គូស្នេហ៍គ្រប់រូប អាចនឹងមានអារម្មណ៍អស់សង្ឃឹម និងស្ត្រេសនៅពេលដែលដឹងថាមានបញ្ហាពិបាកមានកូន ឬអត់អាចមានកូនបានដូចគេដូចឯង។ សំណួរដែលសួរថា “ហេតុអីរឿងនេះកើតចំពោះពួកខ្ញុំ?” គឺជាប្រតិកម្មពីធម្មជាតិមួយកើតឡើងច្រើនបំផុតចំពោះអ្នកស្ថិតក្នុងស្ថានភាពបែបនេះ។ តែទោះជាយ៉ាងនេះក្ដី វាមិនមែនជាទីបញ្ចប់នៃជីវិតរបស់យើងនោះទេ។ យើងត្រូវតែអត់ធ្មត់ និងស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រផ្សេងៗដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាអត់មានកូននេះ។
ជាការពិត នៅពេលគូស្នេហ៍ដែលព្យាយាមចង់បានកូនខ្លាំង ប៉ុន្តែបែរជាបរាជ័យវិញនោះ យើងនឹងមានសំណួរសួរខ្លួនឯងជាច្រើន។ យើងដឹងហើយថាការដែលមានផ្ទៃពោះពោរពេញដោយសុខភាពល្អ គឺត្រូវរួមផ្សំជាមួយកត្តាជាច្រើន ហើយយើងត្រូវជឿជាក់ថាយើងនឹងអាចមានកូនបានដូចគេឯងនៅពេលដែលឱកាសបានមកដល់។
១.កត្តាដែលប៉ះពាល់ដល់ការបង្កកំណើត
មានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់ការបង្កកំណើត។ ខាងក្រោមនេះ គឺជាកត្តាមួយចំនួនដែលយើងច្រើនឃើញកើតមាន៖
អាយុ៖ កត្តាអាយុ គឺជាកត្តាមួយដែលធ្វើឲ្យគូស្នេហ៍មួយចំនួនពិបាកក្នុងការមានកូន។ គូស្នេហ៍ភាគច្រើន គឺពិបាកនឹងមានកូនក្រោយពីអាយុ ៣៥ឆ្នាំ ដោយសារតែរាងកាយរបស់យើងចាប់ផ្ដើមប្រែប្រួលចាប់ពីអាយុនោះទៅ ជាពិសេស គឺស្ត្រីៗតែម្ដង។
របៀបរស់នៅ៖ ការជក់បារី ផឹកគ្រឿងស្រវឹង ទម្ងន់រាងកាយឡើងខ្លាំង និងបញ្ហាស្ត្រេស គឺសុទ្ធតែជាកត្តាធ្វើឲ្យពិបាកក្នុងការបង្កកំណើត។ កត្តាទាំងអស់នេះ គឺកើតឡើងដោយសារតែរបៀបរស់នៅរបស់គូស្នេហ៍មិនល្អ។ ការធាត់លើសទម្ងន់ គឺអាចធ្វើឲ្យអតុល្យភាពអ័រម៉ូនក្នុងរាងកាយ ជាហេតុបង្កឲ្យប៉ះពាល់ដល់ការបង្កកំណើត។
បញ្ហាសុខភាព៖ ជំងឺមួយចំនួនក៏ជាហេតុបណ្ដាលឲ្យយើងពិបាកនៅក្នុងការមានកូនផងដែរ ដូចជា ជំងឺ PCOS ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺកាមរោគជាដើម គឺសុទ្ធតែអាចបង្កឲ្យគូស្នេហ៍ មិនអាចមានកូនបាន។
២.តើត្រូវដោះស្រាយបញ្ហាស្ត្រេសដោយរបៀបណា?
នៅពេលគូស្នេហ៍មិនអាចមានកូនបាន តែងតែគិតថាវាគឺជារឿងគួរឲ្យខ្មាសគេ ហើយតែងតែមានបញ្ហាថប់អារម្មណ៍ និងស្ត្រេស។ ដោយសារតែបែបនេះ យើងតែងតែបន្ទោសគ្នាទៅវិញទៅមក រិះគន់គ្នាទៅលើរូបរាង ស្ថានភាពគ្រួសារ ជាដើម ដែលជម្លោះខ្លះអាចឈានរហូតដល់ចែកផ្លូវគ្នាទៀតផង។
សូមចាំថា ការធ្វើរបៀបនេះ គឺមិនមែនជាវិធីដោះស្រាយត្រឹមត្រូវនោះទេ។ នៅក្នុងសង្គមយើងរាល់ពេលដែលគូស្នេហ៍មិនអាចមានកូនបាន គឺគេតែងតែគិតថាជាកំហុសរបស់មនុស្សស្រី ដែលនេះ គឺជាអ្វីដែលយើងមិនអាចទទួលយកបាន។ មនុស្សប្រុសក៏មានចំណែកត្រូវទទួលខុសត្រូវចំពោះរឿងនេះដែរ ព្រោះថាបញ្ហាដែលមិនអាចមានកូន គឺវាអាចទាក់ទងនឹងដៃគូទាំងពីរនាក់ មិនមែនម្នាក់ៗនោះទេ។ សូមព្យាយាមពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បី ទទួលការធ្វើតេស្ត និងពិនិត្យព្យាបាលសិន។ នៅមានវិធីជាច្រើនទៀតដែលយើងអាចមានកូនបានដូចជាវិធីសាស្ត្រ IVF និង IUI ដែលសុទ្ធតែជាវិធីសាស្ត្រដែលល្អអាចជួយយើងបាន។
[embed-health-tool-ovulation]