ក្នុងចំណោមមធ្យោបាយពន្យារកំណើតទាំងអស់ ការប្រើថ្នាំពន្យារកំណើតជាមធ្យោបាយមានប្រសិទ្ធភាពជួយការពារយើងមិនឲ្យមានកូនបាន។ វាក៏ជាមធ្យោបាយដែលផ្ដល់ភាពងាយស្រួល គ្មានការឈឺចាប់ទៀតផង ប៉ុន្តែបើចង់ប្រើ យើងគួរចាប់ផ្ដើមលេបនៅពេលណាដែរ?
បើស្ត្រីចង់ចាប់ផ្ដើមប្រើថ្នាំពន្យារកំណើត យើងត្រូវប្រើនៅថ្ងៃដំបូងនៃវដ្ដរដូវរបស់ស្ត្រី។ តែយកល្អ មុននឹងសម្រេចប្រើថ្នាំពន្យារកំណើត ស្ត្រីគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបល្អ មិនគួរទៅរកទិញប្រើតាមចិត្តចង់នោះទេ។ នេះបើតាមការពន្យល់ឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។
ស្ត្រីគួរដឹងថា ថ្នាំពន្យារកំណើតមានច្រើនប្រភេទណាស់ ហើយវាតែងតែមានផលរំខានខ្លះ ដូចនេះហើយ ទើបស្ត្រីត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីជ្រើសរើសប្រភេទថ្នាំដែលមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួន។ ក្នុងលក្ខខណ្ឌមួយចំនួនខាងក្រោមនេះ បើស្ត្រីលេបថ្នាំពន្យារកំណើតទៅក៏អាចនឹងមានផលប៉ះពាល់ដែរ។
– វិបត្តិនៃការមករដូវ
– កំពុងបំបៅដោះកូន
– មានជំងឺសរសៃឈាមបេះដូង
– កំពុងប្រើថ្នាំ និងការព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងទៀត។
លោកបន្តថា ត្បិតតែអាចការពារយើងមិនឲ្យមានផ្ទៃពោះបាន ប៉ុន្តែការប្រើថ្នាំពន្យារកំណើតមិនអាចការពារយើងពីការឆ្លងមេរោគក្នុងពេលរួមភេទទេ។ មួយវិញទៀត ស្ត្រីត្រូវលេបថ្នាំនេះរាល់ថ្ងៃ ប្រសិនបើខកខានថ្ងៃណាមួយនោះ វាអាចបង្កើនហានិភ័យនៃការមានផ្ទៃពោះខ្ពស់។
ខណៈថ្នាំពន្យារកំណើតជួយការពារយើងមិនឲ្យមានផ្ទៃពោះ ប៉ុន្តែវាក៏ផ្ដល់ផលរំខានតិចតួចមកលើយើងវិញដែរ។ ស្ត្រីអាចមានប្រតិកម្មខុសៗគ្នាទៅតាមកម្រិតអ័រម៉ូននៃថ្នាំពន្យារកំណើតដូចជា៖
– ចំណង់ផ្លូវភេទធ្លាក់ចុះ
– ចង្អោរ
– ហូរឈាមចន្លោះពេលមករដូវ
– ឈឺសុដន់។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ផលប៉ះពាល់ដែលបានរៀបរាប់ខាងលើនេះ នឹងបានធូរស្បើយបន្ទាប់ពីប្រើថ្នាំពន្យារកំណើតបាន ២-៣ខែ ប៉ុន្តែបើមិនប្រសើរឡើងទេនោះ ត្រូវទៅជួបជាមួយគ្រូពេទ្យ។ ពេលខ្លះគ្រូពេទ្យអាចឲ្យផ្លាស់ប្ដូរប្រភេទថ្នាំពន្យារកំណើតក៏ថាបាន។
[embed-health-tool-ovulation]