ពេលវ័យកាន់តែចាស់ ទោះបីជាដឹងថា កាល់ស្យូម អាហារជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀតមានសារសំខាន់ចំពោះរាងកាយ តែកត្តាសង្គម របៀបរបបរស់នៅ អាចធ្វើឲ្យមនុស្សវ័យចំណាស់មិនអាចទទួលបានអ្វីទាំងនេះ និងនាំឲ្យជួបបញ្ហាខ្វះអាហារូបត្ថម្ភដែរ។
១. កត្តាហិរញ្ញវត្ថុ
ការមិនសូវមានប្រាក់កាសទិញអាហារហូបចុកឲ្យបានគ្រប់គ្រាន់ជាកត្តាមួយដែលធ្វើឲ្យមនុស្សវ័យចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ អ្វីទាំងនេះអាចថាមកពីយើងដល់វ័យចូលនិវត្តន៍មិនអាចរកប្រាក់បាន ឬក៏អាចមកពីយើងត្រូវចំណាយច្រើនលើការព្យាបាលជំងឺ និងថ្នាំសង្កូវផ្សេងៗ។
២. ចំណង់អាហារ
ដូចគ្នាដែរ មនុស្សវ័យចំណាស់ខ្លះមិនជួបបញ្ហាហិរញ្ញវត្ថុទេ តែបែរជាមិនសូវចង់ញ៉ាំអាហារទៅវិញ ដែលការណ៍នេះក៏រួមចំណែកធ្វើឲ្យមនុស្សចាស់ញ៉ាំបានតិច និងនាំឲ្យខ្វះអាហារូបត្ថម្ភដូចគ្នា។
៣. បញ្ហាធ្មេញ
ពេលឈានដល់វ័យមួយ មនុស្សយើងធ្មេញក៏លែងមានដែរ។ ការបាត់បង់ធ្មេញធ្វើឲ្យមនុស្សចាស់ពិបាកទំពាអាហារ។ ការមិនបានទំពាអាហារឲ្យបានម៉ត់ល្អ ក៏ជាមួលហេតុធ្វើឲ្យសរីរាង្គមិនអាចស្រួបយកសារធាតុចិញ្ចឹមពីអាហារបាន នាំឲ្យជួបបញ្ហាខ្វះសារធាតុចិញ្ចឹមដូចគ្នា។
៤. ពិបាកលេបអាហារ
សមត្ថភាពក្នុងការលេបអាហារមានសារសំខាន់ណាស់ក្នុងការផ្ដល់ដល់រាងកាយនូវសារធាតុចិញ្ចឹម។ បញ្ហាពិបាកលេបអាហារអាចបណ្ដាលមកពីមនុស្សវ័យចំណាស់ជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពមួយចំនួនទៀត។
៥. ញ៉ាំតែឯង
មនុស្សចាស់ញ៉ាំអាហារម្នាក់ឯងអាចនឹងញ៉ាំអាហារបានតិច ដែលការញ៉ាំបានតិចនេះអាចប៉ះពាល់ដល់បរិមាណសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ ដើម្បីបង្កើនការញ៉ាំអាហារឲ្យបានច្រើន មនុស្សវ័យចំណាស់គួរមានគ្នាញ៉ាំបាយជាមួយ ដូចជាសមាជិកគ្រួសារ ឬអាចចែករំលែកអាហារជាមួយអ្នកជិតខាងដើម្បីបានញ៉ាំជុំគ្នាជាដើម។
កត្តាទាំងអស់នេះហើយអាចធ្វើឲ្យមនុស្សវ័យចំណាស់ជួបបញ្ហាខ្វះអាហារូបត្ថម្ភ ហើយបើយើងជាមនុស្សមានជំងឺប្រចាំកាយ ឬកំពុងប្រើប្រាស់ថ្នាំទៀតនោះ ក៏សុទ្ធតែជាកត្តាប្រឈមអាចធ្វើឲ្យខ្វះអាហារូបត្ថម្ភដែរ។
[embed-health-tool-bmi]