ក្រោយរៀបការរួច ប្តីប្រពន្ធខ្លះចង់បានកូនភ្លាម ឯខ្លះទៀតមិនទាន់ចង់បាននោះទេ ដោយទុកពេលវេលាសន្សំលុយកាក់ឲ្យបានច្រើន។ ចំពោះអ្នកចង់បានកូនឆាប់នោះ តើត្រូវធ្វើបែបណាខ្លះ ទើបអាចជួយឲ្យការបង្កកំណើតប្រពឹត្តទៅរលូន មេជីវិតមានទាំងគុណភាព និងបរិមាណ?
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ចង់ឆាប់មានកូន មិនទាក់ទងនឹងការនៅជាមួយគ្នាញឹកញាប់ ឬមិនញឹកញាប់នោះទេ សំខាន់គឺប្តីប្រពន្ធរួមភេទនៅពេលមានមេជីវិតញីធ្លាក់ អំឡុងថ្ងៃទី ១៣ ១៤ ១៥ ទៅតាមរដ្ដរដូវរបស់ស្រីៗ។ ម្យ៉ាងវិញទៀតពេលដែលអាចមានកូនបាន នៅពេលមេជីវិតបុរសល្អ ពោលគឺប្រុសៗតមមិនរួមភេទ ២-៣ថ្ងៃ ដែលធ្វើឲ្យមេជីវិតមានគ្រប់គ្រាន់។
“ជាទូទៅមេជីវិតញីម៉ោថ្ងៃទី១៤ អ៊ីចឹងបើយើងនៅជាមួយគ្នាញឹកញាប់ម៉េចក៏ដោយ ថ្ងៃដើមខែ ម៉ោរដូវហើយ ថ្ងៃទី៤ ទី៥ អី ក៏អត់មានកូនដែរ ហើយបើសិនជាយើងនៅជាមួយគ្នាមិនញឹកញាប់ទេ តែ១ដង ថ្ងៃទី១៤ ថ្ងៃដែលមានមេជីវិតញីចេញម៉ោ នៅជាមួយគ្នាតែ ១ ដង ក៏មានកូនដែរ”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ការបង្កកំណើតអាចប្រព្រឹត្តទៅរលូន វេជ្ជបណ្ឌិតឯកទេសសម្ភព រោគស្ត្រី និងអេកូសាស្ត្ររូបនេះ ពន្យល់ថា វាមិនមែនពាក់ព័ន្ធនឹងការរួមភេទតែមួយមុខទេ វាពាក់ព័ន្ធនឹងការរៀបចំផែនការច្បាស់លាស់ កត្តាសុខភាពប្តីប្រពន្ធ អាយុមិនចាស់ពេក ពិសេសមិនពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង ឬបារី។
ចំពោះរបបអាហារសម្រាប់ស្ត្រីវិញ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ណែនាំឲ្យផឹកទឹកដោះ ញាំយ៉ាអួរ ដែលមានអ័រដ្រូសែនខ្ពស់ជួយឲ្យការផលិតមេជីវិតរបស់ស្ត្រីបានល្អ និងជ្រើសអាហារសុខភាពល្អ ដែលមានសារធាតុ ៥ មុខសំខាន់ គឺ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន រ៉ែ និងអាស៊ីដខ្លាញ់ល្អ។
ឯបុរសក៏ត្រូវបំប៉នអាហារសម្បូរវីតាមីន ដែលសម្បូរនៅក្នុងបន្លែផ្លែឈើ ជាតិរ៉ែ តាមរយៈការញ៉ាំ ស៊ុត សាច់មាន់ អយស្ទ័រ សាច់គោ គ្រាប់ធញ្ញជាតិ និងអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលសម្បូរនៅក្នុងត្រីសមុទ្រ ពិសេសត្រីសាលម៉ុន។
[embed-health-tool-ovulation]