ក្រៅពីសក់ និងស្បែក ក្រចកក៏ជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ដូចគ្នាដែរ ព្រោះថាក្រចកក៏រួមចំណែកក្នុងការផ្ដល់សម្រស់ដល់រូបរាងរបស់យើងដូចគ្នា។ យើងអាចថែរក្សាក្រចកតាមវិធីសាមញ្ញៗបាន និងថែមទាំងសន្សំសំចៃទៀតផង។ ខាងក្រោមនេះជាគន្លឹះសម្រាប់គ្នាយើងចង់ទទួលបានក្រចកស្អាត និងមានសុខភាពល្អ។
១- បន្ថែម Biotin
ប្រសិនបើរបបអាហារមានសុខភាពល្អ និងមានជីវជាតិគ្រប់គ្រាន់នោះក្រចករបស់យើងនឹងមានភាពរឹងមាំដោយមិនចាំបាច់ប្រើអាហារបំប៉នផ្សេងទៀតឡើយ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានក្រចករឹងមាំនោះទេ អ្នកខ្លះកើតមកគឺមានក្រចកខ្សោយ។ ក្នុងករណីនេះ Biotin ដែលជាវីតាមីន B complex អាចជួយដល់គ្នាយើងដែលមានបញ្ហាបែបនេះបាន។ Biotin មាននាទីអាចធ្វើឲ្យក្រចកយើងរឹងមាំ និងលូតបានលឿនជាងមុន។
អត្ថបទគួរអាន៖
២- ប្រើថ្នាំលាបក្រចក
ទោះបីជាយើងមិនគួរប្រើផលិតផលថែរក្សាសម្ផស្សមានសារធាតុគីមីនៅលើក្រចករបស់យើងក៏ដោយ តែការលាបថ្នាំក្រចកមិនមានផលប៉ះពាល់អ្វីដល់សុខភាពក្រចកនោះទេ។ ប៉ុន្តែនៅពេលយើងចង់សម្អាតថ្នាំក្រចកចេញវិញ យើងត្រូវជ្រើសរើសថ្នាំជម្រះណាដែលមិនមានជាតិអាសេតូន (acetone) សម្រាប់យកមកលាងជម្រះក្រចករបស់យើង។
៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក
ជាធម្មតាស្បែកគល់ក្រចក (cuticles) ដែលស្ងួតងាយនឹងប្រេះបែក។ ដូច្នេះការផ្តល់សំណើមដល់ ស្បែកនៅគល់ក្រចក មិនត្រឹមតែអាចជួយឲ្យក្រចករបស់យើងមិនប្រេះបែកនោះទេ ប៉ុន្តែវាអាចធ្វើឲ្យក្រចកយើងមើលទៅស្រស់ស្អាតបានទៀតផង។
៤- កាត់ក្រចកឲ្យបានទៀងទាត់
កាត់ក្រចកដៃយើងឲ្យបានញឹកញាប់ដើម្បីការពារក្រចកពីការប្រេះ ឬរហែក។ យើងគួរតែកាត់ក្រចកតាមកម្រិតជាក់លាក់ដែលផ្អែកលើការរីកលូតលាស់នៃក្រចករបស់យើង។ ក្រោយកាត់ក្រចករួចយើងក៏អាចសម្អាតចុងក្រចករបស់យើងដោយរូសវាឲ្យរលោងបាន។
៥- ពាក់ស្រោមដៃ
ដើម្បីកែលំអក្នុងការថែរក្សាក្រចក យើងគួរតែពាក់ស្រោមដៃនៅពេលដែលយើងត្រូវការធ្វើអ្វីមួយដោយប្រើដៃច្រើន ឧទាហរណ៍ពេលថែសួន ឬលាងចាន។ នៅពេលដែលយើងមានការប៉ះពាល់ច្រើនជាមួយនឹងទឹកក្តៅឧណ្ឌៗ ទឹកសាប៊ូនៅពេលលាងចាននោះទោះបីជាក្រចកយើងរឹងមាំ ក៏អាចធ្វើឲ្យងាយនឹងខូចដែរ។ ការពាក់ស្រោមដៃគឺដើម្បីការពារក្រចករបស់យើង។ រឿងពិតមួយដែលគ្នាយើងគួរដឹងដែរ សំរាប់អ្នកដែលតែងតែត្រាំដៃក្នុងទឹកត្រជាក់ដូចជាហែលទឹក ក្រចករបស់អ្នកទាំងនោះគឺមានសភាពរឹងមាំ និងមានសុខភាពល្អទៅវិញ។
៦- បន្ថយការធ្វើក្រចក
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា គ្នាយើងណាដែលចូលចិត្តទៅធ្វើក្រចកនោះងាយនឹងមានក្រចកស្ងួត និងប្រេះ។ ដំបូងគឺដោយសារតែក្រចករបស់អ្នកទាំងនោះត្រូវប៉ះពាល់នឹងសារធាតុគីមីច្រើន។ ម្យ៉ាងទៀតការធ្វើក្រចកងាយនឹងមានការចំលងរោគទៅដល់បាតក្រចក ដែលធ្វើឲ្យក្រចកយើងឡើងហើម និងក្រហម។
អត្ថបទពាក់ព័ន្ធ៖
- ៣០វិនាទី តេស្តដឹង ថាតើរាងកាយមានបញ្ហា ឬសុខភាពល្អ
- ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច
- នេះវិធីថែក្រចកឲ្យស្អាត ហើយសុខភាពល្អ ស្រីៗភាគច្រើនអត់ដឹង
- មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]