មុខក្រហមចេញសរសៃរវាមពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន
ស្រីៗមួយចំនួនកើតជំងឺមុខក្រហម ចេញសរសៃតូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែលបញ្ហានេះគ្រូពេទ្យសើស្បែកអះអាងថា ពាក់ព័ន្ធនឹងការលាបម្សៅលាយ។ លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ ថា ការប្រើម្សៅលាយជាមួយម៉ៃដា ព្រួញបី ឬត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើឲ្យរមាស់ស្បែក ស្បែកកាត់ទៅជាស្តើង ស្ងួត យូរៗទៅ កាលណាត្រូវកម្តៅថ្ងៃឆាប់ក្រហម ចេញសរសៃពេញមុខ ឬជាំមុខ។ ក្រៅមូលហេតុខាងលើ លោកវេជ្ជបណ្ឌិតថា ជំងឺមុខក្រហម ក៏អាចបណ្តាលមកពីកត្តាតំណពូជ បរិស្ថាន ការញ៉ាំភេសជ្ជៈក្តៅ ឬហឹរ ត្រូវពន្លឺថ្ងៃខ្លាំងជាដើម។ “ប្រើម្សៅលាយផលប៉ះពាល់មិនមែនលេចចេញភ្លាមៗទេ ប្រើពេលយ៉ាងតិចពី ១-២ ខែ អ្នកខ្លះគាត់ប្រើដំបូងអ៊ីចឹងទៅ មុខសស្អាត ប៉ុន្តែមានសម្គាល់អត់បន្ទាប់ពីប្រើមួយរយៈ មុខយើងប្រែជាស្តើង ចេញសរសៃក្រហមៗ ប៉ុន្តែពេលយើងខាន ឬឈប់ប្រើវា ស្រាប់តែផ្ទៃមុខយើងឡើងរមាស់ ខ្មៅស្រអាប់ ឡើងមុន ប៉ុន្តែមុននោះមិនមានគ្រាប់ទេ គ្រាន់តែក្រហមកន្ទួលៗ”។ តាមការពន្យល់របស់វេជ្ជបណ្ឌិតឯកទេសជំងឺស្បែករូបនេះ មិនថាបុរស ឬស្ត្រីនោះទេ កាលណាកើតជំងឺមុខក្រហមហើយពិបាកព្យាបាលបន្តិច ការប្រើថ្នាំលេប ឬលាប មិនអាចព្យាបាលជាដាច់ទេ តម្រូវឲ្យព្យាបាលដោយម៉ាស៊ីនឡាស៊ែ។ ដូច្នេះយើងត្រូវថែទាំស្បែកមុខឲ្យបានល្អ ចៀសវាងការប្រើម្សៅលាយផ្តេសផ្តាស […]