ក្លិនមាត់អាក្រក់គឺពិតជាបញ្ហាមួយដែលរំខានហើយព្រមទាំងប៉ះពាល់ដល់ភាពជឿជាក់របស់យើងគ្រប់គ្នាផងដែរ។ អត្ថបទខាងក្រោមនេះនឹងបង្ហាញគ្នាយើងពីតិចនិកខ្លះៗជួយផ្លាស់ប្ដូរក្លិនមាត់ពីអាក្រក់មកល្អវិញ។
១- ដុសធ្មេញហោចណាស់២ដងក្នុងមួយថ្ងៃ
ក្លិនមាត់មិនល្អគឺបណ្ដាលមកពីបាក់តេរីផ្ដុំគ្នា និងកម្ទេចកម្ទីចំណីអាហារដែលជាប់នៅនឹងធ្មេញរបស់យើង។ ដោយសារតែមានប្រហោង និងកន្លុកកន្លៀតសំរាប់ឲ្យបាក់តេរីកកើតឡើង និងវិវឌ្ឍនៅក្នុងមាត់ យើងត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនលើការដុសសម្អាតធ្មេញដើម្បីកម្ចាត់ក្លិនមិនល្អនេះ។
- ប្រើច្រាសដែលមានសរសៃទន់ហើយកាន់ផ្អៀងក្នុងមុំ៤៥ដឺក្រេ ដុសធ្មេញមួយៗ និងឲ្យបានម៉ត់ចត់។ យ៉ាងណាមិញត្រូវប្រើកម្លាំងថ្នមៗព្រោះកម្លាំងខ្លាំងពេកអាចប៉ះពាល់ដល់អញ្ចាញធ្មេញរបស់យើង។ ការដុសធ្មេញបានត្រឹមត្រូវគឺចំណាយពេលប្រហែល៣នាទីតែប៉ុណ្ណោះ។
- ថែរក្សាគ្រប់កន្លែងនៅក្នុងប្រអប់មាត់ដូចជាអញ្ចាញធ្មេញអណ្ដាតនិងធ្មេញ។
២- សម្អាតអណ្ដាត
ដោយសារតែអណ្ដាតរបស់យើងមានផ្ទៃច្រើនហើយគ្របដណ្ដប់ទៅដោយសណ្ឋានបែបទួលនិងចង្អូរ ការដុសធ្មេញតែមួយមុខគឺមិនគ្រប់គ្រាន់ទេ ព្រោះអណ្តាតក៏មានផ្ទុកបាក់តេរីច្រើនជាងកន្លែងផ្សេងទៀតនៃប្រអប់មាត់របស់យើង។
- យើងអាចប្រើឧបករណ៍សម្រាប់សម្អាតអណ្តាតតែម្ដងឬប្រើច្រាសដែលមានសរសៃទន់ក៏បាន
- សម្អាតអណ្ដាតពីក្រោយទៅមុខនិងលាងសម្អាតចេញរាល់ការអូសទាញម្ដងៗ
- ប្រសិនបើយើងទ្រាំមិនបានចង់ក្អួតយើងអាចពិភាក្សាជាមួយគ្រូពេទ្យជំនាញថាគួរធ្វើឬអត់
៣- ប្រើអំបោះទាក់ធ្មេញប្រចាំថ្ងៃ
ការប្រើអំបោះទាក់ធ្មេញគឺមានសារសំខាន់ដូចទៅនឹងការដុសធ្មេញឬសម្អាតអណ្ដាតដូចគ្នាតែមនុស្សភាគច្រើនតែងតែមិនចាប់អារម្មណ៍នឹងវិធីនេះ។ នៅពេលដែលយើងប្រើអំបោះទាក់ធ្មេញដំបូងអញ្ចាញរបស់យើងអាចមានឈាមហូរ ស្របពេលដែលយើងរុញកម្ទេចចំណីចេញដែលជាប់ក្នុងអញ្ចាញក្នុងរយៈពេលយូរ។ ហិតក្លិនអំបោះទាក់ធ្មេញក្រោយពេលទាក់ធ្មេញរួចនោះយើងនឹងដឹងថាហេតុអ្វីបានជាមាត់យើងមានក្លិនមិនល្អ។
៤- ប្រើទឹកខ្ពុរមាត់
ប្រើទឹកខ្ពុរមាត់ជាប្រចាំនឹងរក្សាសំណើមក្នុងមាត់និងគ្មានបាក់តេរី។
- ជ្រើសរើសទឹកខ្ពុរមាត់ដែលមានផ្ទុកសារធាតុក្លរិចឌីអុកស៊ីត ។ បាក់តេរីភាគច្រើនដែលបង្កឲ្យមានក្លិនមាត់មិនល្អគឺសម្ងំពួននៅខាងក្រោយអណ្ដាតដែលឆ្ងាយពេកមិនអាចកម្ចាត់ចេញតាមរយៈការសម្អាតអណ្ដាត។ ដូចនេះការខ្ពុរមាត់ជាប្រចាំជាមួយទឹកដែលមានសារធាតុក្លរិចស៊ីឌីននឹងជួយបន្សាបបាក់តេរីទាំងនោះ។
- មុននឹងធ្វើការដុសសម្អាតធ្មេញកោសអណ្ដាតឬប្រើអំបោះទាក់ធ្មេញ យើងគួរតែខ្ពុរមាត់ជាមុនសិន។ បន្ទាប់មកទៀតសឹមចាប់ផ្ដើមការសម្អាតនិងខ្ពុរម្ដងទៀតជាចុងបញ្ចប់។ ការធ្វើបែបនេះគឺដើម្បីប្រាកដថាយើងបានកម្ចាត់ចេញនូវបាក់តេរីទាំងនោះ។
៥- ទំពារស្ករកៅស៊ូ
ស្ករកៅស៊ូប្រភេទណាក៏បានព្រោះថាស្ករកៅស៊ូនឹងជួយភ្ញោចដល់ការបញ្ចេញទឹកមាត់ច្រើន។ មានស្ករកៅស៊ូមួយចំនួនដែលល្អប្រើជាងប្រភេទដទៃ:
- ស្កររសជាតិឈើអែមមានប្រសិទ្ធភាពប្រឆាំងបាក់តេរី
- ស្ករកៅស៊ូផ្អែមជាមួយសារធាតុស៊ីលីតុលមានលក្ខណៈប្រសើរជាងស្ករដទៃព្រោះសារធាតុទាំងនោះអាចប្រឆាំងបាក់តេរីពីការកកើតសារថ្មីនៅក្នុងមាត់។
ប្រសិនបើជំហានខាងលើទាំងនេះនៅតែមិនមានប្រសិទ្ធភាពគ្នាយើងគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ដំបូន្មានបន្ថែម និងទទួលការព្យាបាល។
[embed-health-tool-bmi]