ប្រសិទ្ធភាពរបស់វ៉ាក់សាំងជំងឺមហារីកមាត់ស្បូន ចាក់មុនពេលរួមភេទ ចាប់ពីអាយុ៩ឆ្នាំ ដល់២៦ឆ្នាំ មានប្រសិទ្ធភាពពី ៧៥-៩០% នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើការងារផ្នែកខាងស្ត្រី នៅ Singapore Medical Center។
ចំពោះការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនក្រោយពេលរៀបការ ឬរួមភេទហើយ លោកស្រីវេជ្ជបណ្ឌិតថា ប្រសិទ្ធភាពមានការថយចុះ មិនដូចការចាក់វ៉ាក់សាំងពេលនៅក្មេងនោះទេ។
បើសិនជាស្ត្រីអាយុចាប់ពី៤៥ឆ្នាំឡើងទៅ លោកស្រីវេជ្ជបណ្ឌិតមិនណែនាំឲ្យចាក់វ៉ាក់សាំងនោះទេ ដោយប្តូរមកពិនិត្យមើលកោសិកាមាត់ស្បូនជាប្រចាំល្អជាង។ ចំពោះមូលហេតុដែលលោកស្រីវេជ្ជបណ្ឌិតណែនាំមិនឲ្យចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូននោះ គឺការចាក់វ៉ាក់សាំងនៅពេលនេះ ប្រសិទ្ធភាពតិច មានប្រមាណជា១០% ប៉ុណ្ណោះ។
បើមិនចាក់វ៉ាក់សាំង តើយើងត្រូវពិនិត្យមើលកោសិកាមាត់ស្បូនប៉ុន្មានឆ្នាំម្តង? លោកស្រីវេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ថា អាស្រ័យទៅតាមលទ្ធផលនៃការពិនិត្យកោសិកាមាត់ស្បូន អាច២ឆ្នាំម្តង ឬ១ឆ្នាំម្តង។ “ស្ត្រីត្រូវពិនិត្យកោសិកាមាត់ស្បូនរៀងរាល់២ឆ្នាំម្តង បើសិនជាទទួលបានលទ្ធផលល្អ ផ្ទុយទៅវិញ បើសិនជាមាត់ស្បូនមិនល្អ មានមេរោគ អាចពិនិត្យ៦ខែ ឬ១ឆ្នាំម្តង”។