ជាធម្មតា ស្រីៗយើងដឹងតែមិនស្លៀកខោក្នុងតែមួយចំនួនពីរថ្ងៃជាប់ៗគ្នានោះទេ ទោះជាមានការរវល់យ៉ាងណាក៏ឆ្លៀតបោកគក់ និងរកអាថ្មីមកជំនួសដែរ។ ចុះគ្នាយើងដែលឆ្ងល់អត់ បើស្រីៗយើងស្លៀកខោក្នុងតែមួយ ចំនួនពីរបីថ្ងៃជាប់គ្នានឹងមានអ្វីកើតឡើង?
១. ក្លិនមិនល្អ
ការធ្លាក់ស និងសំណើមជាប់នៅនឹងខោទ្រនាប់ពេញមួយថ្ងៃ អាចបង្កជាបរិយាកាសល្អដល់ពពួកបាក់តេរី និងផ្សិត។ ការកើតមានពពួកនេះកាន់តែច្រើននឹងធ្វើកើតមានក្លិនមិនល្អនៅកន្លែងសម្ងាត់ ហើយមិនត្រឹមតែធ្វើឲ្យយើងខ្មាសគេនោះទេ ថែមទាំងប៉ះពាល់សុខភាពយើងទៀតផង។
២. កើតមុន
ដោយសារតែញើស សំណើម ល្អងធូលី និងខ្លាញ់ តោងជាប់នៅខោទ្រនាប់រយៈពេលយូរ វាអាចនឹងធ្វើឲ្យយើងកើតមានពងក្រហមឈឺផ្សា។ មិនខុសអ្វីពីមុខរបស់យើង បរិវេណជុំវិញប្រដាប់ភេទក៏ត្រូវការភាពស្អាតដូចគ្នា ដើម្បីចៀសវាងការកើតមានមុន ឬដុំពងនាំឲ្យមានការឈឺចាប់។
៣. ឆ្លងរោគផ្សិត
ការឆ្លងរោគផ្សិតនៅត្រង់ប្រដាប់ភេទ ជាបញ្ហាឧស្សាហ៍កើតមានបំផុតមួយលើស្រ្តី និងធ្វើឲ្យឈឺផ្សា ហើយបញ្ហានេះកើតមានឡើងដោយសារតែកន្លែងសម្ងាត់មិនមានអនាម័យល្អ។ បញ្ហាផ្សិតនេះ ច្រើនកើតឡើងដោយសារតែយើងបន្តស្លៀកខោទ្រនាប់កខ្វក់ច្រើនដងជាប់ៗគ្នា។ ការឆ្លងរោគផ្សិតនេះ នឹងធ្វើឲ្យមានការរំខាន និងមានអារម្មណ៍មិនស្រួលត្រង់ប្រដាប់ភេទ។
៤. រមាស់
ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ការស្លៀកខោទ្រនាប់ដដែលៗក៏ធ្វើឲ្យយើងកើតរមាស់ដែរ។ ការកើតរមាស់នៅត្រង់ប្រដាប់ភេទនឹងធ្វើឲ្យស្រីៗយើងឈឺ និងនៅមិនសុខ។ ក្រៅពីនេះទៀត ការមិនផ្លាស់ប្ដូរខោទ្រនាប់ឲ្យបានទៀងទាត់ គឺធ្វើឲ្យមានផលរំខានដល់ស្បែកបរិវេណក្បែរប្រដាប់ភេទ ដូចជារលាក ឬផ្សា ជាដើម។
[embed-health-tool-ovulation]