ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរាលដាលមេរោគអេដស៍ អត់សូវខ្លាំង តែជំងឺដ៏កាចសាហាវ មិនមានថ្នាំបង្ការ ឬថ្នាំព្យាបាលមួយនេះ នៅតែជាក្តីបារម្ភរបស់យើងគ្រប់គ្នា។ ប្រុសៗដែលចូលចិត្ត មានដៃគូសិចច្រើន ឬឧស្សាហ៍រកសេវាខាងក្រៅ អាចប្រឈមខ្ពស់ ប្រសិនបើអត់ប្រើស្រោម ដាច់រលាត់ ហើយប៉ះផ្ទាល់ទៅនឹង សារធាតុរាវពីដៃគូ ដូចជាទឹករងៃ ឈាម…ឬភ្លាត់បែកស្រោមជាដើម។ ប្រសិនបើសង្ស័យ ឬគ្រាន់តែចង់ដឹងធ្វើតេស្ដឈាម រកមេរោគអេដស៍ សាកវិធីប៉ុន្មាននេះ បាន ព្រោះ ពេលខ្លះគ្នាយើង អត់ចូលចិត្តទៅធ្វើតេស្ដនៅពេទ្យទេ មិនថាខ្មាសពេទ្យ ឬភ័យជាដើម។
–ហ៊ីវ (HIV) ឬ អេច.អាយ.វី មកពីពាក្យពេញ Human Immunodeficiency Virus (មេរោគដែលបំផ្លាញប្រព័ន្ធភាពស៊ាំនិងជំងឺក្នុងរាងកាយមនុស្ស)។ មេរោគនេះវាទៅបំផ្លាញ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះអន់ខ្សោយ។
-AIDS មកពីពាក្យ Acquired immune deficiency syndrome (ជំងឺខ្វះប្រព័ន្ធស៊ាំ) ជាដំណាក់កាលចុងក្រោយនៃការវិវត្តន៍នៃមេរោគ HIV។
២– របៀបធ្វើតេស្តមើលហ៊ីវ
រោគសញ្ញាភាគច្រើននៃមេរោគ HIV មិនសូវលេចឡើងនោះទេ រហូតទាល់តែវិវត្តន៍ទៅជាជំងឺ AIDS តែម្ដង។ ម៉្យាងទៀតអ្នកផ្ទុកមេរោគ HIV គឺមិនបានដឹងថាខ្លួនបានឆ្លងមេរោគនេះតាំងពីពេលណាមកនោះដែរ។ វិធីតែមួយគត់ដើម្បីប្រាកដថាយើងឆ្លងមេរោគ HIV ឬក៏អត់ គឺការធ្វើតេស្ដឈាម។ ហើយការធ្វើតេស្តឈាមទៀតសោត មិនមែនមានន័យថាពិនិត្យស្វែងរកមេរោគនោះទេ ប៉ុន្ដែផ្ទុយទៅវិញ គោលបំណងចម្បង គឺស្វែងរកអង់ទីករដែលផ្ដល់សញ្ញាមានមេរោគ HIV នៅក្នុងខ្លួន។
នៅពេលមេរោគ HIVជ្រាបចូលរាងកាយ ពេលនោះរាងកាយយើងនឹងបញ្ចេញអង់ទីករទៅសម្លាប់មេរោគនោះ ទោះបីជាអង់ទីករទាំងនោះមិនអាចទប់ទល់បាននឹងមេរោគ HIV ប៉ុន្តែចំនួនដ៏សន្ធឹកសន្ធាប់នៃអង់ទីករអាចបញ្ជាក់ថាអ្នកមានផ្ទុកមេរោគ HIV។
ដើម្បីអាចធ្វើឲ្យអង់ទីករមានវត្តក្នុងលទ្ធផលការធ្វើតេស្តឈាម គឺត្រូវការពេលវេលាច្រើនសម្រាប់កកើត ជាហេតុនាំឲ្យមានការពិបាកពិនិត្យរកមេរោគ HIV ត្រូវការរយៈពេលយ៉ាងតិច ៦ខែ បន្ទាប់ពីការប៉ះពាល់ឬ ឆ្លងមេរោគ។
ការធ្វើតេស្តរកវីរុសនេះ អាចមានច្រើនរបៀប និងអាស្រ័យទៅតាមការសម្រេចចិត្ត របស់អ្នកចង់តេស្ដ។
–តេស្តនៅពេទ្យ៖ ប្រភេទតេស្ត និយមជាងគេ តាមបណ្ដាមន្ទីរពេទ្យ ឬគ្លីនិក គឺតេស្ត EIA ឬ ELISA តាមរយៈពិនិត្យទៅលើគំរូឈាម ដើម្បីស្វែងរកអង់ទីករនៃមេរោគ HIV ហើយលទ្ធផលត្រូវរង់ចាំយូរបំផុត ២សប្តាហ៍។
បើទទួលបានលទ្ធផលវិជ្ជមាន ការធ្វើតេស្តហៅថា Western blot នឹងត្រូវធ្វើភ្លាមបញ្ជាក់ការពិត ព្រោះធ្វើតេស្ត EIA ឬ ELISA អាចមានការភ័ន្តច្រឡំអង់ទីករផ្សេងទៀត ជាមួយអង់ទីករមេរោគ HIV នាំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស បើមានករណីបែបនេះ ការធ្វើតេស្ត Western blot លទ្ធផលទទួលបានគឺអវិជ្ជមាន។ ម៉្យាងវិញទៀត តេស្ត EIA ឬ ELISA អាចជំនួសបានដោយតេស្ត rapid មានភាពរហ័ស និង ពិតប្រាកដជាក់លាក់រយៈពេលត្រឹមតែ ២០នាទី។ ទោះយ៉ាងណា តេស្ត Western blot នៅតែចាំបាច់ ក្នុងការបញ្ជាក់ការពិត រាល់លទ្ធផលដែលទទួលបាន។
–តេស្តខ្លួនឯង៖ រកទិញឧបករណ៍តេស្ដពីបណ្ដាហាង លក់សម្ភារៈពេទ្យ ឬអនឡាញ។ ឧបករណ៍តេស្ដនោះ គឺសម្រាប់ចាក់ម្ជុលនៅចុងម្រាមដៃ ហៅតាមតេស្ត Finger-Prick និងជូតយកភ្នាសសើមពីក្នុងមាត់ ហៅថាតេស្ត Mouth-Swab។
ក.តេស្ត Finger-Prick៖ វីធីនេះ គ្រាន់តែជោះឈាមមើលខ្លួនឯង (ចាក់ចុងម្រាមដៃ) រួចបន្តក់ឈាមទៅលើបន្ទះកាត មានភ្ជាប់មកជាមួយប្រអប់តេស្ត បន្ទាប់មកត្រូវបញ្ជូនទៅមន្ទីរពិសោធន៍។ លទ្ធផលនឹងផ្ញើត្រលប់មកវិញចូលក្នុងទូរស័ព្ទអ្នក តាមរយៈលេខទូរស័ព្ទមិនបង្ហាញអត្តសញ្ញាណ ដោយត្រូវរង់ចាំរយៈពេល ១សប្ដាហ៍ ដើម្បីទទួលបានលទ្ធផលជាក់លាក់ ៩៩,៩ភាគរយ។ ចំពោះតេស្ដរកHIV នៅខ្មែរយើងអត់មានសេវានេះ នៅឡើយទេ តែបើគ្រាន់តែមើលជាតិស្ករ ជាតិខ្លាញ់…ធម្មតាមាន។
ខ.តេស្ដ Mouth-Swab៖ យើងគ្រាន់តែជូតយកភ្នាសសើមនៅក្នុងមាត់ (តាមអញ្ចាញខាងលើ និងខាងក្រោម) រួចយកសំឡីដែលជូតហើយនោះ ទៅដាក់ក្នុងបំពង់តេស្តមានភ្ជាប់មកជាមួយប្រអប់តេស្ត បន្ទាប់មករង់ចាំ២០នាទីដើម្បីពិនិត្យលទ្ធផល។ ការធ្វើតេស្ត ប្រភេទនេះមិនសូវទទួលបានលទ្ធផលជាក់លាក់ដូចវិធីធ្វើតេស្តផ្សេងទៀតដែរ ព្រោះវាអាចពិនិត្យបានត្រឹមតែ៩២ភាគរយប៉ុណ្ណោះនៃការឆ្លងមេរោគ HIV។
បើសិនជាទទួលបានលទ្ធផលវិជ្ជមាន គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ត្រៀមខ្លួនទទួលការព្យាបាល តាមរយៈការថែទាំសុខភាព និងទទួលទានថ្នាំបានត្រឹមត្រូវ បែបនេះមេរោគ HIV នឹងមិនវិវត្តន៍ទៅជាជំងឺ AIDS នោះឡើយ។ អ្នកមានផ្ទុកមេរោគ HIV អាចមានអាយុវែង និង អាចបំពេញតម្រូវការជីវិតដូចមនុស្សគ្មានផ្ទុកមេរោគដែរ។
ជំនួយតែងតែមានជានិច្ចសម្រាប់យើង សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយ ព្រោះមានអង្គការ ឬពេទ្យជាច្រើនបើកថ្នាំលេប បានផ្ដល់ការគាំទ្រទាំងថវិកា និងផ្លូវចិត្តសម្រាប់អ្នកផ្ទុកមេរោគ HIV ជាជំនួយដ៏មហិមានៃដំណាក់កាលព្យាបាលមេរោគ HIV ៕