គ្នាយើងប្រហែលជាដឹងហើយថាការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយហានិភ័យកើតជំងឺរ៉ាំរ៉ៃមួយចំនួនដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឬជំងឺពុកឆ្អឹងជាដើម។ ប៉ុន្តែតាមពិតទៅការហាត់ប្រាណមានប្រយោជន៍លើសហ្នឹងទៅទៀត គឺការហាត់ប្រាណជួយបង្កើនសមត្ថភាពផ្លូវភេទ។
១. ផលប្រយោជន៍ហាត់ប្រាណសម្រាប់បុរស
សម្រាប់មនុស្សប្រុសការហាត់ប្រាណជាទៀងទាត់ ទំនងជាដូចទៅនឹងថ្នាំViagra ធម្មជាតិ។ វាមានទំនាក់ទំនងទៅនឹងបន្ថយហានិភ័យលើបញ្ហាលិង្គមិនឡើងរឹង។ ការសិក្សាមួយបានរកឃើញថា បុរសវ័យកណ្ដាលដែលមិនសូវធ្វើសកម្មភាពរាងកាយ តែត្រូវបានណែនាំឲ្យចូលរួមកម្មវិធីលំហាត់ប្រាណបែបខ្លាំងៗ រយៈពេលប្រាំបួនខែជាប់គ្នា រកឃើញថាបុរសទាំងនោះក៏ចាប់ផ្ដើមមានសកម្មភាពផ្លូវភេទច្រើនជាងមុនដែរ។ ការមានសកម្មភាពផ្លូវភេទច្រើនជាងមុននេះ មានទាំងសកម្មភាពផ្លូវភេទប្រសើរជាងមុន និងទទួលបានការពេញចិត្តនឹងរឿងលើគ្រែជាងមុនដែរ។ ការសិក្សាបញ្ជាក់ថា អ្នកហាត់ប្រាណបានរាងកាយមាំមួនល្អ នឹងបង្កើនសមត្ថភាពផ្លូវភេទបានកាន់តែល្អ។
២. ផលប្រយោជន៍ហាត់ប្រាណសម្រាប់ស្រ្តី
ការសិក្សាលើស្រ្តីបានរកឃើញដែរថា អ្នកដែលមានសកម្មភាពរាងកាយច្រើន ក៏ទទួលបានចំណង់ផ្លូវភេទ ភាពស្រើបស្រាល និងភាពពេញចិត្តនឹងរឿងផ្លូវភេទល្អប្រសើរជាងស្រ្តីដែលមិនសូវមានសកម្មភាពរាងកាយ។ ការសិក្សាមួយទៀត បានរកឃើញដែរថា ស្រ្តីដែលបានជិះកង់ហាត់ប្រាណ២០នាទីក្នុងមួយថ្ងៃ និងបានមើលភាពយន្តបែបស្រើបស្រាលតាមក្រោយ ភាពស្រើបស្រាលទទួលបានពីការរួមភាពក៏ល្អប្រសើរជាងស្រ្តីដែលមិនបានហាត់ប្រាណមុនមើលភាពយន្តបែបស្រើបស្រាល។
៣. មូលហេតុការហាត់ប្រាណជួយសុខភាពផ្លូវភេទ
ការហាត់ប្រាណជួយបង្កើនលំហូរឈាមក្នុងរាងកាយ នាំឲ្យសកម្មភាពផ្លូវភេទរបស់បុរសមានភាពល្អប្រសើរ។ ការហាត់ប្រាណធ្វើឲ្យរូបរាងប្រុសៗសមសួន ក៏ជាផ្នែកមួយជួយឲ្យសកម្មភាពផ្លូវភេទល្អប្រសើរដែរ។ ទាំងស្រ្តី និងបុរស ដែលបានហាត់ប្រាណជាប្រចាំ ច្រើនតែមានអារម្មណ៍ល្អនឹងរឿងរួមភេទ ដែលនាំឲ្យមានសកម្មភាពផ្លូវភេទមួយល្អប្រសើរ។
ដូចគ្នាដែរ ការបញ្ចេញកម្លាំងកាយជាប្រចាំ ពិសេសអ្នកចូលរួមកម្មវិធីហាត់ប្រាណ អាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ដែលអាចជួយបង្កើនចំណង់ផ្លូវភេទលើបុរស និងស្រ្តី។ ប៉ុន្តែ បើសិនជាបញ្ចេញកម្លាំងកាយច្រើនជ្រុល អាចទទួលបានលទ្ធផលផ្ទុយទៅវិញ នាំឲ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះទៅវិញ។ ការសិក្សាក៏រកឃើញដែរថា ប្រុសៗដែលហាត់ប្រាណខ្លាំងៗជាប្រចាំ ហាក់មានការធ្លាក់ចុះចំណង់ផ្លូវភេទទៅវិញ។
[embed-health-tool-ovulation]