បើនិយាយពីអនាម័យទ្វារមាសនារីមួយចំនួនប្រាកដជាជ្រើសរើសយកការប្រើទឹកអនាម័យមកជំនួស ដើម្បីបំបាត់បញ្ហាមួយចំនួនដូចជាធុំក្លិន និងរមាស់ជាដើម។ ប៉ុន្តែបើយោងតាមលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បានបញ្ជាក់ថា ទឹកអនាម័យគ្មានអ្វីពិសេសជាងទឹកធម្មតាឡើយ។
នាយិការូបនេះបានបន្តទៀតថា ការមានអនាម័យខ្លួនប្រាណស្ត្រីគ្មានអ្វីក្រៅពីងូតទឹក និងលាងសម្អាតជាមួយទឹកធម្មតានោះទេ។ ការប្រើទឹកអនាម័យច្រើនពេកមិនល្អចំពោះនារីទៅវិញទេ ដោយពេលខ្លះវាអាចបណ្ដាលឲ្យរលាក បាត់បង់បាក់តេរីល្អ ឬស្ងួតប្រដាប់ភេទទៅវិញ។ វេជ្ជបណ្ឌិតខាងលើក៏បានពន្យល់ពីវិធីធ្វើអនាម័យខ្លួនប្រាណ និងទ្វារមាសដោយមិនបាច់ពឹងផ្អែកលើទឹកអនាម័យ ដោយគ្រាន់តែងូតទឹក និងលាងសម្អាតធម្មតា ក្រោយបន្ទោបង់ត្រូវលាងសម្អាត ហើយក្រោយរួមភេទត្រូវទៅសម្អាត ព្រោះទឹកកាមបុរសអាចបង្កឲ្យមានក្លិន ប្រសិនបើមិនបានលាងសម្អាតត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន

វេជ្ជបណ្ឌិត ពឹង ជុតិមា បានបន្តទៀតថា ក្រៅពីលាងសម្អាត នៅមានវិធីមួយទៀតដែលស្រីៗគួរតែដឹង គឺប្ដូរខោក្នុងមួយថ្ងៃម្ដង និងកុំព្យាយាមស្លៀកខោរឹបតឹងៗពេក ដើម្បីឲ្យមានខ្យល់ចេញចូល ហើយខាងក្នុងមិនបែកញើស។
មួយវិញទៀតគួរកុំជ្រើសខោហ្កេនដែលរឹបរាងខ្លាំង ព្រោះពពួកខោបែបនោះធ្វើឡើងពីអំបោះ ស្វិត ហាប់ណែន ទើបអាចរឹតបានល្អ និងគ្មានខ្យល់ចេញចូល ទើបធ្វើឲ្យបែកញើស និងមានក្លិនមិនល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]