backup og meta

ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 08, 2019

    ពេល​អីៗ​នឹង​គ្នា​អត់​ការពារ គួរ​ធ្វើ​ម៉េច ក្រោយ​រួច​រាល់?

    នែ៎​គ្នាយើង! ភ្លេច​ខ្លួន​អត់​ប្រើ​អាវ​ភ្លៀង​មួយ​ពេល មាន​អារម្មណ៍​ម៉េច​ដែរ? ភ័យ​ណាស់ មែន​អត់? បើ​មិន​ខ្លាច​​ឆ្លង​កាម​រោគ ក៏​ខ្លាច​មាន​ផ្ទៃពោះ​ដែរ។ ទុក​ការ​បារម្ភ​មួយ​ឡែក​សិន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ថា​ត្រូវ​ធ្វើ​ម៉េច។

    មាន​វិធី​ការពារ​ច្រើន​ដែល​អាច​ជួយ​ដោះ​ស្រាយ​បាន។ ជាក់ស្ដែង ថ្នាំ​ការពារ​មាន​ផ្ទៃ​ពោះ​បន្ទាន់ ៧២ ម៉ោង ជា​ជម្រើស​ល្​អបំផុត បើ​យើង​រួមភេទ​ជាមួយ​ដៃ​គូ​អត់បាន​ការពារ។ វិធីសាស្ត្រមួយចំនួនទៀត អាច​ជួយ​ឲ្យ​ចៀស​ផុត​ពី​កាមរោគ។

    ១- ថ្នាំ ៧២ ម៉ោង

    វា​ជា​ថ្នាំ​ពន្យារ​កំណើត​ករណី​បន្ទាន់ បង្ការ​ការ​ទម្លាក់​ស៊ុត​របស់​អូវែ ទប់​ស្កាត់​ការ​ឈាន​ទៅ​បង្ក​កំណើត​លើ​ភ្នាស​ស្បូន ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បានការពារ។ ស្រីៗ​ខ្លះ​អាច​ជួប​ប្រទះ​ផល​រំខាន ដូចជាចង្អោរ អស់កម្លាំង ឈឺ​ក្បាល និង​ឈឺ​សុដន់ ក្រោយ​ប្រើ​ថ្នាំ​នេះ។

    ក្រៅពី​ថ្នាំ​ការពារ​បន្ទាន់ យើង​អាច​ប្រើ​កង​ដាក់​ក្នុង​ស្បូន​តូច ហៅថា Copper IUD សម្រាប់​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ ប៉ុន្ដែត្រូវ​ជួប​ផ្ទាល់​ជាមួយ​ពេទ្យ អំឡុង​ពេល​ ៥ ថ្ងៃ​បន្ទាប់​ពី​រួមភេទ​ភ្លេច​ការពារ។ កង​ដាក់​ក្នុង​ស្បូន IUDs ធ្វើការ​ភ្ញោច​បង្កើន​ជាតិ​រំអិល​នៅ​ភ្នាស​ក​ស្បូន ការពារ​កុំ​ឲ្យ​មេជីវិត​ឈ្មោល​ឆ្លង​កាត់​បាន។ ចំណុច​ល្អ​របស់​កង គឺ​ពេល​ដាក់​វា​ចូល​ហើយ យើង​អាច​ប្រើ​បាន​រហូត​ដល់ ១០ ឆ្នាំ ឬ​ក៏​យូរ​ជាង​ហ្នឹង។

    ២- ធ្វើតេស្ត

    សប្បាយ​មួយ​ពេល ភ្លេច​អស់​រឿង​លោកីយ៍ ប្រាកដ​ជា​ភ័យ​ញ័រ​ខ្លួន​មិន​ស្ទើរ​ទេ ពិសេស​ពេល​មិត្តៗ​និយាយ​រឿង​ធ្វើ​តេស្ត​រក​កាម​រោគ ប៉ុន្ដែ​នៅ​តែ​មាន​ផ្លូវ​ព្យាបាល និង​ដោះស្រាយ​ស្ថានភាព​នេះ​បាន។

    បើ​រួមភេទ​មិន​បាន​ប្រើ​អាវ​ភ្លៀង យើង​ត្រូវ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​ប្រមេះ​ទឹក​បាយ ក្លាំមីឌា ស្វាយ ហ៊ីវ និង​មេរោគ​រលាក​ថ្លើម​ ប្រភេទ B និង C ចន្លោះ​ពេល ២ សប្ដាហ៍។ មេរោគ​រលាក​ថ្លើម និង​ហ៊ីវ អាច​ប្រើ​រយៈពេល​យូរ​សម្រាប់​ពិនិត្យ បើ​ទោះ​ធ្វើ​តេស្ត​ឈាម​លើក​ទី១ លទ្ធផល​អវិជ្ជមាន​ក៏​ដោយ ត្រូវ​ធ្វើ​តេស្ត​ឈាម​ក្រោយ ៦ ខែ​បន្ទាប់ ដើម្បី​ឲ្យ​ប្រាកដ។ បើ​យើង​គិត​ថាឆ្លង​មេរោគហ៊ីវ យើង​អាច​ប្រើ​ថ្នាំ Antiretrovirals ប៉ុន្ដែ​​ករណី​ងាយ​នឹង​ឆ្លង​បំផុត គឺករណី​ចាប់​រំលោភ។

    ៣- សង្ស័យថាមានផ្ទៃពោះ

    ការពារ​បន្ទាន់ ៧២ ម៉ោង មិន​មាន​ប្រសិទ្ធភាព ១០០% មិន​ឲ្យ​មានផ្ទៃពោះ​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​ប្រែប្រួល​រាង​កាយ ដោយសារ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ អាច​នាំ​ឲ្យ​រដូវ​មិន​ទៀង ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ស្មាន​រឿង​មាន​ផ្ទៃ​ពោះ។

    ៤- អ្វីខ្លះមិនគួរធ្វើ ក្រោយរួមភេទអត់ការពារ?

    ស្រីៗ​ភាគច្រើន​ព្យាយាម​លាង​សម្អាត​ប្រដាប់​ភេទ បន្ទាប់ពី​រួមភេទ​លាត ដោយ​គិត​ថា​អាច​ជួយ​សម្អាត​ទឹក​កាម និង​មេរោគ​ផ្សេងៗ ប៉ុន្ដែ​ការ​លាង​សម្អាត​នេះ មិន​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ និង​ជំងឺ​កាមរោគ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បង្ក​គ្រោះថ្នាក់​ឲ្យ​ស្បូន​យើង​ឆ្លង​មេរោគ​ ព្រោះ​វា​ទៅ​បំប្លែង​តុល្យភាព​​បាក់តេរី​នៅ​ក្នុង​ស្បូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 08, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម