ជឿថាមានបងប្អូនស្ត្រីមួយចំនួនធ្លាប់ពាក់អាវក្នុងដដែលៗ ហើយអ្នកខ្លះក៏បារម្ភ និងអ្នកខ្លះទៀតក៏គិតថាវាគ្មានបញ្ហាអ្វីទេ ព្រោះអាវទ្រនាប់មិនប៉ះពាល់នឹងធូលី ឬមិនប្រឡាក់អ្វីឡើយ។ តែទោះជាបែបនេះនៅតែមានអ្នកចង់ដឹងថាការពាក់អាវក្នុងដដែលៗ ច្រើនថ្ងៃ មានផលប៉ះពាល់ឬក៏អត់? កញ្ញា លីន ប៉ុល្លីកា អ្នកលក់សម្លៀកបំពាក់ ស្បែកជើងក្នុងផ្សារធំថ្មី បានឲ្យដឹងថា ការពាក់អាវក្នុងដដែលៗមិនល្អទេ។
យុវតីវ័យ ២៣ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា អាវទ្រនាប់យើងពាក់រាល់ថ្ងៃពិតជាកខ្វក់ខ្លាំងណាស់ ព្រោះញើស និងខ្លាញ់ដែលចេញពីរាងកាយនឹងប្រមូលផ្ដុំនៅជាប់លើអាវទ្រនាប់ ។ ដូចនេះហើយនៅពេលយើងពាក់អាវក្នុងដដែល ស្បែកសុដន់នឹងក្រហាយ ឬរមាស់។
អ្នកលក់សម្លៀកបំពាក់រូបនេះបានបន្តទៀតថា រាល់ការបែកញើស ជាតិប្រេងដែលជាប់អាវទ្រនាប់បង្កើតបានជាបាក់តេរី បូករួមអាវក្នុងមានអេប៉ុងដែលអាចជក់ទឹកទៀតនោះ ធ្វើឲ្យស្បែកទៅជាកើតមុននៅតំបន់នោះទៀតផង។
“តាមអ្វីដែលខ្ញុំធ្លាប់ស្រាវជ្រាវតាមអ៊ីនធឺណិតគេបង្ហាញថា អាវទ្រនាប់ដែលយើងពាក់វារាល់ថ្ងៃមិនត្រឹមបង្កឲ្យដើមទ្រូងមានបញ្ហាក្រហាយ កើតមុន ឬស្បែកត្រង់នោះមិនស្អាតប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យដើមទ្រូងយើងយារផងដែរ ព្រោះអាវក្នុងពាក់រាល់ថ្ងៃវានឹងរីកទំហំ ហើយកាលណាអាវយារខុសទំហំ យើងនៅបន្តពាក់ ធ្វើឲ្យខូចទ្រង់ទ្រាយសុដន់ទៀតផង”។
តើអាវក្នុងពាក់បានប៉ុន្មានដង ទើបបោកទឹកម្ដង? ប៉ុល្លីកា បានបន្ថែមទៀតថា មនុស្សស្រីមានអាវក្នុងច្រើនប្រភេទ តម្រូវតាមម៉ូដសម្លៀកបំពាក់ខ្លះ ដូចនេះបើយើងពាក់អាវ ដើម្បីតែទៅណាមួយភ្លែត អាចពាក់បាន ៣ ដង ប៉ុន្តែប្រសិនបើយើងពាក់អាវក្នុងពេញមួយថ្ងៃ ហើយមានបែកញើសទៀតនោះ គួរតែពាក់ម្ដងរួចបោកគក់ទៅ។
មួយវិញទៀតការឧស្សាហ៍បោកគក់ ធ្វើឲ្យអាវទ្រនាប់ឆាប់យារ ប្ដូរពណ៌ និងខុសរូបរាងដើម ដូចនេះគួរតែពាក់អាវក្នុងឆ្លាស់គ្នា នោះទើបសុដន់មានសុវត្ថិភាព។ សម្រាប់អ្នកហាត់ប្រាណវិញ គឺត្រូវតែប្ដូរអាវក្នុងជារៀងរាល់ថ្ងៃ ព្រោះពេលធ្វើសកម្មភាព គឺតែងមានញើស ស្អិតជាប់។
អត្ថបទពាក់ព័ន្ធ៖ ចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]