ធ្លាប់ស្គាល់មេរោគ HPV អត់? ឈ្មោះពេញរបស់វា Human papillomavirus មេរោគនេះឧស្សាហ៍ឆ្លងណាស់ មិនរើសភេទ ឬអាយុទេ។ ស្រីៗភាគច្រើន ដឹងហើយ HPV គ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ មហារីកមាត់ស្បូន។ “Hello គ្រូពេទ្យ’ ធ្លាប់លើកឡើងពាក់ព័ន្ធមេរោគនេះ ក៏ដូចជាវិធីបង្ការ ដោយចាក់វ៉ាក់សាំងការពារ ហើយគ្រប់គ្នាមិនមែនសុទ្ធតែអាចចាក់បានដែរ។ បើអ៊ីចឹង គួរប្រុងប្រយ័ត្ន ហើយត្រូវស្គាល់សញ្ញាឆ្លងមេរោគនេះជាមុន ទើបអាចការពារខ្លួន។
១- ដឹងអ្វីខ្លះពីមេរោគ HPV ?
មេរោគ HPV (Human papillomavirus) ជាមេរោគមួយប្រភេទងាយបង្កជំងឺនៅតំបន់ជុំវិញ និងក្នុងប្រដាប់ភេទ។ HPV ច្រើនកើតឡើងនៅលើមនុស្សពេញវ័យទាំងពីរភេទ។ គេបានរកឃើញថា ពាក់កណ្ដាល ក្នុងចំណោមអ្នកធ្លាប់រួមភេទ មានឆ្លងមេរោគ HPV យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត។ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលនោះ មនុស្សភាគច្រើនមិនបានដឹងថា បានឆ្លងមេរោគមួយនេះឡើយ ដោយសារតែមេរោគ មិនងាយបង្ហាញរោគសញ្ញាឲ្យយើងដឹង។
ម្យ៉ាងដោយសារមេរោគ HPV មានច្រើនប្រភេទ រោគសញ្ញាក៏អាស្រ័យលើប្រភេទមេរោគនីមួយៗ។ គេរកឃើញមានមេរោគ HPV ជាង ១០០ប្រភេទ អាចបង្កឲ្យកើតជំងឺសិរមាន់ ទោះបីជាពេលខ្លះយើងមិនអាចមើលវាឃើញដោយប្រើភ្នែកទទេក្ដី។
មានមេរោគ HPV ប្រភេទខ្លះទៀត បង្កឲ្យកើតជា ជំងឺមហារីកមាត់ស្បូន ទាំងមិនមានបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ខណៈមេរោគមួយចំនួនទៀត អាចបង្កជាជំងឺសិរមាន់លើស្បែកដៃ ឬជើង។
២- គ្រោះថ្នាក់បង្កដោយមេរោគ HPV
គ្នាយើងមួយចំនួនសំណាងល្អ ព្រោះពេលឆ្លងមេរោគ HPV នឹងជាទៅវិញដោយខ្លួន ដោយមិនចាំបាច់ព្យាបាលអ្វីទាំងអស់។ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជានិច្ច ព្រោះបើមានឆ្លងមេរោគ HPV ហើយមិនព្យាបាលត្រឹមត្រូវ អត្រាប្រឈមជំងឺកាចសាហាវមានកាន់តែខ្ពស់ ដូចជា ជំងឺមហារីកមាត់ស្បូន ឬមហារីករន្ធគូទជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
៣- រោគសញ្ញាឆ្លងមេរោគ HPV
មេរោគ HPV អាចមាននៅតាមស្រទាប់ទឹករងៃ ដូចជាតំបន់ប្រដាប់ភេទ ឬនៅលើស្បែកជាដើម។ ប្រសិនយើងសង្កេតឃើញមានសិរមាន់នៅលើប្រដាប់ភេទ មានន័យថា យើងឆ្លងមេរោគ HPV ហើយ។
សិរមាន់អាចកើតឡើងក្នុងទម្រង់ និងពណ៌ជាច្រើនខុសៗពីគ្នា អាចមានពណ៌ផ្កាឈូក ពណ៌ភ្លឺស្រស់ និងអាចមានទម្រង់រាប ឬពកឡើង។ ពេលខ្លះ អាចមានរាងស្រដៀងទៅនឹងផ្កាខាត់ណា ខណៈគ្នាយើងម្នាក់ឆ្លងមេរោគនេះ អាចកើតសិរមាន់តែមួយកន្លែង ឬកើតឡើងច្រើនកន្លែង។ ជំងឺសិរមាន់អាចកើតឡើងនៅតាមកន្លែងជាច្រើនមានដូចជា មាត់ស្បូន ក្រលៀន លិង្គ ពងស្វាស រន្ធគូទ ឬនៅលើភ្លៅជាដើម។
៤- មូលហេតុនាំឲ្យឆ្លងរោគ HPV
យើងមិនអាចដឹងខ្លួន កើតជំងឺសិរមាន់ចាប់តាំងពីពេលណាទេ ព្រោះអាចបង្ហាញខ្លួនឡើងបន្ទាប់ពីមួយសប្ដាហ៍ ឬមួយខែក្រោយ យើងរួមភេទជាមួយដៃគូមានផ្ទុកមេរោគ HPV។ ពេលខ្លះដៃគូយើង ក៏មិនបានដឹងថាខ្លួនមានមេរោគ HPV ដូចគ្នា។ ចាំបាច់បំផុត ត្រូវទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីដឹងថាខ្លួនអ្នកបញ្ហាអ្វីកើតឡើង។
[embed-health-tool-ovulation]