ជាទូទៅ ស្រីៗយើងភាគច្រើនតែងតែប្រាថ្នាចង់បានផ្ទៃមុខតូចស្អាតដែលមានភាពទាក់ទាញ និងមើលទៅក្មេងជាងវ័យ។ ប៉ុន្តែ ពេលខ្លះជាតិខ្លាញ់ដែលលើសនៃរាងកាយ អាចនឹងកកកុញនៅត្រង់ផ្នែកមួយចំនួន ដូចជាក្បាលពោះ ដើមដៃ ភ្លៅ ឬផ្ទៃមុខជាដើម។ ពិតណាស់ មានស្រីៗយើងខ្លះ មានអារម្មណ៍ខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះជាតិខ្លាញ់ដែលលើសនៅលើផ្ទៃមុខនេះ ហើយនៅពេលថតរូបម្តងៗ តែងតែខិតឆ្ងាយពីគេឯង ដើម្បីកុំឲ្យឃើញមុខធំពេក។ យ៉ាងណាមិញ ការសម្រកខ្លាញ់មុខនេះ មិនមែនជារឿងពិបាកទៀតទេ ប្រសិនបើស្រីៗយើងងាកមកអនុវត្តតិចនិកងាយៗទាំង៦នេះ។
១. ហាត់ប្រាណជាប្រចាំ
នៅពេលដែលយើងស្រកទម្ងន់ ខ្លាញ់ដែលលើសក៏ត្រូវថយចុះដូចគ្នា ដែលកត្តានេះនឹងធ្វើឲ្យរាងកាយ ព្រមទាំងផ្ទៃមុខរបស់យើងប្រែទៅជាតូចច្រឡឹង គួរឲ្យចង់គយគន់ជាក់ជាមិនខាន។ ស្រីៗយើងគួរធ្វើលំហាត់ប្រាណសាមញ្ញៗ ដូចជារត់ រាំ ដើរ ជិះកង់ និងហែលទឹក។ល។ ឲ្យបានយ៉ាងហោចណាស់ ពី២០ ទៅ៤០នាទីក្នុងមួយថ្ងៃ ដើម្បីជំរុញដល់ការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ។
២. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹក គឺមានសារសំខាន់ខ្លាំងណាស់ដល់សុខភាពរាងកាយរបស់យើងទាំងមូល ហើយជាពិសេស វាក៏ជួយធ្វើឲ្យយើងស្រកជាតិខ្លាញ់នៅលើផ្ទៃមុខផងដែរ។ តាមរយៈការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការញ៉ាំទឹក អាចជួយបង្កើនការធ្វើមេតាប៉ូលីសបណ្ដោះអាសន្ន ព្រមទាំងបង្កើនការដុតបំផ្លាញជាតិកាឡូរី ដែលធ្វើឲ្យយើងស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។
៣. កាត់បន្ថយការញ៉ាំស្រា
យើងប្រហែលជាមិនសូវចាប់អារម្មណ៍ឡើយថា ការញ៉ាំស្រាច្រើន អាចធ្វើឲ្យផ្ទៃមុខរបស់យើងប្រែទៅជាប៉ោង និងហើមបាន។ ជាក់ស្ដែង ស្រាមានកាឡូរីខ្ពស់ និងតែមានសារធាតុបំប៉នតិចតួចបំផុត ហើយវាក៏អាចពាក់ព័ន្ធដល់ការឡើងទម្ងន់ផងដែរ។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងគ្រប់គ្រាន់ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវកាយ ក៏ដូចជាផ្លូវចិត្តរបស់យើង។ ផ្ទុយទៅវិញ ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ទេនោះ អ័រម៉ូនហ្គ្រេលីន (Ghrelin) ដែលរំញោចចំណង់អាហារនឹងមានការកើនឡើង ដែលធ្វើឲ្យយើងញ៉ាំកាន់តែច្រើន ព្រមទាំងប្រឈមទៅនឹងការឡើងទម្ងន់ថែមទៀតផង។
៥. របបអាហារត្រឹមត្រូវ
អាហារកែច្នៃ និងកាបូអ៊ីដ្រាតចម្រាញ់ មានហានិភ័យខ្ពស់នៃការឡើងជាតិខ្លាញ់។ ជាធម្មតា អាហារកែច្នៃមានផ្ទុកជាតិកាឡូរី អំបិល និងស្ករច្រើន។ រីឯកាបូអ៊ីដ្រាតចម្រាញ់ ក៏ជាក្រុមអាហារកែច្នៃកម្រិតខ្ពស់ផងដែរ ដែលពុំមានជាតិសរសៃ និងសារធាតុចិញ្ចឹមទាល់តែសោះ។ ពពួកអាហារកាបូអ៊ីដ្រាតចម្រាញ់មានដូចជានំប៉័ង ប៉ាស្តា បង្អែម ឬធញ្ញជាតិសម្រាប់អាហារពេលព្រឹកជាដើម។
៦. ញ៉ាំអាហារជាតិសរសៃ
អាហារដែលមានជាតិសរសៃ នឹងធ្វើចលនាយឺតៗតាមបំពង់អាហារ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។ ប្រសិនបើស្រីៗយើងចង់បានផ្ទៃមុខតូចច្រឡឹង និងស្រកខ្លាញ់ត្រង់បរិវេណថ្ពាល់ទៀតនោះ ការញ៉ាំអាហារប្រភេទនេះ គឺជាជម្រើសដ៏ល្អបំផុត។ អាហារដែលមានជាតិសរសៃ មាននៅក្នុងផ្លែឈើ បន្លែ ឬគ្រាប់ធញ្ញជាតិ។ល។
[embed-health-tool-vaccination-tool]