អាយុកាន់តែច្រើន ប្រព័ន្ធភាពស៊ាំ ឆ្អឹង សាច់ដុំ ការចងចាំ មុខងារមួយចំនួនទៀត កាន់តែខ្សោយ ហើយនេះជារឿងធម្មជាតិ។ ពេលរាងកាយចាប់ផ្ដើមទ្រុឌទ្រោមចុះថមថយ ជាហេតុដែលមានរោគ និងជំងឺ ងាយនឹងចូលលុកលុយ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលខាងក្នុងរាងកាយយើងប្រែប្រួល ពេលចាស់ទៅ ហើយអាចប៉ះពាល់កម្រិតណា។
១– ផ្នែកខាងក្នុងសំខាន់ៗប្រែប្រួល
– ប្រព័ន្ធបេះដូងសរសៃឈាម
កាន់តែចាស់ កាន់តែងាយមានអត្រាចង្វាក់បេះដូង (ជីពចរ) ទាប ខណៈបេះដូងអាចនឹងប្រែកាន់តែធំឡើង ដោយសារសរសៃឈាម និងសរសៃអាកទែ កាន់តែរឹងជាងមុន។ អាចពិបាកឲ្យឈាមធ្វើហូរ បណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ (ជំងឺលើសឈាម) និងបញ្ហាបេះដូងសរសៃឈាមដទៃផ្សេងទៀត។
– សន្លាក់ឆ្អឹង និងសាច់ដុំ
បន្ទាប់ពីធ្វើការជាច្រើនឆ្នាំមក ឆ្អឹងអាចខ្សោយ ហើយរួញតូច ដែលទាក់ទងនឹងទំហំ និងកំហាប់ឆ្អឹង។ នេះមានន័យថា សកម្មភាពរាងកាយខ្លាំងៗ អាចធ្វើឲ្យឆ្អឹងឈឺចាប់ ឬរងរបួសបានដោយងាយ។ មនុស្សចាស់ថែមទាំងអាចប្រែជាទាបជាងមុនទៀតផង។ ឯសាច់ដុំកាន់តែមិនសូវងាយបត់បែនបានស្រួល និងមិនសូវខ្លាំង បណ្ដាលឲ្យមានបញ្ហាក្នុងការទប់លំនឹងដងខ្លួន និងធ្វើសកម្មភាពប្រចាំថ្ងៃ។
– ប្រព័ន្ធរំលាយអាហារ
ជំងឺទល់លាមក ជាអ្វីដែលឃើញមានញឹកញាប់ជាធម្មតាយ៉ាងខ្លាំងក្នុងចំណោមអ្នកវ័យកាន់តែជ្រេ ហើយមានហេតុផលយ៉ាងច្រើន ដូចជា របបអាហារមានជាតិកាកសរសៃទាប ញ៉ាំទឹកតិច អត់ធ្វើលំហាត់ប្រាណ ជំងឺទឹកនោមផ្អែម និងប្រជុំរោគសញ្ញាពោះវៀនខ្សោយ។ ថ្នាំខ្លះ ក៏អាចជាបុព្វហេតុនៃជំងឺទល់លាមកដែរ ដូចជា ថ្នាំបញ្ចុះទឹកនោម និងថ្នាំបំពេញបន្ថែមជាតិដែក។
– ប្លោកនោម និងផ្លូវនោម
មនុស្សចាស់តាមធម្មតា ប្រឈមការលំបាកទាក់ទងនឹងការនោម ហើយសភាពវេជ្ជសាស្ត្រមួយចំនួន អាចជាកត្តាចូលរួមចំណែក។ ជាក់ស្ដែង ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងជំងឺទឹកនោមផ្អែម និងភាពមិនអាចគ្រប់គ្រងបន្ទោបង់បាន។
– ប្រព័ន្ធការចងចាំ
កាន់តែចាស់ កាន់តែភ្លេច នេះជាសញ្ញាបញ្ជាក់ថា ប្រព័ន្ធចងចាំក្នុងវ័យចាស់ កាន់តែចុះខ្សោយ។ ត្រូវដឹងថា ការចងចាំចុះខ្សោយ អាចជារោគសញ្ញានៃជំងឺបាត់បង់ការចងចាំរបស់មនុស្សចាស់ (Alzheimer’s disease)។ ជំងឺបាត់បង់ការចងចាំ របស់មនុស្សចាស់នេះ មិនគ្រាន់តែបណ្ដាលឲ្យបាត់បង់ការចងចាំតែប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិបាករក្សាភាពរហ័សរហួនផ្នែកបញ្ញាទៀតផង។
២– អាចពន្យឺតភាពចាស់យ៉ាងម៉េច?
ទម្លាប់ញ៉ាំ ឬរបបអាហារ ជារឿងសំខាន់បំផុតមួយក្នុងចំណោមមធ្យោបាយផ្សេង ដើម្បីពន្យឺតភាពចាស់ ក្នុងវ័យកាន់តែច្រើន។ គួរញ៉ាំរបបអាហារមានតុល្យភាព ផ្ដល់សុខភាពល្អ ដូចជា៖
– ជាតិប្រៃ ខ្លាញ់ និងប្រេងឲ្យតិច
– កុំញ៉ាំអាហារសម្បូរជាតិផ្អែមពេក
– អាហារធ្វើពីទឹកដោះគោ ដូចជា ទឹកដោះគោ និងស៊ុត
– ត្រី ជាពិសេសត្រីដែលមានអាស៊ីដខ្លាញ់អូមេហ្គា៣ ខ្ពស់ ដែលល្អសម្រាប់បេះដូង ហើយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង។
– ញ៉ាំបន្លែឲ្យច្រើន។ បន្លែមានជាតិកាកសរសៃ វីតាមីន និងរ៉ែខនិជចាំបាច់ សម្រាប់ត្រូវការរាងកាយ។
– ញ៉ាំផ្លែឈើប្រភេទខុសៗគ្នាឲ្យបានច្រើន។ ផ្លែឈើជួយបន្ថយហានិភ័យកើតជំងឺលើសឈាម បេះដូង ស្ទះ/ដាច់សរសៃឈាមខួរក្បាល ធាត់ និងមហារីកមួយចំនួន។
– នំប៉័ង បាយ ដំឡូងបារាំង និងអាហារមានជាតិម្សៅអាមីដុងដទៃទៀត ក្នុងបរិមាណសមស្រប។
– ផលិតផលធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល ក៏ល្អដែរ។
ចំណុចសំខាន់មួយទៀត គឺហាត់ប្រាណឲ្យបានទៀងទាត់ ដូចជា ដើរ រត់ រាំ ជិះកង់ យ៉ូហ្កា ឬថៃជី ជាដើម។ អ្វីដែលចាស់ៗ ត្រូវប្រកាន់ខ្ជាប់ដាច់ខាត គឺកុំស្មុគ ឬស្ត្រេសពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]