើមយើង រហូតអាចគ្រោះថ្នាក់ដល់ជីវិតបាន។ គ្នាយើងច្បាស់ជាដឹងហើយថា ពពួកវីតាមីន និងរ៉ែនៅក្នុងរបបអាហារ ក៏សំខាន់ក្នុងការថែរក្សាសុខភាពយើងពីជំងឺ ហើយវីតាមីនទាំង ៣ខាងក្រោមនេះ ជួយពង្រឹងសុខភាពផ្លូវដង្ហើមបានល្អ។
វីតាមីនទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម
១. វីតាមីន A
វីតាមីនA សំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជួយបង្កើតកោសិកាឡើងវិញនៅក្នុងខ្លួនយើង។ ហេតុនេះហើយ ទើបការទទួលបានវីតាមីន A គ្រប់គ្រាន់ មិនថាដោយការញ៉ាំអាហារធម្មជាតិ ឬប្រើវីតាមីនបំប៉នទេ អាចជួយឲ្យរាងកាយយើងដំណើរការជួសជុលកោសិកាសួតបានដោយឯកឯង។ ផលិតផលធ្វើពីទឹកដោះគោ សាច់ត្រី ការ៉ុត ប្រូខូលី និងត្រសក់ស្រូវផ្អែម សុទ្ធតែជាប្រភពសម្បូរវីតាមីន A។
ប៉ុន្តែយើងក៏ត្រូវដឹងតែថា វីតាមីន A ក៏ជាខ្លាញ់រលាយ មានន័យថា បើក្នុងខ្លួនយើងលើសវីតាមីន A វាអាចបណ្ដាលឲ្យពុល និងអាចប៉ះពាល់ទៅដល់ជាលិកាថ្លើម និងឆ្អឹងវិញ។
២. វីតាមីន C
វីតាមីន C ផ្ដល់ប្រយោជន៍ដល់រាងកាយយើងច្រើន ហើយក្នុងនោះគឺបង្ការសួតពីការឆ្លងជំងឺ ឬមេរោគផ្សេងៗ។ ការទទួលបានវីតាមីននេះគ្រប់គ្រាន់ជាប្រចាំ អាចពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងលើកកម្ពស់ការបង្កើត Collagen ក្នុងស្បែក។ វីតាមីន C ដែលសម្បូរក្នុងផ្លែក្រូច ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាតិពុល ហើយវាក៏ជួយឲ្យរាងកាយយើងកម្ចាត់ម៉ូលេគុលខូចខាតចោល។ សារធាតុចិញ្ចឹមសំខាន់មួយមានក្នុងវីតាមីន C នោះគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ដំណើរការសួត និងកាត់បន្ថយរោគសញ្ញាសុខភាពផ្លូវដង្ហើម។ ផ្លែក្រូច ផ្លែត្របែក គីវី ប្រូខូលី និងពពួកប៊ើរី ជាប្រភពសម្បូរវីតាមីន C។
៣. វីតាមីន D
ក្រៅពីជួយធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ វីតាមីន D ក៏ជួយការពារយើងពីការឆ្លងមេរោគផ្សេងៗលើសុខភាពផ្លូវដង្ហើម និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ ។ បើរាងកាយយើងខ្វះវីតាមីន D អាចបង្កើនហានិភ័យរលាកទងសួត កើតហឺត និងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដទៃទៀត។ ហេតុនេះហើយ ការបន្ថែមវីតាមីន D ឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ មុខងារសួតនឹងដំណើរការបានល្អដែរ។ ត្បិតតែពន្លឺព្រះអាទិត្យជាប្រភពសំខាន់មួយនៃវីតាមីន D តែអាហារដូចជា ត្រីធូណា សាល់ម៉ុន អយស្ទ័រ និងស៊ុតក្រហមក៏មានផ្ទុកវីតាមីន D ខ្ពស់ យើងអាចបន្ថែមចូលទៅក្នុងរបបអាហារដោយមិនបាច់ឈរហាលក្ដៅ។
[embed-health-tool-vaccination-tool]