ស្ត្រីដែលធ្លាប់សម្រាលកូនរួចប្រាកដជាបានដឹងពីរឿងទាស់ដំណេក ដែលចាស់ៗសំដៅលើអាការៈមិនប្រក្រតីមួយចំនួនកើតឡើងបន្ទាប់ពីសម្រាលកូនរួច ពិសេសការរួមដំណេកមុនកាលកំណត់រយៈពេល៣ខែ។ ចុះចំណែកក្បូនពេទ្យ ពេលណាស្រីៗសម្រាលកូនរួចអាចចាប់ផ្តើមរឿងលើគ្រែសារជាថ្មីបាន?
ការដែលចាស់ៗហាមមិនរួមដំណេកលឿនពេកបន្ទាប់ពីសម្រាលកូនរួចនោះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន ថា ជារឿងល្អ គួរធ្វើតាម ព្រោះក្រោយសម្រាលកូនរួចស្បូន និងមាត់ស្បូនរបស់មនុស្សស្រីមិនទាន់ត្រលប់មកសភាពដើមវិញនោះទេ បើរួមភេទលឿនពេកអាចនឹងឈឺចាប់ ពិសេសមានការបង្ករោគនៅទ្វារមាស។
នៅពេលឆ្លងរោគនៅទ្វារមាស ធ្វើឲ្យស្រីៗមានអាការៈក្តៅខ្លួន ស្រៀវស្រាញ ព្រឺរងា បែបនេះហើយ ដែលចាស់ៗយាយថា ទាស់ដំណេកនោះ។
ចំពោះក្បួនវេជ្ជសាស្ត្រ លោកវេជ្ជបណ្ឌិតថា ស្រីៗដែលសម្រាលកូនរួចត្រូវរង់ចាំរយៈពេល៦ សប្តាហ៍ប៉ុណ្ណោះ ឬក៏នៅពេលមានរដូវឡើងវិញ ទើបអាចចាប់ផ្តើមរួមភេទបាន ដែលរយៈពេលនេះស្បូនជាសះស្បើយ លែងមានធ្លាក់ឈាមតាមទ្វារមាស។
ចំពោះស្រីៗដែលបំបៅដោះកូន អាចពន្យារពេលនៃការមានរដូវរហូតដល់៦ខែ ឬលើសពីនេះ ដូចនេះដើម្បីបង្ការការមានកូនលឿនពេក ឬក៏មានកូនដោយចៃដន្យ លោកវេជ្ជបណ្ឌិតថា ទោះជាមិនទាន់មានរដូវក៏ដោយ បើរួមភេទអំឡុងពេលនេះ ត្រូវមានវិធីការពារ ដោយប្រើស្រោមអនាម័យ ឬជ្រើសយកវិធីពន្យារកំណើតផ្សេងទៀត បើមិនដូច្នេះទេស្ត្រីអាចមានកូនដោយចៃដន្យ។
លោកវេជ្ជបណ្ឌិតថា ដោយសារតែអ័រម៉ូនប្រែប្រួល ក្រោយសម្រាលរួចទ្វារមាសស្រីៗអាចនឹងស្ងួត ធ្វើឲ្យមានអារម្មណ៍ឈឺចាប់នៅពេលចាប់ផ្តើមរឿងលើគ្រែសារជាថ្មី។ ដំណោះស្រាយចំពោះបញ្ហានេះ យើងគួរប្រើទឹករម្អិលជាជំនួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕