ផលប៉ះពាល់ដល់សុខភាពនៃកាំរស្មីUV
ពិតណាស់ ការបំផ្លាញស្រទាប់អូហ្សូនកាត់បន្ថយការការពារបែបធម្មជាតិនៃបរិយាកាសពីកាំរស្មីUV ហើយប្រសិនបើយើងប៉ះពាល់នឹងកាំរស្មីUVច្រើនជ្រុល វាអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ ហានិភ័យសុខភាពនៃការប៉ះពាល់នឹងកាំរស្មីUVខ្លាំង មានដូចខាងក្រោម៖
១. មហារីកស្បែក
ការប៉ះពាល់នឹងកាំរស្មីUV ច្រើនជ្រុល ឬការរលាកស្បែកជាញឹកញាប់ ជាពិសេសនៅអំឡុងពេលនៅក្មេង សុទ្ធតែអាចអភិវឌ្ឍទៅជាជំងឺមហារីកស្បែក។ ជំងឺមហារីកមួយប្រភេទនេះ កើតឡើងជាទូទៅ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងថែមទៀតផង។
២. បំផ្លាញសុខភាពភ្នែក
ជំងឺភ្នែកឡើងបាយបង្កជាភាពល្អក់នៅក្នុងថង់កែវភ្នែក ធ្វើឲ្យយើងពិបាកមើល និងពិបាកធ្វើការងារប្រចាំថ្ងៃ។ នៅក្នុងករណីដែលពុំមានការព្យាបាល វាក៏អាចនាំឲ្យយើងពិការភ្នែកផងដែរ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា កាំរស្មីUVអាចបង្កើនហានិភ័យនៃការកើតបាយភ្នែក។ ប្រភេទនៃការបំផ្លាញភ្នែកដទៃទៀត រួមមានមហារីកស្បែកនៅបរិវេណភ្នែក ឬកន្ទុយថ្លែន ជាដើម។ យ៉ាងណាមិញ បញ្ហាទាំងនេះអាចកាត់បន្ថយ និងបង្ការបាន ដោយការការពារភ្នែកឲ្យបានត្រឹមត្រូវ ដូចជាប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃដែលមានកម្រិតការពារខ្ពស់។
៣. ចាស់មុនវ័យ និងការបំផ្លាញស្បែកដទៃទៀត
ជាមួយគ្នានេះដែរ នៅពេលដែលយើងប៉ះពាល់នឹងកម្ដៅព្រះអាទិត្យយូរៗទៅ វានឹងធ្វើឲ្យយើងស្បែករបស់យើងចាស់មុនវ័យ ដោយលេចឡើងនូវស្នាមជ្រីវជ្រួញនៃស្បែក និងធ្វើឲ្យស្បែកបាត់បង់ខូឡាជែន និងភាពយឺត។ ដើម្បីបញ្ចៀសបញ្ហាស្បែកទាំងនេះ យើងគប្បីការពារស្បែកពីកាំរស្មីUV ដោយការលាបក្រែមការពារកម្ដៅថ្ងៃ ទោះបីជាអាកាសធាតុត្រជាក់ក៏ដោយ។ ជាពិសេស ចូរជៀសវាងពីកម្ដៅព្រះអាទិត្យនៅចន្លោះម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច។