ស្រីគ្នាយើងមួយចំនួនអាចនឹងមានវដ្ដរដូវទៀងទាត់រៀងរាល់ ២៨ ថ្ងៃ ខណៈស្រីៗមួយចំនួនទៀតមានវដ្ដរដូវមិនទៀងទាត់ មានខ្លះអាចបាត់មួយខែតែម្ដង និងខ្លះទៀតវដ្ដរដូវខុសគ្នាពីមួយទៅមួយ។ តើរដូវមិនទៀងទាត់អាចបង្កមកពីមូលហេតុអ្វីខ្លះ?
រោគសញ្ញានៃរដូវមិនទៀង
រដូវមិនទៀងគឺនៅពេលដែលវដ្ដរដូវតិចជាង ឬយូរជាងធម្មតា។ នេះមានន័យថារយៈពេលគិតចាប់ពីថ្ងៃទី១ ក្រោយពីអស់រដូវលើកមុនរហូតដល់ថ្ងៃមានរដូវម្ដងទៀតគឺតិចជាង ២៤ ថ្ងៃ ឬយូរជាង ៣៨ ថ្ងៃ។ យើងអាចមានរដូវមិនទៀងប្រសិនជារយៈពេលនៃវដ្ដរដូវខុសគ្នាច្រើនជាង ២០ ថ្ងៃពីមួយខែទៅមួយខែ។ ឧទាហរណ៍ប្រសិនជាវដ្ដរដូវរបស់យើងផ្លាស់ប្ដូរពីធម្មតា ២៥ ថ្ងៃទៅ ៤៦ ថ្ងៃនៅខែបន្ទាប់ និងត្រលប់មក២៥ថ្ងៃវិញនៅខែបន្ទាប់មួយទៀត។
រដូវមិនទៀងគឺជារឿងធម្មតាសម្រាប់ក្មេងស្រីជំទង់ និងស្ត្រីជិតអស់រដូវ។ ក្មេងស្រីជំទង់អាចនឹងមានវដ្ដរដូវមិនទៀងទាត់នៃប៉ុន្មានឆ្មាំដំបូងមុននឹងមានវដ្ដរដូវទៀងទាត់ធម្មតា។
មូលហេតុផ្សេងទៀតបង្កឲ្យរដូវមិនទៀង
- អំឡុងឈានដល់វ័យជិតអស់រដូវ (Perimenopause)៖ នៅពេលឈានចូលដល់បម្រែបម្រួលជិតអស់រដូវ វដ្ដរដូវនឹងមានការប្រែប្រួលខ្លាំង។ ប្រសិនជាយើងបាត់រដូវច្រើនជាង ២ ដង នោះយើងអាចស្ថិតនៅក្នុងដំណាក់កាលជិតអស់រដូវហើយ។
- ស្ត្រេស និងជំងឺថប់បារម្ភ៖ ស្ត្រេសរ៉ាំរ៉ៃ ឬជំងឺថប់បារម្ភរយៈពេលខ្លីទៅលើបញ្ហាអ្វីមួយអាចប៉ះពាល់ដល់តុល្យភាពអ័រម៉ូនដែលបង្កឲ្យមានវដ្ដរដូវមិនទៀង និងបាត់រដូវ។
- ហាត់ប្រាណខ្លាំង៖ ការហាត់ប្រាណខ្លាំងពេកអាចជះឥទ្ធិពលលើការមករដូវ និងពេលខ្លះបញ្ឈប់ការមករដូវទៀតផង។
- ជំងឺអត់ឃ្លានអាហារ តមអាហារ ឬស្រកទម្ងន់៖ ការសម្រកទម្ងន់ខ្លាំងមិនថាមកពីការហាត់ប្រាណខ្លាំងពេក តមអាហារ ជំងឺមិនឃ្លានអាហារ ឬជំងឺអ្វីមួយផ្សេងទៀតនោះទេ គឺសុទ្ធតែអាចប៉ះពាល់ដល់វដ្ដរដូវ។
- កត្តាអាយុ៖ ដូចបានលើកឡើងខាងលើ អំឡុងពេលជិតអស់រដូវ និងពេលអស់រដូវអាចបង្កឲ្យមានរដូវមិនទៀង។ ប៉ុន្តែបើមានរដូវនៅអាយុក្មេងពេកក៏បង្កឲ្យមានរដូវមិនទៀងដែរដែលនេះត្រូវការរយៈពេលច្រើនឆ្នាំមុននឹងមានវដ្ដរដូវទៀងទាត់។
- ពន្យារកំណើត៖ ការប្រើប្រាស់ថ្នាំពន្យារកំណើត ឬការប្រើប្រាស់ឧបករណ៍ពន្យារកំណើតដាក់កងនៅក្នុងស្បូនក៏អាចជាមូលហេតុបង្កដែរ។
- ជំងឺ Polycystic ovary syndrome (PCOS)៖ ភាគច្រើនបង្កឲ្យមានគីសនៃដៃស្បូន អតុល្យភាពអ័រម៉ូន និងរដូវមិនទៀង។
- បញ្ហាក្រពេញទីរ៉ូអ៊ីត៖ Hypothyroidism សំដៅលើសកម្មភាពក្រពេញទីរ៉ូអ៊ីតមានកម្រិតទាប។ ជំងឺនេះអាចបង្កឲ្យមានរដូវតិចជាងធម្មតាដែរ។
- ជំងឺរលាកនៅតំបន់អាងត្រគាក (Pelvic inflammatory disease)៖ រដូវមិនទៀងអាចជារោគសញ្ញាមួយនៃជំងឺរលាកនៅតំបន់អាងត្រគាកដែលជាការឆ្លងមេរោគនៅសរីរាង្គបន្តពូជ។ ជំងឺនេះបណ្ដាលមកពីជំងឺនានាដែលឆ្លងតាមការរួមភេទ។
- ការមិនតាមដានជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមប្រភេទ ១ និង២ ក៏អាចបង្កបញ្ហារដូវមិនទៀងដែរ ប៉ុន្តែបើយើងតាមដាន និងគ្រប់គ្រងឲ្យបានល្អអាចជួយឲ្យរដូវត្រលប់មកធម្មតាវិញ។
- ជំងឺធាត់៖ នៅពេលរាងកាយមានខ្លាញ់ច្រើនអាចធ្វើឲ្យមានអ័រម៉ូនអឺស្ត្រូសែនច្រើនដែលអាចផ្លាស់ប្ដូរវដ្ដរដូវ បាត់រដូវ ឬរដូវមិនទៀង។
គ្នាយើងយកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យប្រាកដថាបញ្ហារដូវមិនទៀងមិនមែនមកពីបញ្ហាសុខភាពផ្សេងទៀត។
[embed-health-tool-ovulation]