ស្រីៗយើងកំពុងមានបញ្ហារដូវមិនទៀងមែនទេ? បើកំពុងជួបបញ្ហាបែបនេះគួរសង្កេតមើលដែរថាមួយរយៈនេះមានបញ្ហាដំណេកដែរឬយ៉ាងណា។ បញ្ហាដំណេកក៏មានផលប៉ះពាល់ដល់វដ្ដរដូវរបស់យើងដូចគ្នា។
១. បញ្ហាដំណេក និងការមករដូវ
ការគេងបានទៀងទាត់ ជួយឲ្យសរីរាង្គកាយយើងធ្វើការបានត្រឹមត្រូវប្រក្រតី។ ប៉ុន្តែពេលស្រីៗយើងគេងមិនគ្រប់គ្រាន់ធ្វើឲ្យអ័រម៉ូនប្រែប្រួលខុសធម្មតា ដែលនាំឲ្យមានផលប៉ះពាល់ដល់ការផលិតអ័រម៉ូនដែរ។
ដូចនេះ បើសិនជារាងកាយយើងមិនអាចផលិតអ័រម៉ូនទាក់ទងនឹងវដ្ដរដូវបាននោះទេ វាក៏អាចរំខានដល់វដ្ដរដូវអាចធ្វើឲ្យបាត់រដូវ ឬរដូវមកយឺត។ ការប្រែប្រួលម៉ោងពេលនៃការគេង ធ្វើឲ្យមានឥទ្ធិពលលើការផលិតអ័រម៉ូន ដែលជះឥទ្ធិពលលើការធ្លាក់មេជីវិត និងវដ្ដរដូវ។
ក្រៅពីនេះ បញ្ហាដំណេកក៏អាចកើតចេញពីបញ្ហាស្ត្រេសដែរ ដែលការណ៍នេះនឹងធ្វើឲ្យរាងកាយស្រីៗយើងកើនឡើងអ័រម៉ូនក័រទីសូលដែលអាចប៉ះពាល់ដល់វដ្ដរដូវដែរ។
អត្ថបទពាក់ព័ន្ធ៖
- ចុករមួលសាច់ដុំមុនមករដូវ ប៉ុន្តែបែរជាពុំមករដូវ មូលហេតុអ្វី?
- ធ្លាក់ឈាមក្រោយវ័យអស់រដូវ មកពីមូលហេតុទាំងនេះ
២. គួរដោះស្រាយបែបណា?
បើស្រីៗយើងមានបញ្ហាដំណេក ដោយសារតែស្ត្រេស យើងគួរលៃពេលសម្រាកឲ្យបានគ្រប់គ្រប់គ្រាន់។ ការហាត់ប្រាណបានទៀងទាត់ ដូចជាហែលទឹក រត់ ហាត់យ៉ូហ្កា សុទ្ធតែមានប្រយោជន៍ចំពោះការកាត់បន្ថយស្ត្រេស និងដំណេក។
ការហាត់ប្រាណមិនត្រឹមតែជួយកាត់បន្ថយស្ត្រេសទេ ប៉ុន្តែក៏អាចជួយឲ្យយើងគេងបានលក់ស្រួលផងដែរ។ ការសិក្សារកឃើញថា ការហាត់ប្រាណដូចជារត់ ហែលទឹក ឬរាំ ជាដើម បានប្រហែល៣០នាទីក្នុងមួយថ្ងៃ ជួយឲ្យមនុស្សយើងគេងលក់ស្រួលនៅពេលយប់។ ដូចគ្នាដែរ ហាត់យ៉ូហ្កា ជួយបង្កើនចង្វាក់បេះដូង ជួយជំរុញដល់ដំណើរការរាងកាយឲ្យប្រព្រឹត្តទៅដោយរលូនរួមចំណែកដល់គុណភាពដំណេកដែរ។
យ៉ាងណា គ្នាយើង គួរដឹងដែរថា ការហាត់ប្រាណលើសកម្រិត ក៏អាចប៉ះពាល់ដល់វដ្ដរដូវដូចគ្នា។ ដូចនេះ គួរហាត់ប្រាណក្នុងកម្រិតសមល្មមដូចបានណែនាំ និងមិនត្រូវហាត់លើសកម្លាំងនោះទេ។
យ៉ាងណា បើបញ្ហាវដ្ដរដូវរបស់យើងនៅតែមានភាពមិនទៀងទាត់ ឬបាត់រដូវលើសពីបីខែជាប់ៗគ្នាយើងគួរស្វែងរកជំនួយពីគ្រូពេទ្យ។
ដូចគ្នាដែរ ស្រីៗយើងគួរទៅជួបពេទ្យបើយើងបាត់រដូវមុនអាយុ៤៥ឆ្នាំ ឬនៅតែមានធ្លាក់ឈាមពេលយើងអាយុលើសពី៥៥ឆ្នាំ។
[embed-health-tool-ovulation]