ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ
គ្នាយើងច្បាស់ជាធ្លាប់ឮពីការនិយាយតៗគ្នាថា កាលណាប្តីប្រពន្ធមានជាប់សាច់ឈាមនឹងគ្នា កាលណាមានកូន កូនកើតមកមិនសូវឆ្លាត ដូចជាប្តីប្រពន្ធដែលមិនជាប់សាច់ឈាមនឹងគ្នានោះទេ។ បើតាមក្បួនវេជ្ជសាស្ត្រវិញ តើពិតជាអ៊ីចឹងមែនអត់?

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេស បារាំង បកស្រាយថា ប្តីប្រពន្ធជាប់សាច់ឈាមគ្នា កើតកូនមកពាក់ព័ន្ធនឹងជំងឺតំណពូជច្រើនជាង បញ្ញាស្មារតី ឆ្លាត ឬមិនឆ្លាត។ លោកស្រីវេជ្ជបណ្ឌិតថា កាលណាប្តីប្រពន្ធមានសាច់ឈាមជាប់គ្នា ឬជិតគ្នាពេក មានន័យថាប្តីប្រពន្ធជាបងប្អូនជីដូនមួយនឹងគ្នា នោះកូនកើតមកប្រឈមនឹងជំងឺតំណពូជច្រើន មានដូចជា ជំងឺគ្រាប់ឈាមក្រហម ខ្សោយប្រាជ្ញា ជំងឺអេពីលិបស៊ី ដោនសីនដ្រោម ជាដើម។
‘ អ៊ីចឹងបានគេតែងតែសួរដែរ គាត់បងប្អូនគ្នាឬអត់? កាលណាជាប់សាច់ឈាមគ្នា អាចប្រឈមមុខនឹងជំងឺតំណពូជច្រើន ពីជីដូនជីតា ឪពុកម្តាយ មានជំងឺអី នោះកូននឹងមានជំងឺហ្នឹងដែរ កាលណាបែកមែកឆ្ងាយៗ គឺសំដៅទៅលើមែកធាងគ្រួសារ នោះអត្រាកើតជំងឺតំណពូជក៏តិចដែរ’។
អត្ថបទពាក់ព័ន្ធ៖
- ប្តីប្រពន្ធរៀបការ១-២ឆ្នាំហើយអត់មានកូន គួរឲ្យបារម្ភអត់?
- ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ

ដើម្បីបង្ការបញ្ហាទាំងអស់ខាងលើនេះ បើអាចចៀសបាន យើងមិនគួររៀបការជាមួយសាច់ញាតិនោះទេ មិនថាជាប់សាច់ញាតិខាងម្តាយ ឬឪពុកនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕