backup og meta

រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 26, 2021

    រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?

    នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គ្នា​យើង​តែង​នឹង​ឃើញ​ដល់​ការ​លាប​គ្រីម​កា​ពារ​កម្ដៅ​ថ្ងៃ តែ​គ្នា​យើង​ទំនង​ជា​មិន​សូវ​បាន​ដឹង​ដល់​ការ​ប្រើ​ប្រាស់​វ៉ែនតា​ការ​ពារ​កម្ដៅ​ថ្ងៃ​​ប៉ុន្មាន​នោះ​ទេ​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​រលាក​បាន ដែល​អាច​ហៅ​ថា​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ​។

    ១. អ្វី​ជា​ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ?​

    ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ ​គឺជា​​ការ​ឈឺចាប់​​បណ្ដោះ​អាសន្ន​មួយ​នៅ​នឹង​ភ្នែក បណ្ដាល​មក​ពី​យើង​ប៉ះ​ពាល់​ទៅ​នឹង​កាំរស្មី​UV ពិសេស​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ។​ ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ អាច​និយាយ​បាន​ថា​ដូច​ទៅ​នឹង​ការ​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ​អ៊ីចឹង​ដែរ​ គ្រាន់តែ​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក័រណេរបស់​ភ្នែក មិន​មែន​ស្បែក​។ ការ​ប៉ះ​ពាល់​​ទៅ​នឹង​កាំ​រស្មី​UV អាច​ធ្វើ​ឲ្យ​ខូច​ខាត​បណ្ដោះ​អាសន្ន​ក័រណេ​ភ្នែក (ជា​ចំណុច​ថ្លា​តូច​មួយ​នៅ​ពី​មុខ​កូនក្រមុំ​ភ្នែក​) និង​ស្រទាប់​ជាលិកា​ភ្នែក​។

    រលាកភ្នែកដោយកម្ដៅ​ព្រះអាទិត្យ

    ២. តើ​វា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

    ​​​ភ្នែក​របស់​យើង​អាច​រង​ផល​ប៉ះពាល់​ពេល​ត្រូវ​នឹង​កាំរស្មី​UV។ កាំ​រស្មី របស់​ព្រះ​អាទិត្យ​ទាំង​UV-A និង​UV-B ចេញ​ពី​ព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ឈឺ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​បាន និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ទៀត​ផង​។

    ក្រៅពី​ការ​ត្រូវ​ដោយ​ផ្ទាល់​ទៅ​នឹង​កាំរស្មី​ព្រះ​អាទិត្យ ការ​មើល​ចំណាំង​ប្លាត​​​របស់​ព្រះ​អាទិត្យ​ពី​ព្រិល ទឹក ឬ​ជញ្ជាំង​ស៊ីម៉ងត៍ ពន្លឺ​ឡាស៊ែរ ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ភ្នែក។​ ដូច​គ្នា​ដែរ ការ​សម្លឹង​មើល​ព្រះ​អាទិត្យ​ពេល​មាន​សូរ្យគ្រាស​ ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​ខាត​ធ្ងន់​ធ្ងរ​ រលាក នៅ​ត្រង់​ស្រទាប់​រ៉េទីន​ផង​ដែរ​។

    ដើម្បី​ការពារ​ភ្នែក ពេល​ចេញ​ក្រៅ​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង​យើង​គួរ​ប្រើ​វ៉ែន​តា​ការ​ពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​មួក​ដែល​​អាច​មាន​ម្លប់​ការពារ​មុខ​ នឹង​ភ្នែក​បាន​ពេញ​លេញ​ល្អ​​។​​​

    ៣. រោគ​សញ្ញា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​

    បើ​សិន​ជា​យើង​មាន​បញ្ហា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​៖

  • ភ្នែក​ឡើង​ក្រហម និង​ឈឺ
  • ចេញ​ទឹក​ភ្នែក​
  • ស្រវាំងភ្នែក
  • ហើម​ភ្នែក​
  • ចាញ់​ពន្លឺ​
  • ​បាត់​បង់​គំហើញ​រយៈពេល​ខ្លី និង​រោគ​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត​។
  • រោគ​សញ្ញា​ទាំង​នេះ​អាច​នឹង​បាត់​ទៅ​វិញ​ចន្លោះ​ពី​ប្រាំមួយ​​ទៅ​២៤​ម៉ោង ប៉ុន្តែ​ជា​ទូ​ទៅ​អាច​បាត់​ទៅ​វិញ ក្នុង​រយៈពេល​៤៨​ម៉ោង​។ ការ​ប៉ះ​ពាល់​កាំរស្មី​កាន់​តែ​យូរ ​ស្ថាន​ភាព​រោគ​សញ្ញា​ក៏​កាន់​តែ​មិន​ងាយ​បាត់​ទៅ​វិញ​ដូច​គ្នា​។ ក្រៅ​ពី​នេះ ការ​ប៉ះ​ពាល់​នឹង​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ​កាន់​តែ​យូរ ហានិភ័យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ បាត់បង់គំហើញក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា​។

    ​ដូច​គ្នា​ដែរ បើ​យើង​កំពុង​នៅ​ក្រៅ​ផ្ទះ ឬ​អាគារ ហើយ​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​ គួរ​ប្រញាប់​ចូល​ក្នុង​ផ្ទះ​ឬ​អាគារ​វិញ និង​ចូល​ក្នុង​បន្ទប់​ងងឹត​មិន​មាន​ពន្លឺ​ខ្លាំង​។ បើ​យើង​ប្រើ contact lenses ត្រូវ​​ដោះ​វា​ចេញ​ និង​មិន​ត្រូវ​​ញី​ភ្នែក​នោះ​ទេ។​​

    ក្នុង​ករណី​មាន​ចេញ​រោគ​សញ្ញា​បែប​នេះ​យូរ​ជាង​ពីរ​ថ្ងៃ​ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​។ គ្រូពេទ្យ​ភ្នែក​នឹង​ពិនិត្យ​ភ្នែក​របស់​យើង និង​អាច​សាក​សួរ​ពី​សកម្មភាព​ដែល​យើង​បាន​ធ្វើ និង​បរិស្ថាន​ការងារ​ផង​ដែរ​។ គ្រូពេទ្យ​នឹង​កំណត់​ថា​រោគ​សញ្ញា​ទាំង​នេះ អាច​បង្ក​ការ​ខូច​ខាត​ភ្នែក​ក្នុង​កម្រិត​ណា​មួយ​ និង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​មួយ​ចំនួន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម