យើងដឹងហើយថា ពេលអាកាសធាតុត្រជាក់ ទាំងក្មេងទាំងចាស់ងាយនឹងកើតផ្តាសាយ ហើយកាលណាតែកើតម្នាក់ហើយ អាចចម្លងទៅម្នាក់ទៀតបានយ៉ាងលឿន។ ហេតុអីបានជាអាកាសធាតុត្រជាក់ ម្នាក់ៗងាយនឹងកើតផ្តាសាយ? មកពីសុខភាពយើងខ្សោយ ឬក៏យ៉ាងណា?
បើតាមឱសថការី សែម ស៊ីណែត មានកត្តា២សំខាន់ ដែលធ្វើឲ្យយើងងាយឈឺផ្តាសាយនៅពេលអាកាសធាតុត្រជាក់។ ទី១ គឺកត្តាខ្លួនយើង និងទី២កត្តាមេរោគ។
១. កត្តាខ្លួនយើង
អាកាសធាតុត្រជាក់ធ្វើឲ្យប្រព័ន្ធការពារខ្លួន(ប្រព័ន្ធភាពស៊ាំ) របស់យើងចុះខ្សោយ ជាពិសេសគឺខ្សែត្រៀមទី១ ដែលនៅក្នុងច្រមុះ។ខ្សែត្រៀមទី១នេះ សំដៅទៅលើភ្នាសសើមដែលការពារការជ្រៀតចូលរបស់មេរោគ។ ការស្រាវជ្រាវបានបង្ហាញថា ការថយចុះ នៃសីតុណ្ហភាព និងសំណើមអាចធ្វើឲ្យភ្នាសសើមក្លាយទៅជាស្ងួត ហើយងាយឲ្យមេរោគជ្រៀតចូលបាន។ នេះមានន័យថា មិនមែនតែអាកាសធាតុត្រជាក់ធម្មជាតិទេ ដែលអាចធ្វើឲ្យយើងងាយឈឺ បន្ទប់ម៉ាស៊ីនត្រជាក់ដែលមានសំណើមទាបក៏មានឥទ្ធិពលស្រដៀងគ្នាដែរ។
២. កត្តាមេរោគ
មេរោគដែលបង្កជំងឺផ្លូវដង្ហើម ជាពិសេសគឺវីរុសផ្តាសាយអាចរស់បានយូរនៅក្នុងបរិយាកាសក្រោមអាកាសធាតុត្រជាក់។ ការដែលវីរុសអាចមានវត្តមានយូរនៅក្នុងបរិយាកាស គឺជាកត្តាមួយដែលធ្វើឲ្យការឆ្លងកាន់តែខ្ពស់។ ឧបមាថានៅក្នុងបន្ទប់រៀនមួយ មានមនុស្សម្នាក់ដែលផ្ទុកមេរោគកណ្តាស់ វីរុសដែលចេញពីច្រមុះរបស់គាត់នឹងនៅរស់អណ្តែងក្នុងខ្យល់ក្នុងបន្ទប់ រង់ចាំតែអ្នកផ្សេងដកដង្ហើមចូលដើម្បីធ្វើឲ្យឈឺ។
[embed-health-tool-vaccination-tool]