កើតជាមនុស្សស្រីពិបាកមួយចប់ បើនិយាយដល់បញ្ហាសុខភាពរឹតតែស្មុគស្មាញទៅទៀត។ អ្វីដែលជាបញ្ហាប្រឈមនោះ មនុស្សស្រីងាយនឹងជំងឺកាមរោគជាងមនុស្សប្រុស តើមកពីមូលហេតុអ្វីទៅ?
កត្តាជីវសាស្ត្រ ប្រដាប់ភេទរបស់មនុស្សស្រីមានលក្ខណៈសាំញ៉ាំជាងមនុស្សប្រុសឆ្ងាយណាស់ ហើយចែកចេញជាច្រើនផ្នែក ប្រៀបបាននឹងស្រទាប់ផ្កា នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកបានបញ្ជាក់ថា គេចែកប្រដាប់ភេទមនុស្សស្រីជា ២ ផ្នែក គឺផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ដោយផ្នែកខាងក្រៅមានមាត់ទ្វារមាស សន្ទះព្រហ្មចារី ឯផ្នែកខាងក្នុងមានមាត់ស្បូន ដៃស្បូន តួស្បូន។ ដោយហេតុថា ប្រដាប់ភេទរបស់មនុស្សស្រីមានលក្ខណៈស្មុគស្មាញបែបនេះហើយ ទើបពិបាកក្នុងការអនាម័យ ធ្វើឲ្យងាយឆ្លងរោគផ្សេងៗ ពិសេសពពួកជំងឺកាមរោគ។
“ប្រដាប់ភេទមនុស្សស្រីយើងកាលណាធ្វើអនាម័យមិនបានដិតដល់ ងាយនឹងមានរោគផ្សិត និងមេរោគផ្សេងៗទៀតដែលអាចបង្កទៅជាធ្លាក់ស បើរួមភេទដោយអត់ប្រើស្រោមវិញងាយនឹងឆ្លងជំងឺកាមរោគពីដៃគូ’ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។
អត្ថបទពាក់ព័ន្ធ៖ បច្ចេកទេសសម្អាតកន្លែងសម្ងាត់ស្រីៗ ការពារកុំឲ្យឆ្លងរោគ រលាក ធុំក្លិន
រឿងដែលគ្រោះថ្នាក់នោះ កាលណាមេរោគ ឬបាក់តេរីឆ្លងចូលដល់ទ្វារមាស ហើយព្យាបាលមិនទាន់ពេល អាចទៅជាធ្លាក់សរ៉ាំរ៉ៃ មានក្លិនមានពណ៌ រមាស់ ទៅជារលាកអាងត្រគាក។
មិនថាស្រីៗដែលមានដៃគូ ឬមិនមានដៃគូនោះទេ ចាំបាច់ត្រូវធ្វើអនាម័យប្រដាប់ភេទជាប្រចាំ ដោយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ មិនត្រូវស្លៀកខោក្នុងរឹបពេក ត្រូវផ្លាស់ប្តូរខោក្នុង១ថ្ងៃ/ម្តង ហាមលូកសម្អាតជ្រៅក្នុងប្រដាប់ភេទ ឬប្រើគ្រឿងសម្អាងមានក្លិនលើប្រដាប់ភេទ ពីព្រោះគ្រឿងសម្អាងមួយចំនួនបានសម្លាប់មេរោគល្អនៅក្នុងប្រដាប់ភេទទៅវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]