ឆ្អឹងមានតួនាទីសំខាន់ៗ ជួយទ្រទ្រង់រាងកាយ ការពារសរីរាង្គផ្សេងៗ ផ្តល់ចលនា ផលិតគ្រាប់ឈាម និងមុខងារជាច្រើនទៀត ដូច្នេះយើងត្រូវបំប៉ន និងថែរក្សាឆ្អឹងឲ្យបានល្អ។
យោងតាម National Osteoporosis Foundation គ្នាយើងស្រីៗ ងាយប្រឈមនឹងកើតជំងឺពុកឆ្អឹងខ្ពស់ជាងបុរសៗ ដោយសារតែ ស្រីៗមានឆ្អឹងតូច និងស្ដើងជាងប្រុសៗ និងស្ត្រីមានការថយចុះអ័រម៉ូន Estrogen ដែលជួយការពារឆ្អឹង នៅពេលចូលដល់វ័យអស់រដូវ។ ម៉្យាងវិញទៀត របៀបរបបយើងរស់នៅរាល់ថ្ងៃ ក៏ជាកត្តាមួយអាចបំផ្លាញសមត្ថភាពឆ្អឹងរបស់យើងបានដែរដូចជា ការផឹកគ្រឿងស្រវឹងច្រើន ជក់បារី ដួល មានជាតិកាហ្វេអ៊ីនច្រើនក្នុងរាងកាយ ឬញ៉ាំអាហារប្រៃពេក។ល។
ប៉ុន្តែគ្នាយើងស្រីៗមិនចាំបាច់បារម្ភពេកទេ យើងអាចថែទាំឆ្អឹងឲ្យរឹងមាំល្អ ដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅមិនល្អចោល និងអនុវត្តតាមក្បួនថែឆ្អឹងខាងក្រោមនេះ។
របបអាហារ- តិចនិកមួយនៃការថែទាំឆ្អឹងបានល្អនោះគឺ ការមានរបបអាហារត្រឹមត្រូវ។ របបអាហារដែលស័ក្តិសមបំផុតសម្រាប់សុខភាពឆ្អឹងបានល្អ ជាអាហារដែលផ្ដល់ប្រូតេអ៊ីន និងកាឡូរីគ្រប់គ្រាន់ ក៏ដូចជាជាតិកាល់ស្យូម និងវីតាមីន D ឲ្យច្រើន ដែលវាចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងជួយឲ្យឆ្អឹងរឹងមាំ។
ជាតិកាល់ស្យូម និងវីតាមីន D- ស្រីៗគួរតែបំប៉នសារធាតុទាំងនេះ ទោះជានៅក្មេងក៏ដោយ។ ចំពោះស្ត្រីក្បែរវ័យជិតអស់រដូវ គួរផ្ដល់ជាតិកាល់ស្យូមឲ្យរាងកាយឲ្យបាន ១០០០មីក្រូក្រាម/ថ្ងៃ និងចំពោះស្ត្រីចូលវ័យក្រោយអស់រដូវ គួរទទួលបានជាតិកាល់ស្យូម ១២០០មីក្រូក្រាម/ថ្ងៃ។ ដូចគ្នាដែរ ស្ត្រីវ័យក្រោយអស់រដូវ គួរញ៉ាំវីតាមីន D ឲ្យបាន ២០មីក្រូក្រាម /ថ្ងៃ ដើម្បីផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ផ្គត់ផ្គង់ឆ្អឹង។ គ្នាយើងអាចរកសារធាតុចិញ្ចឹមទាំងនេះបាន នៅក្នុងបន្លែផ្លែឈើ និងចំណីអាហារមួយផ្សេងទៀតដូចជា ត្រីសាល់ម៉ុន ឈីស ទឹកដោះគោ យាអ៊ួរ ។ល។ ប៉ុន្តែ ប្រសិនបើយើងញ៉ាំពិបាកញាំអាហារដែលផ្ទុកសារធាតុទាំងនេះ យើងអាចទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបង្គ្រប់បានដោយការផឹកម្សៅទឹកដោះគោបំប៉ន ឬថ្នាំបំប៉នជាដើម។
កាត់បន្ថយផឹកគ្រឿងស្រវឹង- ការផឹកគ្រឿងស្រវឹងច្រើន (លើសពី២កំប៉ុង/ថ្ងៃ) អាចបង្កើនហានិភ័យ បង្កឲ្យឆ្អឹងយើងកាន់តែងាយពុក។
បញ្ឈប់ការជក់បារី- បញ្ឈប់ ឬចៀសវាងការជក់បារី ជាវិធីសាស្ត្រចាំបាច់បំផុត ដើម្បីធានាថា យើងមានឆ្អឹងរឹងមាំ ព្រោះការជក់បារីជួយពន្លឿនភាពពុករបស់ឆ្អឹង។
ចៀសវាងការដួល- ចំពោះមនុស្សចាស់ៗ ការដួលបង្កើនហានិភ័យគួរឲ្យកត់សម្គាល់ដល់ការពុកឆ្អឹង តែបើយើងអាចទប់ស្កាត់ការដួលបាន ក៏ដូចជាកាត់បន្ថយភាគរយ កុំឲ្យឆ្អឹងប្រេះស្រាំបានដែរដូចជា៖
• ដកចេញរាល់ខ្សែភ្លើង ក្រណាត់ ឬរបស់របររលុងៗ ងាយធ្វើឲ្យទាក់ជើងដួល
• នៅក្នុងផ្ទះត្រូវមានភ្លើងភ្លឺគ្រប់កន្លែងចាំបាច់ដូចជា កាំជណ្ដើរ ផ្លូវដើរ។ល។
• សម្អាតកន្លែងដែលសើម ឬចៀសវាងដើរលើផ្លូវសើមងាយរអិល។ល។
ប្រើប្រាស់ថ្នាំមួយចំនួន- ក្រៅពីការដើរ ក្នុងនោះការប្រើប្រាស់ថ្នាំមួយចំនួនក៏បង្កើនភាគរយជំងឺពុកឆ្អឹងដែរ ជាពិសេសនៅពេលដែលយើងប្រើលើសកម្រិត ឬប្រើក្នុងរយៈពេលយូរ។ ដូចនេះ យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ ពីបញ្ហាពុកឆ្អឹង និងការប្រើប្រាស់ថ្នាំ។
លើសពីនេះ យើងក៏ត្រូវហាត់ប្រាណ បញ្ចេញសកម្មភាពរាងកាយបន្ថែម។ តិចនិកនៃរបៀបរស់នៅទាំងអស់នេះហើយ អាចជួយការពារឆ្អឹងពីការពុកផុយ ហើយមិនត្រឹមតែស្ត្រីទេដែលអាចធ្វើតាមនេះបានដើម្បីការពារឆ្អឹង បុរសៗក៏អាចចាប់ផ្ដើមធ្វើតាមតិចនិកខាងលើនេះបាន បើស្រឡាញ់សុខភាពឆ្អឹង។ កាន់តែពិសេសទៀតនោះ ចំពោះយើងក្មេងៗ បើអាចចាប់ផ្ដើមអនុវត្តតាមតិចនិកខាងលើបានច្រើន មិនបាច់ខ្វាយខ្វល់ច្រើនពីបញ្ហាពុកឆ្អឹងពេលវិវត្តឈានចូលវ័យចំណាស់។
[embed-health-tool-ovulation]