គ្នាយើងច្រើនបានដឹងថាខ្ទឹមស និងខ្ទឹមបារាំងអាចធ្វើឲ្យយើងមានក្លិនមាត់មិនល្អបាន។ ប៉ុន្តែដឹងទេថាអាហារមួយចំនួនផ្សេងទៀត ដែលយើងមិនធ្លាប់គិតដល់នោះក៏អាចធ្វើឲ្យយើងមានក្លិនមាត់មិនល្អដែរ។ តើអាហារអ្វីខ្លះទៅ?
១. សាច់
អ្នកជំនាញសុខភាពមាត់ធ្មេញពន្យល់ថាបាក់តេរីចូលចិត្តប្រូតេអ៊ីនរបស់សាច់ណាស់។ នៅពេលដែលបាក់តេរីបំបែកប្រូតេអ៊ីន សមាធាតុអាម៉ូញ៉ាក់ ដែលធ្វើឲ្យមាត់មានក្លិនមិនល្អ ក៏នឹងត្រូវបញ្ចេញមកក្រៅដែរ។ ការណ៍នេះ អាចធ្វើឲ្យយើងមានក្លិនមាត់មិនល្អបាន។
២. ផលិតផលធ្វើពីទឹកដោះ
ពិតណាស់ថាទឹកដោះគោមានប្រយោជន៍ល្អចំពោះរាងកាយ តែក៏អាចធ្វើឲ្យមាត់យើងមានក្លិនមិនល្អដែរ។ បញ្ហានេះកើតឡើងដោយសារតែបាក់តេរីនៅក្នុងមាត់យើងរស់នៅបានដោយសារអាមីណូអាស៊ីដក្នុងទឹកដោះគោ ឬឈីស ដែលនាំឲ្យមាត់មានក្លិនអាក្រក់។
៣. កាហ្វេ
បើនិយាយដល់កាហ្វេ មនុស្សជាច្រើនមិនអាចអត់កាហ្វេពេលព្រឹកបានទេ តែថាការផឹកកាហ្វេក៏អាចធ្វើឲ្យមានក្លិនមាត់ដែរ។ កាហ្វេមានផ្ទុកកម្រិតអាស៊ីដខ្ពស់ ស្របពេលដែលបាក់តេរីក្នុងមាត់យើងចូលចិត្តអាស៊ីដទៀត គឺត្រូវគ្នាតែម្ដង អាស៊ីដ និងបាក់តេរីទាំងនេះធ្វើឲ្យមាត់យើងមានក្លិន។ ដូចគ្នាដែរ កាហ្វេអាចធ្វើឲ្យយើងស្ងួតមាត់ផងដែរ ដែលការស្ងួតមាត់នេះក៏អាចធ្វើឲ្យមាត់យើងមានក្លិនមិនល្អដែរ។
វិធីកម្ចាត់ក្លិនមាត់ក្រោយញ៉ាំអាហារទាំងនេះ
បើគ្នាយើងសង្កេតឃើញថា យើងមានធុំក្លិនមាត់ក្រោយញ៉ាំអាហារទាំងបីប្រភេទខាងលើ យើងអាចកម្ចាត់ក្លិនមាត់នេះបានដោយវិធីដុសសម្អាតធ្មេញ ឬប្រើទឹកខ្ពុរមាត់ក៏បាន។ ដូចគ្នាដែរ បើយើងមិនបានដុសធ្មេញ យើងអាចទំពារស្ករកៅស៊ូគ្មានជាតិស្ករ ដើម្បីបង្កើនទឹកមាត់ ដើម្បីរួមចំណែកកម្ចាត់ក្លិនមាត់មិនល្អ។
ប៉ុន្តែគ្នាយើងត្រូវចាំថាបើបញ្ហាក្លិនមាត់កើតមានជាប្រចាំ គួរពិភាក្សាជាមួយទន្តពេទ្យ ព្រោះថានេះអាចមកពីបញ្ហាអញ្ចាញ ឬបញ្ជាជំងឺក្រពះជាដើម។
[embed-health-tool-bmi]