ស្នាមញញឹមស្រស់ស្អាត នឹងធ្វើឲ្យគ្នាយើងកាន់តែមានភាពជឿជាក់លើខ្លួនឯង ក៏ដូចជាមានភាពទាក់ទាញកាន់តែខ្លាំង។ ពិតណាស់ ការពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំសុខភាពមាត់ធ្មេញ។ យ៉ាងណាមិញ ការថែទាំអនាម័យមាត់ធ្មេញឲ្យបានត្រឹមត្រូវដោយខ្លួនឯង គឺជារឿងដែលយើងមិនត្រូវធ្វេសប្រហែសឡើយ។
ដូច្នេះហើយ ដើម្បីធានាថាធ្មេញរបស់យើងមានសភាពសស្អាត និងមានសុខភាពល្អ ចូរជៀសវាងកំហុសឆ្គងក្នុងការដុសធ្មេញទាំង៦នេះ។
១. ដុសធ្មេញមិនត្រឹមត្រូវ
ការដុសសម្អាតធ្មេញត្រឹមត្រូវ គឺជាគន្លឹះក្នុងការការពារជំងឺពុកធ្មេញ និងប្រហោងធ្មេញ។ គ្នាយើងគប្បីប្រើថ្នាំដុសធ្មេញទំហំប៉ុនគ្រាប់សណ្ដែក និងដុសសម្អាតធ្មេញថ្នមៗជារង្វង់ចុះឡើង។ បន្ថែមពីនេះ ចូរខ្ជាក់ថ្នាំដុសធ្មេញដែលនៅសល់ចេញ ប៉ុន្តែមិនចាំបាច់ខ្ពុរមាត់ជាមួយនឹងទឹកឡើយ ពីព្រោះវាអាចនឹងធ្វើឲ្យជាតិផ្លអូរ៉ាយដែលនៅសល់ដើម្បីជួយការពារកុំឲ្យខូចធ្មេញ ត្រូវបានបាត់បង់។
២. ប្រើប្រាស់ច្រាសដុសធ្មេញរយៈពេលយូរ
ជាមួយគ្នានេះដែរ ច្រាសដុសធ្មេញមិនអាចប្រើប្រាស់រយៈពេលយូរបានឡើយ។ បន្ទាប់ពីយើងប្រើវាចំនួន២០០ដង សរសៃច្រាសនឹងចាប់ផ្ដើមសឹក និងរីកមុខ។ ច្រាសភាគច្រើនមានអាយុកាលប្រហែល៣ខែប៉ុណ្ណោះ។ ដូចនេះហើយ យើងគប្បីផ្លាស់ប្ដូរច្រាស់ដុសធ្មេញ នៅពេលដែលយើងសង្កេតឃើញថាសរសៃច្រាសចាប់ផ្ដើមរីកមុខ ពីព្រោះនៅពេលដែលសរសៃច្រាសរីកមុខ វានឹងមិនអាចចូលចន្លោះតូចៗនៃធ្មេញ ធ្វើឲ្យកំណកកំបោរដែលនៅក្នុងមាត់ពិបាកក្នុងការសម្អាតចេញ។ បន្ថែមពីនេះ បាក់តេរី និងកម្ទេចកំទីអាហារក៏ចាប់ផ្ដើមកកើតឡើងនៅលើច្រាសដុសធ្មេញផងដែរ ប្រសិនបើវាមានសភាពចាស់ពេក។
៣. មិនសម្អាតអណ្ដាត
បាក់តេរីដែលកំពុងរស់នៅលើអណ្ដាតរបស់យើង ជាហេតុនាំឲ្យមានក្លិនមាត់មិនល្អ។ នៅពេលដែលយើងដុសសម្អាតធ្មេញ ចូរកោសសម្អាតបាក់តេរីនៅលើអណ្ដាតជាមួយនឹងឧបករណ៍សម្អាតអណ្ដាតដាច់ដោយឡែក ឬនៅលើខ្នងច្រាសដុសធ្មេញតែម្ដង។
៤. មិនប្រើអំបោះទាក់ធ្មេញ
បន្ថែមពីនេះ ការមិនប្រើអំបោះទាក់ធ្មេញជារៀងរាល់ថ្ងៃក៏អាចប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់យើងដូចគ្នា។ ទោះបីជាយើងព្យាយាមដុសធ្មេញឲ្យសព្វកន្លែងយ៉ាងណាក្ដី ប៉ុន្តែច្រាស់ដុសធ្មេញមិនអាចចូលទៅសម្អាតឲ្យបានស្អាត១០០%ឡើយ ដែលធ្វើឲ្យកំណកកំបោរកកើតឡើង។ ពិតណាស់ កំណកកំបោរអាចបង្កជាបញ្ហាមាត់ធ្មេញដ៏ធ្ងន់ធ្ងរ ដូចជារលាកអញ្ចាញធ្មេញ និងឬសប្រហោងធ្មេញ។
៥. ដុសសម្អាតធ្មេញភ្លាមពេក បន្ទាប់ពីញ៉ាំអាហាររួច
គ្នាយើងភាគច្រើនតែងតែដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំអាហារដែលមានជាតិអាស៊ីដរួច។ យ៉ាងណាមិញ បន្ទាប់ពីញ៉ាំអាហាររួច កម្រិតpHនៅក្នុងមាត់នឹងធ្លាក់ចុះ ហើយបរិមាណអាស៊ីដនៅក្នុងទឹកមាត់កើនឡើង។ ការដុសសម្អាតធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច អាចត្រដុសអាស៊ីដទាំងនោះឲ្យចូលជ្រៅទៅក្នុងកាចាធ្មេញ ក៏ដូចជាអាចធ្វើឲ្យធ្មេញខូចនៅថ្ងៃខាងមុខ។ យ៉ាងហោចណាស់ គ្នាយើងគប្បីរង់ចាំប្រហែល៣០នាទីសិន បន្ទាប់ពីញ៉ាំអាហាររួច ចាំធ្វើការដុសធ្មេញជាក្រោយ។
៦. សម្អាតធ្មេញរយៈពេលខ្លីពេក
ការដុសធ្មេញមួយថ្ងៃពីរដង និងមានរយៈពេលយ៉ាងហោចណាស់២នាទីជារៀងរាល់ថ្ងៃ គឺមានសារសំខាន់ណាស់។ ប្រសិនបើយើងដុសធ្មេញតិចជាងនេះ វាអាចធ្វើឲ្យបាក់តេរីកកើតឡើង ដែលបង្កជាគ្រោះថ្នាក់ដល់សុខភាពមាត់ធ្មេញ។ ម្យ៉ាងវិញទៀត ការដុសធ្មេញច្រើនជាង៣ដងក្នុងមួយថ្ងៃក៏អាចបំផ្លាញអញ្ចាញធ្មេញរបស់យើង ព្រមទាំងអាចបណ្ដាលឲ្យសឹកកាចាធ្មេញរបស់យើងដូចគ្នា។
[embed-health-tool-bmi]