ពិតមែនហើយ គ្នាយើងមិនថាប្រុស មិនថាស្រី ច្បាស់ជាខ្វាយខ្វល់ខ្លាំងណាស់ហើយ បើលើមុខសុទ្ធតែមុន មិនខ្មាស់គេ មិនអន់ចិត្ត ទើបចម្លែក។ គ្នាយើងភាគច្រើនធ្លាប់ដឹងហើយ ប្រភេទមុនជាច្រើន កើតអំឡុងពេលពេញវ័យ (គ្រប់ការ) ដោយសារបម្រែបម្រួលអ័រម៉ូន ខ្លះ មានដោយសារបញ្ហាស្បែក។ ប៉ុន្តែតិចថា “Hello គ្រូពេទ្យ” អត់ប្រាប់ កើតមុន ក៏អាចជាសញ្ញាបញ្ជាក់ថា សុខភាពកំពុងមានបញ្ហាដូចគ្នា។
១- បញ្ហាអ័រម៉ូន
ដូចប្រាប់អ៊ីចឹង ភាគច្រើន មុន កើតដោយសារបម្រែបម្រួលអ័រម៉ូន ប៉ុន្តែបើវាជាសញ្ញាអ័រម៉ូនមានបញ្ហាវិញ យើងត្រូវពិនិត្យមើលករណីខាងក្រោម៖
– មានគីសទឹកច្រើនកន្លែងលើក្រពេញអូវែ៖ កើតលើស្រីៗមានបញ្ហាអ័រម៉ូន អ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព ក្រពេញអូវែអាចមានដុំពកទឹក ឬដុំគីស ដែលគេហៅថា (ដុំគីសទឹកច្រើនកន្លែងលើក្រពេញអូវែ)។
– ផលប៉ះពាល់៖ ស្រីៗពិបាកយកកូន ហើយបើមិនព្យាបាលទេ អាចបង្កឲ្យមានជំងឺទឹកនោមផ្អែម បេះដូង រដូវមិនទៀង ឡើងទម្ងន់ ឡើងមុនពេញមុខ។ មុនទាំងនោះ ភាគច្រើនកើតលើថ្ពាល់ ទ្រូង ខ្នង ម្ដុំស្មាខាងលើ មុនពេលមករដូវម្ដងៗ អាចបញ្ជាក់ថា យើងកំពុងមានជំងឺគីសទឹកច្រើនកន្លែងលើក្រពេញអូវែ។
– ដំណោះស្រាយ៖ តាមដាន និងពិគ្រោះជាមួយពេទ្យ ឬពេទ្យសើស្បែក ដើម្បីរករោគសញ្ញាឲ្យបានត្រឹមត្រូវ និងទាន់ពេល ងាយស្រួលព្យាបាល។
២- បញ្ហាអ័រម៉ូនផ្សេងៗ
កើនចំនួនកោសិកាមិនប្រក្រតីពីកំណើត ក្នុងក្រពេញលើតម្រងនោម មានន័យថា រាងកាយយើងមិនមានអង់ស៊ីមមួយចំនួន សម្រាប់ផលិតអ័រម៉ូនជាក់លាក់មួយចំនួន។ យើងមានអ័រម៉ូនភេទតិចតួច ដូចជា អ័រម៉ូន តេសស្តូស្តេរ៉ូន។
៣- វិធីព្យាបាល
បើមានជំងឺគីសទឹកច្រើនកន្លែងលើក្រពេញអូវែ ការព្យាបាលដោយប្រើថ្នាំលាប រ៉េទីណូអ៊ីត អាចគ្មានប្រសិទ្ធភាព ប៉ុន្តែបើប្រើថ្នាំ អ័រម៉ូន ថ្នាំពន្យារកំណើត អាចមានប្រសិទ្ធភាពខ្លះ។
ប្រភេទថ្នាំទាំងនេះផ្ដល់អ័រម៉ូនភេទញី អឺស្ត្រូហ្សែន និងអ័រម៉ូន ប្រូសេស្តេរ៉ូន ហើយទម្រាំឃើញប្រសិទ្ធភាព អាចស៊ីពេលយូរដល់ទៅរាប់ខែ។
បើថ្នាំពន្យារកំណើតមិនមានប្រសិទ្ធភាព ពេទ្យនឹងណែនាំឲ្យប្រើថ្នាំ ស្ពីរ៉ូណូឡាតូន ជំនួសវិញ ពិសេសស្រីៗជក់បារី ព្រោះឥទ្ធិពលផ្សែងបារី អាចបន្ថយប្រសិទ្ធភាពថ្នាំពន្យារកំណើតបាន។
អំឡុងវ័យខ្ទង់ ១០ឆ្នាំ យើងអាចឡើងមុន ដោយសារបម្រែបម្រួលអ័រម៉ូន តែបើមានរដូវអត់ទៀង ឡើងទម្ងន់ខុសធម្មតា យើងអាចមានបញ្ហាអ័រម៉ូនហើយ។ អ៊ីចឹង ត្រូវពិនិត្យតាមដានជាមួយពេទ្យ។
[embed-health-tool-due-date]