ប្រសិនបើអញ្ចាញរបស់យើងចេញឈាម នៅពេលប្រើខ្សែទាក់ធ្មេញ (Floss) យើងអាចត្រូវផ្លាស់ប្ដូរទម្លាប់ថែទាំមាត់ធ្មេញមួយចំនួន។ កត្តានេះមិនមានន័យថា គ្នាយើងមិនមានអនាម័យមាត់ធ្មេញនោះទេ ប៉ុន្តែការប្រើខ្សែទាក់ធ្មេញឲ្យបានញឹកញាប់ គឺជារឿងចាំបាច់បំផុត។ ពិតណាស់ ការចេញឈាមនៅអញ្ចាញធ្មេញ គឺជារឿងធម្មតាប៉ុណ្ណោះ នៅពេលដែលយើងចាប់ផ្ដើមប្រើខ្សែទាក់ធ្មេញជាលើកដំបូង ហើយវាអាចនឹងបាត់ទៅវិញនៅក្នុងរយៈពេលខ្លី។ យ៉ាងណាមិញ យើងគួរបន្តប្រើខ្សែទាក់ធ្មេញជារៀងរាល់ថ្ងៃ ដើម្បីជួយបំបាត់បញ្ហាឈាមអញ្ចាញនេះ។
១. មូលហេតុធ្វើឲ្យចេញឈាមអញ្ចាញធ្មេញ
ជាទូទៅ មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតមានបញ្ហាឈាមអញ្ចាញ រួមទាំងកំណកកំបោរដែលនៅជាប់អញ្ចាញធ្មេញ និងចន្លោះធ្មេញ។ ជាមួយគ្នានេះដែរ កង្វះវីតាមីនក៏អាចបណ្ដាលឲ្យមានបញ្ហាឈាមអញ្ចាញធ្មេញនេះផងដែរ។ កំណកកំបោរ គឺជាស្រទាប់បាក់តេរីក្រាស់ ដែលតោងជាប់នឹងធ្មេញរបស់យើង។ ប្រសិនបើយើងមិនកម្ចាត់កំណកកំបោរទាំងនោះ ដោយប្រើខ្សែទាក់ធ្មេញជារៀងរាល់ថ្ងៃទេនោះ វានឹងវិវត្តទៅជាកំណកកំបោរស្រទាប់ក្រាស់ ដែលពិបាកក្នុងការសម្អាតចេញដោយពុំមានជំនួយពីគ្រូពេទ្យធ្មេញណាស់។ ដូច្នេះហើយ ដើម្បីការពារកុំឲ្យឈាមអញ្ចាញធ្មេញ យើងគួរទៅពិគ្រោះយោបល់ជាមួយនឹងពេទ្យធ្មេញជាមុនសិន ពីព្រោះគ្រូពេទ្យអាចប្រាប់យើងឲ្យដឹងពីជំងឺផ្សេងៗទៀតដែលអាចពាក់ព័ន្ធទៅនឹងការឈាមអញ្ចាញធ្មេញនេះ។
២. វិធីសាស្ត្រដទៃទៀតដើម្បីព្យាបាលឈាមអញ្ចាញធ្មេញ
ក្រៅពីការកម្ចាត់កំណកកំបោរ ប្រសិនបើយើងចេញឈាមអញ្ចាញនៅពេលប្រែខ្សែទាក់ធ្មេញ យើងក៏អាចសាកល្បងប្រើទឹកខ្ពុរមាត់ ដើម្បីកម្ចាត់បាក់តេរីដែលនៅបរិវេណជុំវិញ ក៏ដូចជាការពារកុំឲ្យការឆ្លងមេរោគរាលដាលកាន់តែជ្រៅទៅក្នុងអញ្ចាញធ្មេញ និងឫសធ្មេញ។ លើសពីនេះ យើងក៏អាចប្រើវិធីសាស្ត្រព្យាបាលដោយខ្លួនឯង ដូចជាប្រើទឹកអំបិល ឬទឹកខ្ពុរមាត់ដែលអាចប្រឆាំងមេរោគ ដោយលាងជម្រះបាក់តេរីដោយបានសព្វល្អ។
បន្ថែមពីនេះ ចូរញ៉ាំរបបអាហារដែលមានតុល្យភាព ដើម្បីថែទាំធ្មេញឲ្យមានសុខភាពល្អ ក៏ដូចជាប្រឆាំងនឹងបញ្ហាពុកធ្មេញ។ ចូរដុសធ្មេញឲ្យបានពីរដងក្នុងមួយថ្ងៃ និងជៀសវាងការជក់បារី ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺអញ្ចាញធ្មេញផ្សេងៗ។
[embed-health-tool-bmi]