រលាកអញ្ចាញធ្មេញ ជាបញ្ហាទូទៅ ច្រើនមានលើគ្នាយើង មិនថាក្មេង មិនថាចាស់ ក៏មិនប្រកាន់ភេទនោះដែរ។ ហើយការរលាកនេះ ត្រូវចាត់ទុកជាជំងឺទាមទារការព្យាបាល ដើម្បីកុំឲ្យបង្កបញ្ហាលើសុខភាពមាត់ធ្មេញយើងកាន់តែច្រើនឡើង។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងលម្អិតពីជំងឺរលាកអញ្ចាញធ្មេញ រោគសញ្ញា ក៏ដូចជាវិធីបង្ការឲ្យគ្នាយើងបានដឹង។
១- អ្វីជាជំងឺរលាកអញ្ចាញធ្មេញ?
រលាកអញ្ចាញ ជាជំងឺកើតឡើងជាញឹកញាប់ និងមានលក្ខណៈស្រួចស្រាវ បង្កឲ្យមានការរលាកអញ្ចាញឡើងក្រហម និងហើមអញ្ចាញ។ ម៉្យាងវិញទៀត ចំពោះករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យបាត់បង់ធ្មេញ ហេតុនេះអ្វីដែលសំខាន់បំផុត គឺត្រូវថែទាំអញ្ចាញ និងធ្វើការព្យាបាលឲ្យបានឆាប់រហ័ស។
២- រោគសញ្ញាជំងឺរលាកអញ្ចាញធ្មេញមានអ្វីខ្លះ?
ជាធម្មតា អញ្ចាញធ្មេញមានសុខភាពល្អ គឺមានពណ៌ផ្កាឈូកស្រាល ហើយបើយើងសង្កេតឃើញថា អញ្ចាញមានសភាពប៉ោងហើម ក្រហមស្រគាំ និងងាយឆាប់ចេញឈាម វាអាចជាសញ្ញាជំងឺរលាកអញ្ចាញធ្មេញហើយ។ ក្រៅពីនេះ ដោយសារតែពេលខ្លះ ជំងឺរលាកអញ្ចាញធ្មេញកម្រធ្វើឲ្យឈឺចាប់ ទើបធ្វើឲ្យគ្នាយើងមានជំងឺនេះ តែងតែមិនដឹងខ្លួន។ យ៉ាងណា រោគសញ្ញាជំងឺរលាកអញ្ចាញធ្មេញ យើងអាចពិនិត្យដឹងដោយខ្លួនឯង មានដូចជា៖
– ហើមអញ្ចាញធ្មេញ ឬហើមអញ្ចាញខ្លាំង
– ស្រកអញ្ចាញធ្មេញ
– ឈឺអញ្ចាញធ្មេញ
– ឆាប់ចេញឈាមតាមអញ្ចាញធ្មេញ ពិសេសនៅពេលដុសធ្មេញ ឬប្រើអំបោះទាក់ចន្លោះធ្មេញ
– អញ្ចាញធ្មេញប្រែពណ៌ ពីផ្កាឈូកស្រាល ទៅក្រហមជាំ
– មានក្លិនមាត់មិនល្អ។
អាចមានរោគសញ្ញាមួយចំនួនទៀតមិនបានរៀបរាប់ខាងលើ ហេតុនេះបើសំណួរ ឬចម្ងល់ សូមពិគ្រោះយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ
៣- វិធីព្យាបាល
ដើម្បីព្យាបាលជំងឺរលាកអញ្ចាញធ្មេញ យើងអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖
– ឧស្សាហ៍សម្អាតធ្មេញឲ្យបានទៀងទាត់
– ប្រើសរសៃច្រាសដុសធ្មេញទន់ និងផ្លាស់ប្ដូរច្រាសថ្មីរាល់ ៣-៤ ខែម្ដង
– ប្រើច្រាសដុសធ្មេញអេឡិចត្រូនិក ងាយកម្ចាត់កំណកកំបោរតោងតាមជើងធ្មេញ
– ដុសសម្អាតធ្មេញហោចណាស់ ២ ដង/ថ្ងៃ
– ប្រើទឹកខ្ពុលមាត់ ANTISEPTIC ដែលណែនាំដោយទន្តពេទ្យ
– សម្អាតចន្លោះធ្មេញឲ្យបានស្អាត។
បើយើងអនុវត្តវិធីខាងលើបានខ្ជាប់ខ្ជួន យើងនឹងទទួលបានអញ្ចាញធ្មេញមានសុខភាពល្អ ត្រលប់មកពណ៌ផ្កាឈូកវិញ ក្នុងរយៈពេលដ៏ខ្លី ឬអាចច្រើនសប្ដាហ៍ អាស្រ័យលើការព្យាយាមយើងផ្ទាល់។ ម៉្យាងទៀត ត្រូវដុសសម្អាតធ្មេញ ដើម្បីទទួលបានអនាម័យមាត់ធ្មេញជារៀងរហូត ព្រោះជំងឺរលាកអញ្ចាញធ្មេញ អាចកើតឡើងសារជាថ្មីម្ដងទៀត។
៤- វិធីបង្ការកុំឲ្យរលាកអញ្ចាញធ្មេញ
ទម្លាប់អនាម័យមាត់ធ្មេញ ជាវិធីល្អបំផុតបង្ការជំងឺនេះ ហើយចំណុចសំខាន់ទាំង ៣ យើងគួរចងចាំ រួមមាន ដុសសម្អាតធ្មេញយ៉ាងតិច ២ ដង/ថ្ងៃ ប្រើអំបោះទាក់ចន្លោះធ្មេញ និងទៅពិនិត្យធ្មេញឲ្យបានទៀងទាត់។
ក្រៅពីនេះ ការសម្អាតធ្មេញឲ្យបានស្អាតល្អជាមួយច្រាសដុសធ្មេញ និងប្រើអំបោះទាក់ធ្មេញ ត្រូវចំណាយពេលពី ៣-៥ នាទី។ ការប្រើអំបោះទាក់ចន្លោះធ្មេញមុននឹងដុសសម្អាតធ្មេញ អាចជួយសម្អាតកម្ទេចកំទីចំណីអាហារនៅចន្លោះធ្មេញបានកាន់តែស្អាតល្អ។
គួរតែទៅសម្អាតធ្មេញជាមួយទន្តពេទ្យ រៀងរាល់ ៦-១២ ខែម្ដង ហើយបើឧស្សាហ៍កើតជំងឺរលាកអញ្ចាញធ្មេញ អាចត្រូវសម្អាតធ្មេញជាមួយពេទ្យធ្មេញ ឲ្យបានញឹកញាប់ផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]