ក្រោយសម្រាលកូនរួច ស្រីៗមិនទាន់ចាប់ផ្តើមមានរដូវវិញទេ ហើយក្នុងករណីដែលម៉ាក់ៗបំបៅដោះកូនកូនទៀតនោះ ការមករដូវនឹងពន្យារពេលកាន់តែយូរ។ ចុះបើមិនទាន់មករដូវអ៊ីចឹង បើយើងរួមភេទពេលហ្នឹង តើអាចមានកូនអត់?
ចម្ងល់នេះ គ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អ៊ូង មុនីរស្មី ពន្យល់ថា ក្រោយសម្រាលកូនរួច បើម៉ាក់ៗបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឲ្យបានញឹកញាប់ ទៀងទាត់ និងរយៈពេលយូរ នោះការមករដូវក៏យូរទៅតាមនោះដែរ ឯការរួមភេទដោយអត់ការពារអំឡុងពេលនេះ ភាគរយនៃការមានកូនតិចតួចប៉ុណ្ណោះ។ តែក្នុងករណីដែលម៉ាក់មិនបំបៅដោះកូន ឬក៏បំបៅដោះកូនតិចតួច តែឈាមរដូវមិនទាន់ចាប់ផ្តើមមាន ហើយម៉ាក់ចង់អីៗដោយមិនការពារ ភាគរយនៃការមានកូនខ្ពស់បំផុត។
អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួចប៉ុន្មានខែ ទើបស្រីៗអាចផ្តើមរឿងលើគ្រែបាន?
ដើម្បីបង្ការមានផ្ទៃពោះញឹកពេកដោយមិនបានព្រៀងទុក គ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភពរូបនេះ ណែនាំឲ្យម៉ាក់ៗទាំងអស់ត្រូវតែប្រើមធ្យោបាយពន្យារកំណើតណាមួយ បន្ទាប់ពីសម្រាលកូនបាន ១ខែកន្លះ។ មធ្យោបាយពន្យារកំណើតទាំងនោះរួមមាន ស្រោមអនាម័យ ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ កងដាក់ក្នុងស្បូន កងដាក់ក្រោមស្បែក ជាដើម ប៉ុន្តែមុនប្រើវិធីណាមួយ យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]