backup og meta

​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 09, 2020

    ​ហេរ៉ូអុីនបង្កគ្រោះថ្នាក់​ខ្លាំង​ដល់សុខភាព កុំ​ចង់សាកឲ្យ​សោះ​

    ហេរ៉ូអ៊ីន (Heroin) ​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក្នុង​ជំងឺ​មួយ​ចំនួន។ ពេល​ប្រើ​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យទៅជា​ញៀន​ខ្លាំងទៅវិញ។ លើស​ពីនេះ​ទៀត បើ​សិន​ជា​ប្រើ​ខុស​ក្បួន​នោះ​អាច​ធ្វើ​ឲ្យ​ស្លាប់​ភ្លាមៗ ឬ​មាន​បញ្ហា​សរសៃ​ឈាម​បេះដូង​ផ្សេងៗ​ទៀត​ផង។

    ១- ហេរ៉ូអ៊ីនជាអ្វី?

    ហេរ៉ូអ៊ីន​ជា​ពពួក​អាភៀន​ដែល​ធ្វើ​ចេញ​ពី​ផ្កា​អាភៀន។ គេ​អាច​រក​វា​បាន​នៅ​ម៉ិចសិចកូ អាស៊ី និង​អាមេរិក​ខាង​ត្បូង។ ថ្នាំ​នេះ​មាន​កម្រិត​ជាតិ​ញៀន​ខ្ពស់។ ការ​លក់​ឬ​ចែក​ចាយ​ថ្នាំ​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​ក្នុងប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក។ វា​មាន​រូប​រាង​ជា​ម្ស៉ៅ​ពណ៌​ស ឬ​ពណ៌​ត្នោត ឬ​ជា​ជ័រ​ខ្មៅៗ។

    ២- ប្រើហេរ៉ូអ៊ីនដើម្បីអ្វី?

    ថ្នាំ​នេះ​អាច​ចាក់ ហិត ហ៊ឺត ឬ​ជក់​ក៏​បាន តែថា​ការ​ចាក់​គឺ​គ្រោះ​ថ្នាក់​ជាង​គេ។ ដោយ​សារ​វា​ងាយ​នឹង​លើស​កម្រិត​ប្រើ​ប្រាស់ និង​ងាយ​ឆ្លង​រោគ (អេដស៍) វា​ក៏​អាច​ចូល​ទៅ​កាន់​ខួរ​ក្បាល​បាន​យ៉ាង​រហ័ស។ ហេរ៉ូអ៊ីន​ធ្វើ​ឲ្យ​មាន​ការ​ញៀន​ ដោយ​ធ្វើ​ឲ្យ​មាន​បំលាស់​ប្តូរ​ក្នុង​ខួរ​ក្បាល និង​ត្រូវ​ការ​សារធាតុ​នេះ​ដោយ​មិន​អាច​គ្រប់​គ្រង​បាន។ មនុស្ស​យើង​អាច​នឹង​ញៀន​ដោយ​គ្រាន់​តែ​ប្រើ​ម្តង​ឬ​ពីរ​ដង​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត​ អ្នក​ប្រើ​ហេរ៉ូអ៊ីន​​ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​ជា​ច្រើនដូចជា ជំងឺអេដស៍ ជំងឺ​រលាក​ថ្លើម​ប្រភេទB​ និងC ហើយ​ក៏​ធ្វើ​ឲ្យជំងឺអេដស៍​វិវត្ត​កាន់​តែ​លឿន​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ក៏​អាច​មានទង្វើ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត​ផង ពោល​គឺ​ការ​ប្រើ​ម្ជុល​ និង​ស៊ឺ​រាំង​រួម​គ្នា ព្រម​ទាំង​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ជា​ដើម។

    ៣- ឥទ្ធិពលរបស់ហេរ៉ូអ៊ីន

    ថ្នាំ​នេះ​ជួយ​ឲ្យ​សប្បាយ បាត់​ស្រ្តេស លែង​គិត​ច្រើន បំបាត់​ការ​ឈឺ​ចាប់ និង​ភ័យ​ព្រួយ​នានា។ អ្នក​ប្រើ​មួយ​ចំនួន​ធំ​ជា​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​ប្រែប្រួលអារម្មណ៌ពីរផ្សេងគ្នា ​ជំងឺពិបាកផ្ចង់អារម្មណ៍ និង​ជំងឺ​បាក់​ទឹក​ចិត្តជាដើម។

    ហេរ៉ូអ៊ីន​ត្រូវ​បាន​សំយោគ​ចេញ​ពី​សារធាតុ morphine ដែល​ទាញ​ចេញ​ពី​គ្រាប់​ផ្កា​អាភៀន។ ហេរ៉ូអ៊ីននឹង​បំលែង​ជា morphine វិញ​ពេល​ចូល​ដល់​ក្នុង​ខួរ​ក្បាល ហើយ​តោង​ភ្ជាប់​នឹង​កន្លែងទទួល​របស់​អាភៀន។ កន្លែងទទួល​នេះ​មាន​នៅ​ជា​ច្រើន​កន្លែង​ក្នុង​ខួរ​ក្បាល (និង​ក្នុង​រាងកាយ) ជាពិសេស​សម្រាប់​ទទួល​ដឹង​ការ​ឈឺ​ចាប់ និង​ការ​ប្រព័ន្ធ​នៃ​ការ​ទទួលត្រលប់។ កន្លែងចាប់ទទួលរបស់អាភៀន​មាន​នៅ​ទង​ខួរក្បាល (brain stem) ដែល​ជា​កន្លែង​បញ្ជា​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​ដ៏​សំខាន់ៗ​ក្នុង​ការ​រស់​នៅ​របស់​យើង ដូច​ជា សម្ពាធ​ឈាម ការរំញោច និង​ការ​ដក​ដង្ហើម ជា​ដើម។ ពេលប្រើ​ទៅ អ្នកប្រើប្រាស់​​នឹង​មាន​អារម្មណ៍​ថា​រីក​រាយ​ខ្លាំង​ដូច​បាន​ដល់​ឋាន​សួគ៌​មួយ​រំពេច ហើយ​នឹង​មាន​អារម្មណ៍​ថា​ពិភព​លោក​នេះ​ដើរ​យឺត ឬ​ឈប់​វិល ប្រមាណ​ពីរ​បី​ម៉ោង។ ការ​គិត ការ​ដើរ​នឹង​ទៅ​ជា​យឺត​ជាង​មុន ហើយ​អ្នក​ខ្លះ​ទៀត​ថា​កំពុងវង្វេងវង្វាន់ក្នុងសុបិន្ត។

    ពេល​ហេរ៉ូអ៊ីន​ចូល​ក្នុង​ខ្លួន​ភ្លាម ខ្លួន​ប្រាណ​អ្នកប្រើប្រាស់​​នឹង​ចាប់​ផ្តើម​ស៊ាំ​ជាមួយ​វា។ វា​មិន​មែន​ជា​រឿង​ល្អ​ទេ នេះ​មាន​ន័យ​ថា​អ្នក​ប្រើប្រាស់​ត្រូវ​ប្រើ​វា​ច្រើន​ទៅៗ​ដើម្បី​ឲ្យ​​រំញោច​អារម្មណ៍​ដូច​ពេល​ប្រើ​ដំបូង​នេះ ហើយ​យូរៗ​ទៅ​នឹង​ខ្វះ​វា​មិន​បាន។ តែ​បើ​អ្នក​តាំង​ចិត្ត​ថា​បញ្ឈប់ នឹង​មាន​រោគ​សញ្ញា​ដូច​ជា ក្អួត ញ័រ​ទ្រូង រសាប់​រសល់ រងារ​ញាក់ ចុក​ឆ្អឹង​សាច់​ដុំ និង​មាន​រោគ​សញ្ញា​ដូច​នឹង​ការ​ផ្តាច់​សារធាតុ​ផ្សេងៗ​ទៀត។

    វា​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា៖

    • រលាក​ស្រទាប់​​បេះដូង ​និង​ប្រឹស​បេះដូង
    • កំពិត​សរសៃឈាមវ៉ែន
    • ក្អួត ចង្អោរ រមាស់​ស្បែក​ដោយ​វា​ទប់​សរសៃ​ប្រសាទ​នៃ​ការ​ឈឺ​ចាប់ និង​ធ្វើឲ្យចង្វាក់​បេះដូង​និង​ចង្វាក់​ដង្ហើមដើរយឺត
    • កើត​បូស រលាកស្បែក និង​ការ​បង្ក​រោគ​នៅ​ស្បែក​ផ្សេងៗ
    • ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​រលាក​ថ្លើមប្រភេទB ​C និង អេដស៍
    • រលាក​សួត ជំងឺ​របេង និង​ជំងឺសួត​ផ្សេងៗ​ទៀត
    • រលូត​កូន
    • ការ​ប្រើ​លើស​កម្រិត​អាច​ធ្វើ​ឲ្យ​​ដង្ហើម​លែងដំណើរការ និ​ងស្លាប់​ភ្លាមៗ​តែ​ម្តង

    ដោយ​សារ​វា​ជា​សារធាតុ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្ងន់​ធ្ងរ គេ​កម្រ​នឹង​ណែ​នាំ​ឲ្យ​ប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ណាស់ ប្រើ​ត្រឹម​តែបំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Groupមិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jan 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម