និយមន័យ
១- អ្វីទៅជាបញ្ហាធ្មេញដុះមិនត្រង់ជួរ?
ធ្មេញមិនត្រង់ជួរ កើតឡើងពេលធ្មេញដុះមិនចំជួរពីធម្មជាតិ ខណៈជាធម្មតាធ្មេញ គឺត្រូវដុះរៀបរយក្នុងមាត់ មិនមានប្រហោង និងចង្អៀតគ្នាពេកទេ ហើយធ្មេញទាំងអស់មិនអាចដុះខុសជ្រុងទៅមុខទៅក្រោយដែរ។ ធ្មេញនៅជួរថ្គាមខាងលើ គឺគ្របលើធ្មេញដុះចេញពីថ្គាមផ្នែកខាងក្រោម ដើម្បីឲ្យចុងធ្មេញថ្គាមលើចូលក្នុងប្រឡោះធ្មេញថ្គាមខាងក្រោមបាន។
នៅពេលមានបម្រែបម្រួលការវិវត្តនៃជួរធ្មេញ គេហៅថាធ្មេញដុះមិនត្រូវជួរ។ គ្រប់ការដុះវៀច បង្កឲ្យមានបញ្ហាមិនខាន ព្រោះតែទម្រង់ល្អធ្មេញខាងលើ ជួយការពារកុំឲ្យខាំសាច់ថ្ពាល់ និងបបូរមាត់ ចំណែកទម្រង់ល្អផ្នែកខាងក្រោម ការពារកុំឲ្យខាំអណ្ដាត។
២- បញ្ហាធ្មេញដុះមិនត្រង់ជួរកើតឡើងញឹកញាប់ដែរទេ?
បញ្ហាដុះធ្មេញមិនត្រង់ជួរបែបនេះ ឧស្សាហ៍ជួបប្រទះណាស់ ដូចនេះបើមានចម្ងល់សូមទាក់ទងទៅទន្តពេទ្យ។
រោគសញ្ញា
៣- បញ្ហាធ្មេញដុះមិនត្រង់ជួរមានរោគសញ្ញាអីខ្លះ?
– ទម្រង់ធ្មេញមិនប្រក្រតី
– មុខមាត់ពយខុសធម្មតា
– ពិបាកខាំ និងទំពាអាហារ
– ពិបាកនិយាយ (ករណីកម្រ)
– ដកដង្ហើមតាមមាត់
– មិនអាចទំពាអាហារបានល្អ (មាត់បើកចំហ)
៤- ពេលណាគួរជួបពេទ្យ?
បើសិនប្រទះឃើញរោគសញ្ញាមួយចំនួនដូចរៀបរាប់ខាងលើ គួរប្រញាប់ទៅជួបគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥- ធ្មេញដុះមិនត្រង់ជួរបណ្ដាលមកពីមូលហេតុអីខ្លះ?
ភាគច្រើន កត្តាតំណពូជ មានន័យថាប៉ាម៉ាក់យើង មានធ្មេញមិនត្រង់ជួរ ពេលមានកូន ក៏អាចមានវិបត្តិនេះដូចគ្នា។ ហើយមានកត្តាផ្សេងទៀត បង្កឲ្យមានការដុះធ្មេញមិនត្រូវទម្រង់ធម្មជាតិ មានដូចជា៖
– មានបញ្ហាឆែបមាត់ ឆែបក្រអូម
– នៅប្រើប្រាស់ក្បាលដោះ បន្ទាប់ពីអាយុបាន ៣ឆ្នាំ
– បៅទឹកដោះគោយូរពេក
– ក្មេងចូលចិត្តជញ្ជក់មេដៃ
– ប៉ះទង្គិចដោយប្រការណាមួយ
– មានដុំមហារីកក្នុងមាត់
– មានធ្មេញដុះមក មានរូបរាងមិនប្រក្រតី
– ថែទាំសុខភាពមាត់ធ្មេញមិនបានល្អ
– ស្ទះផ្លូវដង្ហើម ភាគច្រើនមកពីអាលែកហ្ស៊ី ឬដុះសាច់បំពង់ក។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមនាំឲ្យក្មេងមានធ្មេញដុះមិនត្រង់ជួរ៖
– កត្តារូបរាង ដូចជា ធ្មេញដុះខ្វះ មិនមានការលូតលាស់ធ្មេញ និងវិបត្តិលំនឹងសាច់ដុំ
– កត្តាឥរិយាបថ ដូចជា ចូលចិត្តជញ្ជក់ម្រាមដៃ
– ការប៉ះទង្គិច និងជំងឺផ្សេងៗ
– កត្តាបរិយាកាស និងសង្គម ដូចជា ទទួលរងនូវអំពើហិង្សា និងការធ្វេសប្រហែសគ្មានការមើលថែជាដើម។
អត្ថបទពាក់ព័ន្ធ៖
- វិធីថែធ្មេញកូន មិនឲ្យខូចដោយសារញ៉ាំស្ករគ្រាប់ ឬចំណីផ្អែមៗ
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យ ពេទ្យនឹងពិនិត្យទម្រង់ធ្មេញ ដោយថតកាំរស្មីអ៊ិច។ ក្នុងករណីមានការដុះវៀច ឬមិនត្រង់ជួរ ពេទ្យនឹងបែងចែកជា ៣ប្រភេទ ដូចជា៖
– ប្រភេទទី ១៖ ធ្មេញខាងលើគ្របធ្មេញខាងក្រោម ប៉ុន្តែការខាំទំពា អាចធ្វើបានដូចធម្មតា ដោយសារតែធ្មេញវៀចតិចតួចប៉ុណ្ណោះ ហើយបញ្ហាធ្មេញដុះមិនត្រង់ជួរប្រភេទនេះ ជួបប្រទះញឹកញាប់ជាងគេ។
– ប្រភេទទី ២៖ ទម្រង់ធ្មេញដែលវៀច នឹងការខាំបបូរមាត់លើធ្ងន់ធ្ងរ គេឲ្យឈ្មោះថា Retrognathism មានន័យថាធ្មេញផ្នែកខាងលើជ្រុលទៅមុខខ្លាំង។
– ប្រភេទទី ៣៖ បញ្ហាដែលស្ថិតក្នុងក្រុមនេះ នឹងបណ្តាលឲ្យខាំបបូរមាត់ក្រោមធ្ងន់ធ្ងរ គេឲ្យឈ្មោះថា Prognathism មានន័យថា ធ្មេញផ្នែកខាងក្រោមជ្រុលទៅមុខខ្លាំង គ្របធ្មេញផ្នែកខាងលើ។
៨- ព្យាបាលដោយវិធីណា?
មានមនុស្សតិចណាស់មានធ្មេញដុះមកត្រង់ល្អ មិនវៀច ខណៈមួយចំនួនមានធ្មេញវៀចតិចតូច ក៏មិនបង្កបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់ទាមទារការព្យាបាលដែរ។ ប៉ុន្តែនៅពេលវៀចខ្លាំង ត្រូវទទួលការព្យាបាលកែលម្អទម្រង់ធ្មេញឡើងវិញដោយសារតែមានប្រយោជន៍ធ្វើឲ្យ៖
– ងាយសម្អាត និងបន្ថយហានិភ័យបង្កជំងឺ ដូចជា រលាកអញ្ចាញធ្មេញ ជាដើម។
– សម្អាតសំអេក (អាចម៍ធ្មេញ) ដែលជាប់ធ្មេញ ថ្គាម និងសាច់ដុំ ហើយមួយវិញទៀត ក៏អាចជួយបន្ថយការភ្លាត់សន្លាក់ឆ្អឹងថ្គាមផងដែរ។
ការកែលម្អធ្មេញរួមមាន៖
- ការពត់ធ្មេញដោយប្រើដែក សេរ៉ាមិច រួមជាមួយកៅស៊ូ ដើម្បីរឹតនៅលើផ្ទៃធ្មេញ។ គ្នាយើងខ្លះទៀត ក៏អាចពត់ធ្មេញដោយមិនចាំបាច់ត្រូវការដែកលួសរឹតក៏មាន។
- ការដកធ្មេញមួយ ឬច្រើនប្រសិនបើចង្អៀតពេក។
- ព្យាបាលធ្មេញមិនប្រក្រតី ដូចជា តម្រឹម ប៉ះធ្មេញ ឬស្រោបជាដើម។
- ការវះកាត់ដើម្បីតម្រឹមធ្មេញ និងកាត់ឆ្អឹងថ្គាម ធ្វើឡើងដោយកម្រ ហើយដាក់បន្ទះដែក និងខ្ចៅត្រូវធ្វើឡើងដើម្បីទប់លំនឹងឆ្អឹងថ្គាមឲ្យបានល្អ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ទម្លាប់រស់នៅប្រចាំថ្ងៃ អាចដោះស្រាយបញ្ហាធ្មេញដុះមិនត្រង់ជួរបាន ដោយអាចអនុវត្តវិធីងាយៗដូចជា៖
– ដុសធ្មេញឲ្យបានទៀងទាត់រៀងរាល់ថ្ងៃ
– ពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ
– សម្អាតកម្ទេចកំទី ដោយប្រើអំបោះទាក់ធ្មេញឲ្យបានស្អាត ព្រោះអាចធ្វើឲ្យដង្កូវស៊ីធ្មេញ ប្រសិនបើសម្អាតមិនស្អាត
– ដែកពាក់ក្រោយពត់ធ្មេញ ដើម្បីរក្សាលំនឹងទម្រង់ធ្មេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]