មាត់របស់យើងគឺជាប្រភពនៃបាក់តេរីគ្រប់ប្រភេទ ដែលតម្រូវឲ្យយើងដុះធ្មេញ យ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមិនយកចិត្តទុកដាក់ឲ្យដិតដល់អំពីការថែទាំមាត់ធ្មេញទេនោះ វាអាចធ្វើឲ្យអញ្ចាញធ្មេញ និងធ្មេញមានការឈឺចាប់ និងមិនមានសុខភាពល្អផងដែរ។ការបណ្ដុះទម្លាប់ថែទាំធ្មេញតាំងពីនៅវ័យក្មេង នឹងអាចការពារបញ្ហាពុកធ្មេញ ក៏ដូចជាដង្កូវស៊ីធ្មេញនៅពេលអនាគត។ ដូច្នេះហើយ ប៉ាម៉ាក់គួរតែយកចិត្តទុកដាក់ចំពោះការថែទាំមាត់ធ្មេញរបស់កូនៗ ដើម្បីធានាថាអញ្ចាញ និងធ្មេញរបស់ពួកគេមានសុខភាពល្អនៅគ្រប់វ័យទាំងអស់។
១. អនាម័យមាត់ធ្មេញសម្រាប់ទារក
ប៉ាម៉ាក់មិនចាំបាច់រង់ចាំរហូតទាល់តែអាអូនចាប់ផ្ដើមដុះធ្មេញ ទើបថែទាំអនាម័យមាត់ធ្មេញរបស់ពួកគេឡើយ។ ចូរប្រើប្រាស់ក្រណាត់ស្អាត និងទន់ មកជូតអញ្ចាញធ្មេញរបស់ទារកដើម្បីកម្ចាត់បាក់តេរីផ្សេងៗ បន្ទាប់ពីបំបៅរួច។ នៅពេលដែលទារកចាប់ផ្ដើមដុះធ្មេញ នៅអាយុចន្លោះ៦ខែ ទៅ១២ខែ ប៉ាម៉ាក់អាចចាប់ផ្ដើមដុះធ្មេញឲ្យអាអូន ដោយប្រើច្រាស់ដុសធ្មេញទន់ៗសម្រាប់ទារក។
ប៉ាម៉ាក់គួរដាក់ថ្នាំដុសធ្មេញតិចបំផុត និងជាប្រភេទថ្នាំដុសធ្មេញដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទារក។ បន្ថែមពីនេះ ចូរកុំឲ្យអាអូនគេងដោយបៀមដបទឹកដោះគោនៅក្នុងមាត់ឲ្យសោះ ពីព្រោះសារធាតុរាវនឹងដក់ជាប់នឹងធ្មេញរបស់ទារក ដែលអាចបង្កទៅជាដង្កូវស៊ីធ្មេញ និងពុកធ្មេញជាដើម។
២. អនាម័យមាត់ធ្មេញសម្រាប់ក្មេងអាយុ២ឆ្នាំឡើងទៅ
នៅពេលដែលកូនមានអាយុចាប់ពី២ឆ្នាំឡើងទៅ ប៉ាម៉ាក់អាចឲ្យកូនប្រើថ្នាំដុសធ្មេញដែលមានជាតិផ្លអូរាយ (Fluoride) ដោយសារតែក្មេងនៅអាយុប៉ុណ្ណឹងចេះខ្ជាក់ថ្នាំដុសធ្មេញចេញពីមាត់របស់ពួកគេបាន ព្រមទាំងត្រូវប្រាកដថាបរិមាណនៃថ្នាំដុសធ្មេញ មិនត្រូវឲ្យលើសពីទំហំគ្រាប់សណ្ដែកឡើយ។ បន្ថែមពីនេះ ប៉ាម៉ាក់គួរឲ្យកូនដុសធ្មេញពីរដងក្នុងមួយថ្ងៃ និងចៀសវាងការលេបថ្នាំដុសធ្មេញចូលពោះផងដែរ។
៣. អនាម័យមាត់ធ្មេញសម្រាប់កុមារកំពុងលូតលាស់
ជាមួយគ្នានេះដែរ ប៉ាម៉ាក់ត្រូវប្រាកដថាកូនដែលជិតចូលវ័យជំទង់របស់ខ្លួន ដុសធ្មេញយ៉ាងហោចណាស់ ចំនួនពីរនាទី និងពីរដងក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត យើងគួរណែនាំកូនឲ្យចេះប្រើខ្សែទាក់កម្ទេចកំទីដែលតោងជាប់ធ្មេញ ដើម្បីការពារពុកធ្មេញ និងដង្កូវស៊ីធ្មេញ។ នៅក្នុងវ័យនេះ ប៉ាម៉ាក់គួរបណ្ដុះទម្លាប់ថែទាំអនាម័យមាត់ធ្មេញឲ្យបានខ្ជាប់ខ្ជួន ពីព្រោះធ្មេញអចិន្ត្រៃយ៍របស់ក្មេងនឹងចាប់ផ្ដើមដុះចេញមកបន្តិចៗ។ ប្រសិនបើកូនមានបញ្ហាដុះធ្មេញលយចេញក្រៅ ឬមិនត្រង់ជួរ ពេទ្យធ្មេញអាចណែនាំឲ្យពួកគេដាក់ដែកពត់ធ្មេញផងដែរ។ នៅក្នុងករណីនេះ ការប្រើខ្សែទាក់កម្ទេចកំទីចេញពីធ្មេញ គឺមានសារសំខាន់ណាស់ ដែលតម្រូវឲ្យកូនត្រូវប្រើប្រាស់វាជារៀងរាល់ថ្ងៃ។
[embed-health-tool-bmi]