គ្នាយើងណាខ្លះ ថាព្យាបាលមុនចាយអស់ច្រើន? មិនប្រាកដទេ អាស្រ័យលើការសម្រេចចិត្តរបស់យើងប៉ុណ្ណោះ ថាតើចង់បានមធ្យោបាយដោះស្រាយសម្អាតមុនយ៉ាងម៉េច។ បើខ្ជិលស្មុគស្មាញរឿងណាត់ជួបពេទ្យ ឬទៅកន្លែងកែសម្ផស្ស ព្យបាលនៅគ្លីនិកច្រើន សាកវិធីងាយៗនៅផ្ទះនេះមើល៎ ក្រែងបានផល។
១- ចំណិតប៉េងប៉ោះ
សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន A និងការូទែន (Carotenes)។ វីតាមីន A ជួយឲ្យស្បែកឆាប់ជា ដោយសារបញ្ហាមុន និងបញ្ហាស្បែកដទៃទៀត ធ្វើឲ្យសភាពស្បែកល្អប្រសើរជាងមុន។ គួរបិទវានៅពេលល្ងាច ហើយទុកប្រហែល ១០នាទី ចាំលាងចេញ។
២- ទឹកកក
ទឹកកកជួយបន្តឹងរន្ធរោមលើស្បែក។ ភាពត្រជាក់ចេញពីទឹកកក ជួយបន្ថយទំហំសរសៃឈាម បន្ថយការរលាកបាន។ ទោះមិនអាចព្យាបាលស្នាមមុនក៏ពិតមែន ប៉ុន្តែអាចជួយបន្ថយការឡើងក្រហម ហើមមុន និងធ្វើឲ្យសភាពស្នាមប្រសើរជាងមុន។ ស្អំប្រហែល ១០-១៥ នាទី ដោយប្រើប្លាស្ទិកទ្រាប់ ដើម្បីកុំឲ្យកោសិកាស្បែកខូច ហើយទឹកកកត្រូវស្អាត ចៀសវាងមានមេរោគ។
៣- ទឹកក្រូចឆ្មារ
មានជាតិជម្រះខ្លាំង អាចលាបទឹកក្រូចឆ្មារ កន្លែងមានមុន ទុកចោលប្រហែល ២-៣ នាទី ចាំលាងចេញ។ សារធាតុមានក្នុងទឹកក្រូចឆ្មារ ជួយឲ្យស្នាមរលុបពេលប្រើយូរ ហើយយើងអាចយកមកខាត់ស្បែកក៏បាន ព្រោះវាជួយជម្រះកោសិកាងាប់ ផលិតស្រទាប់ស្បែកថ្មី និងធ្វើឲ្យស្នាមរលុបជាងមុន ប៉ុន្តែត្រូវប្រើក្រូចឆ្មារស្រស់។
៤- ប្រេងអូលីវ
លាបប្រេងអូលីវលើស្បែកមានបញ្ហា ហើយម៉ាស្សាថ្នមៗ ជួយឲ្យស្បែកស្រូបយកសារធាតុប្រេងបានល្អ។ ដើម្បីឲ្យមានលទ្ធផលល្អ គួរកម្ដៅប្រេងអូលីវប្រហែល ១០វិនាទី ឲ្យក្តៅល្មមៗ រួចលាបលើស្បែកកើតមុន ហើយផ្អាប់ទុកចោលកុំឲ្យលើស ១០នាទី ហើយលាងសម្អាត។
៥- ប្រេងដើមតែ
ប្រេងដើមតែ ភាគច្រើនត្រូវគេចម្រាញ់ចេញពីស្លឹកតែ។ ប្រេងនេះ ជាយូរមកហើយ ត្រូវគេប្រើសម្រាប់ព្យាបាលសម្លាប់មេរោគ និងផ្សិត។ វាអាចសម្លាប់បាក់តេរីមុន Propionibacterium និងបាក់តេរីផ្សេងៗដែលបង្កឲ្យស្បែកមានបញ្ហា។ ប្រេងដើមតែនេះ ត្រូវគេចាត់ទុកថាជាការព្យាបាលទូទៅមួយ ក្នុងចំណោមវិធីសាស្ត្របំបាត់មុន និងស្នាមមុន។
អាចលាបប្រេងនេះផ្ទាល់លើស្បែកមានបញ្ហាមុន។ ប្រេងនេះប្រើបានសម្រាប់តែលាបលើស្បែកប៉ុណ្ណោះ ហាមលេបចូលពោះ ព្រោះអាចពុល។ យ៉ាងណា វាក៏អាចបង្កឲ្យមានប្រតិកម្មស្បែក ដូចជា រមាស់ រោល ចំពោះស្បែកគ្នាយើងមួយចំនួន រហូតដល់រលាកស្បែកក៏មាន។ អ៊ីចឹង មុនប្រើប្រេងនេះ សូមប្រឹក្សាជាមួយពេទ្យសើស្បែកជាមុន ឬសាកល្បងលាបបន្តិចត្រង់កន្លែងតូចណាមួយក៏បាន។
បញ្ហាមុខទាំងអស់ មិនមែនត្រូវព្យាបាលដោយថ្នាំគ្រប់ពេលទេ ប៉ុន្តែព្យាបាលខ្លួនឯងតាមបែបធម្មជាតិនៅផ្ទះ ក៏អាចមានលទ្ធផលដែរ។ ការព្យាបាលទាំងនេះ មានសភាពធម្មតា មានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ស្បែកគ្រប់ប្រភេទ អ៊ីចឹងគួរព្យាយាមធ្វើវាដើម្បីទទួលបានលទ្ធផលល្អ។
[embed-health-tool-due-date]