backup og meta

វិធីល្អៗ​ក្នុង​ការ​​ថែទាំ​ចាស់ៗ​ក្នុង​ផ្ទះ​

វិធីល្អៗ​ក្នុង​ការ​​ថែទាំ​ចាស់ៗ​ក្នុង​ផ្ទះ​

ក្នុងនាមជាអ្នកថែទាំកំដរមនុស្សចាស់គឺជារឿងធម្មតាទេ ប៉ុន្តែការស្វែងយល់ដឹងរបៀបធ្វើកិច្ចការនេះឲ្យបានល្អអាចនឹងមានឧបសគ្គដែលត្រូវជំនះខ្លាំងបន្តិច។ អត្ថបទនេះនឹងផ្តល់ដល់អ្នកនូវគំនិតគន្លឹះមានប្រយោជន៍ខ្លះៗសម្រាប់ការថែទាំបានយ៉ាងជោគជ័យនៃមនុស្សចាស់។ សូមពិនិត្យមើលវា និងកត់ចំណាំទុក។

១- #ព័ត៌មានត្រូវដឹងពីមនុស្សចាស់

រឿង​សាមញ្ញ​បំផុត​ក្នុង​នាម​ជា​អ្នក​ថែទាំ ឬ​គ្រូពេទ្យ គួរ​ដឹង​ពី​អ្នក​ជំងឺ គឺ​ព័ត៌មាន​ផ្ទាល់​ខ្លួន​អ្នក​ជំងឺ និង​ប្រវត្តិជំងឺ និង​របាយការណ៍ ឬ​ប្រវត្តិ​ថ្នាំ​ដែល​ប្រើ។ រក្សា​ទុក​ជាប់ខ្លួន​នូវ​ព័ត៌មាន(ចុងក្រោយ​បង្អស់​ទាក់ទង​នឹង​ផ្នែក​ថ្នាំ ឬ​ជំងឺ) ចាំបាច់ខ្លះៗអំពីអ្នក​ជំងឺវ័យចាស់​ រួមមាន៖

-ថ្ងៃខែ​ឆ្នាំកំណើត

-បញ្ជី​រាយនាម​ឱសថ​ដែល​កំពុងប្រើប្រាស់

-ព័ត៌មាន​​ពីការធានា​រ៉ាប់រង​សុខភាព អាច​ជា​កាត ឬ​លេខ​ប័ណ្ណធានា​

-លេខទូរស័ព្ទវេជ្ជបណ្ឌិត ​គិលានុប្បដ្ឋាក​ មន្ទីរពេទ្យ ​ឬគ្លីនិកព្យាបាល​ដែល​ថែទាំ ឬ​ការព្យាបាល អ្នក​ជំងឺ។

២- #ផ្តល់ការថែទាំពីចម្ងាយ

អាច​តឹងចិត្ត​​បន្តិច​ ពេល​យើង​មិន​នៅ​ទីនោះ​ជាប់​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់ (ចាស់ៗ​) ដែល​ត្រូវ​ថែ ដូចជា​ប៉ាម៉ាក់ ឬ​យាយកុង​ជាដើម។ ពេលវេលា​នៅ​ជិត ហើយ​ថែទាំ​ដោយ​ផ្ទាល់​ជា​រឿង​សំខាន់ ប៉ុន្តែ​ការងារ​ខ្លះ ឬ​ជំនួញ​ខ្លះ​ពិត​ជា​រុញ​អ្នក​ឲ្យ​ទៅ​ឆ្ងាយ​បាន។ ការ​បារម្ភ​នៅ​តែ​មាន ចឹង​ទោះ​នៅ​ឆ្ងាយ​តែ​គន្លឹះខ្លះៗ​ដែល​​អាចប្រើ​ រួម​ចំណែក​​អាច៖​

-កុំស្ងាត់៖ ខល​ទូរសព្ទ ឬ​ប្រើ​បណ្ដាញ​សង្គមវីដេអូខល​មក​ដោយ​ផ្ទាល់ ផ្ញើសារ ឬ​ទាក់ទង​អ្នក​នៅ​ក្បែរ​ថែទាំ ហើយ​សុំ​ជួប​ជាដើម។

-ឆ្លៀតពេល៖ រវល់​ប៉ុណ្ណា​ក៏​ដោយ​សំខាន់​ ឆ្លៀត។ មក​ដោយ​ផ្ទាល់​នៅ​ជា​រឿង​អាទិភាព ដើម្បី​បាន​ឃើញ​ស្នាម​ញញឹម ដែលចាស់ៗ​ចង់​ឃើញ។

៣- #ដាក់ខ្លួន

បើ​សិន​ការងារ​យើង​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​មនុស្ស​ចាស់ ឬ​ជា​តួនាទី​ក្នុង​គ្រួសារ ពិត​ជា​សំខាន់ និង​ចាំ​បាច់​ណាស់ ក្នុង​ការ​ដាក់​ខ្លួន ប្រយ័ត្ន​ការ​និយាយ​ស្ដី ឬ​អាច​លេង​សើច​បាន​ពេល​ខ្លះ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ បូករួម​ទាំង​ការ​ប្រុងប្រយ័ត្ន ឲ្យ​មែនទែន។

៤- #ងូតទឹក

-អត់ធ្មត់

-រៀបចំបន្ទប់​ទឹក​មុន​ពេលងូត​ទឹក​ ឬ​ទឹក​ផ្កាឈូក

-កុំបណ្តោយឲ្យ​ចាស់ៗ ​នៅតែម្នាក់ឯង​ក្នុង​បន្ទប់ទឹក

-ត្រូវ​ប្រាកដ​ចិត្ត​ថា ការ​រៀបចំ ងូត​ទឹក​សម្អាត​របស់​យើងសម្រាប់​ចាស់ៗ មិន​បាន​បញ្ហា ឬ​ការ​រំខាន

-គួរ​សួរ​​ ឬ​ប្រាប់​ជា​មុន​ថា ដល់​ពេល​ងូតទឹកហើយ​ ឬ​ប្រាប់​មុន​ថា យើង​ចង់​ធ្វើ​អី ដូចជា​ ដុសលាង ប្រើ​សាប៊ូ ជាដើម

-រៀបចំគ្រប់របស់របរដែល​ចាំ​បាច់ទាំង​អស់​ដូចជា​​ កន្សែង​ ​សម្លៀកបំពាក់​ ដើម្បី​កុំ​ឲ្យ​ចាស់ៗ​ពិបាក​ឈោង ​ដាក់​ឲ្យ​កៀក ងាយ​លូកយក។

៥- #ថែស្បែកនិងក្រចក

ការថែទាំស្បែក និងក្រចកគឺចាំបាច់ចំពោះសុខភាពណាស់។ យូរៗទៅ ស្បែកអាចប្រែក្លាយជាស្ងួត ជ្រីវជ្រួញ ហើយស្នាមអាចម៍រុយអាចលេចចេញមក។ ក្រចកដែលដុះចាក់ចូលសាច់ក៏អាចជះឥទ្ធិពលផងដែរដល់ជីវិតរបស់គាត់។

-ចៀសវាងសាប៊ូខ្លាំងៗ និងទឹកក្តៅ ព្រោះ​របស់​​ទាំង​នេះ​បណ្តាលឲ្យស្បែក​បាត់បង់​ជាតិទឹក​បាន

-ជានិច្ចកាលកាត់​ក្រចកកាត់​ទទឹង​ឲ្យត្រង់ ហើយ​កុំកាត់​ច្រើន​ពេក ខ្លាច​បង្ក​របួស(មុត) ឬ​ដល់​សាច់​ខ្ចី

-ផលិតផលផ្តល់​សំណើម​(ក្រែម/ឡេ) អាចជួយកាត់បន្ថយភាពស្ងួត​ស្បែកបាន។ ​គួរ​ប្រើ​រាល់ថ្ងៃ ជាពិសេស​នៅ​កែង​ដៃ ជង្គង់ ​និង​បាត​ជើង។

៦- #ថែទាំសក់

ការ​ថែទាំ សម្អាត សិត ឬ​កាត់ ធ្វើ​ម៉ូដ​អី​ជា​ដើម​ហ្នឹង មិនមែន​ចាំ​តែ​ក្មេងៗ​ទេ។ ចាស់ៗ ក៏​ត្រូវ​ការ​ដូច​គ្នា។ ចំពោះ​ករណី​កាត់​សក់ ព្រោះ​ចាស់ៗ​បើ​កាត់ គឺ​ភាគច្រើន ខ្លីៗ។ បើ​គ្រាន់​តែ​កាត់​យក​ខ្លី មិន​ចាំ​បាច់​ម៉ូដ​ គួរ​ព្យាយាម​កាត់​ខ្លួន​ឯង (យើង​អ្នក​កាត់) ឬ​បើ​មាន​ពេល ឬ​ចង់​ស្អាត​បន្តិច គួរ​យក​ទៅ​​ហាង​កាត់ ព្រោះ​អាច​ឆ្លៀត​ម៉ាស្សា​ក្បាល ឬ​កក់​សក់​បាន​ខ្លះ​ផង។

៧- #ដុសធ្មេញ

ធ្មេញមានសារៈសំខាន់សម្រាប់លក្ខណៈភិនភាគរូបរាង ការនិយាយស្តី និងការបរិភោគ។ ការថែទាំធ្មេញអាចនឹងកាន់តែងាយស្រួលពេលអ្នកធ្វើតាមគំនិតគន្លឹះទាំងនេះ៖

-ច្រាសដុស​ធ្មេញ​ទន់ ​កាន់​តែ​ល្អ កាន់តែ​មានប្រយោជន៍

-ពិនិត្យ ឬ​ថែទាំ​(សម្អាត) ប្រចាំ ហោច​ណាស់ ៦ខែ ម្ដង

-ដុស​ធ្មេញ​ឲ្យ បើ​សិន ចាស់ៗ មិន​អាច​កាន់​ដុស​ខ្លួន​ឯង​បាន​ល្អ

-កំណត់​ពេលា​ដុសធ្មេញ ឬ​រំលឹក​ថា ដល់​ម៉ោង​ដុសធ្មេញហើយ

-បើ​មាន​សញ្ញា ឬ​តម្រុយ​បញ្ជាក់​ថា មិន​ស្រួល​ក្នុង​មាត់ ប្រញ៉ាប់​ យក​ទៅ​​ទន្តពេទ្យ ពិនិត្យ​ភ្លាម

-កុំ​តឹងរឹង​ពេក បើ​សិន​ជា​ចាស់ៗ ដាច់​អហិង្ការ​មិន​ព្រម​ដុស​ធ្មេញ កុំ​ជំរុញ​ខ្លាំង​ពេក រំលង​ខ្លះ​ទៅ ចាំ​លើក​ក្រោយ​ចាំ​ព្យាយាម​ សាក​ម្ដង​ទៀង។

អត់​ស្រួល​ទេ រឿង​ថែទាំចាស់ៗ​ ​ហើយទាមទារ​ភាព​ឧស្សាហ៍ ការ​ព្យាយាម និង​អំណត់​ខ្ពស់។ ដើរ​តួនាទី​ឲ្យ​បាន​ល្អ(បើ​យើង​ជា​អ្នក​ធ្វើ​ការ​ផ្នែក​នេះ) ឬ​ជា​តួនាទី​ដ៏​សំខាន់​បំផុត បើ​យើង​ជា​កូន ជា​ចៅ មើល​ថែ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង។ នេះ​ជា​ការ​តប​ស្នង​សង​គុណ ដ៏​ល្អ បំផុត ដែល​យើង​បាន​ធ្វើ។ មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ព្រម​លះបង់ និង​លំបាក​ដូច​យើង ទោះ​ជា​បង​ប្អូន​ក៏ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Government of New Brunswick. 2011. Caregiver’s Guide: Practical information for caregivers of older adults.

Province of Manitoba. A Guide for the caregiver.

Caring for Parents, Keeping Them Healthy. http://www.webmd.com/healthy-aging/guide/staying-healthy?page=2. Accessed January 27, 2017.

កំណែ​ប្រែបច្ចុប្បន្ន

14/01/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

អាហារ ៦ប្រភេទនេះមិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម