អនាម័យលាងសម្អាតប្រដាប់ភេទជារឿងសំខាន់ណាស់សម្រាប់ស្រីៗ ព្រោះបើយើងថែទាំបានល្អត្រឹមត្រូវ យើងក៏នៅឆ្ងាយពីជំងឺ ឬបញ្ហាផ្លូវភេទ ដូចជា ធ្លាក់ស ឬមានក្លិនមិនល្អ ឆ្អាប ឆ្លងរោគ រលាក ឬបញ្ហាផ្សេងទៀតច្រើន។ បើនិយាយរឿងដុសលាង អ្នកណាក៏ធ្វើដែរ តែសំខាន់បានត្រឹមត្រូវ ឬអត់? ប្រើសាប៊ូអី? ថ្ងៃនេះ “Hello គ្រូពេទ្យ” មានការណែនាំខ្លះពីការសម្អាតទ្វារមាសយើង ឲ្យចៀសឆ្ងាយពីរឿងឈឺក្បាល។
ជាការពិតដែលផលិតផលអនាម័យទាំងអស់មានក្លិនក្រអូប ប៉ុន្តែអាចធ្វើឲ្យរំខានដល់ទ្វារមាសបាន។ បើចង់ប្រើសាប៊ូដុំ គួរទិញសាប៊ូធម្មតាមិនមានក្លិន។ ត្រូវចាំថា សាប៊ូមកលាងបានតែផ្នែកខាងក្រៅប៉ុណ្ណោះ ឯផ្នែកខាងក្នុងរបស់ទ្វារមាសវិញ មិនត្រូវសម្អាតទេ ព្រោះវាចេះសម្អាតដោយខ្លួនឯងហើយ។
២- មួយថ្ងៃសម្អាតម្ដងបានហើយ
បើយើងលាងអត់គ្រប់ ទ្វារមាសនឹងមានញើស ហើយធ្លាក់ស ប៉ុន្តែបើដុសលាងញឹកពេក នឹងធ្វើឲ្យទ្វារមាសស្ងួត មានបម្រែបម្រួលបាក់តេរីល្អក្នុងទ្វារមាស កើតរមាស់ ឬធ្លាក់សខុសធម្មតា និងអាចមានមេរោគផ្សិតទៀត។ លាងសម្អាតទ្វារមាសមួយថ្ងៃម្ដង គឺគ្រប់គ្រាន់ហើយ។ ចំពោះពេលមករដូវ ជារឿងផ្សេង ហើយទាមទារឲ្យយើងសម្អាតញឹកញាប់ និងច្រើនជាងធម្មតាបន្តិច។ ការសម្អាត មិនមែនដុសខាត់តែបរិវេណប្រដាប់ភេទទេ ប៉ុន្តែតំបន់ចន្លោះទ្វារមាស និងរន្ធគូទក៏ត្រូវសម្អាតដែរ។

៣- កុំបាញ់ទឹកដាក់ទ្វារមាស
Douching មានន័យថា ជាការបាញ់ទឹកលាងសម្អាតទ្វារមាសដោយផ្ទាល់ ដើម្បីលាងសម្អាតពេលធ្លាក់ស។ ប៉ុន្តែការលាងសម្អាតបែបនេះ នឹងធ្វើឲ្យបាត់បង់ពពួកបាក់តេរីល្អៗនៅខាងក្នុងទ្វារមាស។ ពេលពពួកបាក់តេរីល្អត្រូវយើងលាងចោលអស់ បាក់តេរីមិនល្អនឹងចាប់ផ្ដើមកកើតឡើង។
៤- កុំប្រើក្រដាសសើម ឬប្រដាប់លុញបំបាត់ក្លិន
មិនខុសគ្នាពីសាប៊ូក្លិននោះទេ ក្រដាសសើម ឬប្រដាប់លុញបំបាត់ក្លិន ក៏មិនអាចជួយអ្វីបាន ក្រៅពីនាំទុក្ខទេ។ ទ្វារមាសមានក្លិនធម្មជាតិរបស់វា ហើយអាចប្រែប្រួលទៅតាមបម្រែបម្រួលអ័រម៉ូន មិនមែនយើងចង់ឲ្យវាក្លិនអី តាមដែលចង់បាន ដូចក្លិនទឹកអប់បាញ់ឈ្ងុយឈ្ងប់នោះទេ។ រឿងត្រូវចំណាំខ្លួនឯងមួយទៀត ក្នុងករណី ប្រដាប់ភេទយើងជះក្លិនខ្លាំង ដល់ថ្នាក់បាត់ទាំងទំនុកចិត្ត ហើយពិបាកទ្រាំ គួរទៅជួបពេទ្យ ព្រោះយើងអាចមានបញ្ហាសុខភាពប្រដាប់បន្តពូជហើយ ហើយមិនមែនរឿងទៅដោះស្រាយបាញ់ក្លិន ឬប្រើគ្រឿងក្រអូបមកដោះស្រាយទេ។ ករណីមានក្លិនអាក្រក់នេះ អាចមានការរលាកក្នុងទ្វារមាស។ មេរោគដែលឧស្សាហ៍បង្កឲ្យមានការរលាកនៅទ្វារមាស គឺពពួកបាក់តេរី vaginosis ដែលគេអាចព្យាបាលបាន ដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិក។
ដកការខ្មាសអៀនចោល បើមានចម្ងល់អីផ្សេងទៀត សង្ស័យ គួរប្រញាប់ជជែកជាមួយពេទ្យឯកទេសភ្លាម កុំបង្អង់ កុំទ្រាំ ប្រយ័ត្នរឿងធំថ្ងៃក្រោយ បើប្រដាប់ប្រដាយើងមានបញ្ហាមែន។
អត្ថបទពាក់ព័ន្ធ៖